អូស្ត្រាលី សម្រួលបញ្ចប់កិច្ចព្រមព្រៀងសន្តិសុខថ្មីជាមួយ ប៉ាពួញ៉ូហ្គីណេ

អូស្រា្តលី៖ មេដឹកនាំអូស្ត្រាលី និងប្រទេសជិតខាងប៉ាពួញ៉ូហ្គីណេ បាន ថ្លែងនៅថ្ងៃព្រហស្បតិ៍ទី ១២ ខែមករាថា ខ្លួនកំពុងកែសម្រួល បញ្ចប់ សន្ធិសញ្ញាសន្តិសុខថ្មីមួយ ដែលនឹងរួមបញ្ជូលទាំងការស្វែងរក ដំណោះ ស្រាយប្រឆាំងនឹងការគំរាមកំហែងអាកាសធាតុ។
មេដឹកនាំប្រទេសទាំងពីរមិនបានបញ្ចេញព័ត៌មានលម្អិតនៃសន្ធិសញ្ញាថ្មីដែលបានគ្រោងទុកនេះទេ ប៉ុន្តែថាការចរចាគ្រោងនឹងបញ្ចប់ នៅខែមេសា ហើយការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះនឹង ធ្វើឡើងនៅខែមិថុនា។

សេចក្ដីថ្លែងការណ៍របស់ភាគីទាំងពីរ ចេញផ្សាយនៅថ្ងៃ ព្រហស្បតិ៍ នេះ បានលើកឡើងថា ផលប្រយោជន៍ផ្នែកសន្តិសុខរបស់អូស្រ្តាលី និងប៉ាពួញ៉ូហ្គីណេ មានទំនាក់ទំនងគ្នា ហើយកិច្ចព្រមព្រៀងថ្មីនឹង ជួយការពារឯករាជ្យ អធិបតេយ្យភាព និងភាពធន់របស់ប្រទេសទាំង ពីរ។
ក្នុងនោះផងដែរ នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក អេនថូនី អាល់បានីស៊ី និង នាយករដ្ឋមន្ត្រីប៉ាពួញូហ្គីណេ លោក James Marape បាន ពណ៌នា កិច្ចព្រមព្រៀងដែលបានគ្រោងទុក ថាជាវឌ្ឍនភាពក្នុងភាព ជាដៃគូសន្តិសុខដែលមានស្រាប់ដោយឆ្លុះបញ្ចាំងពីប្រវត្តិសាស្រ្តរួម ភាពជិតខាងភូមិសាស្ត្រ និងទស្សនវិស័យយុទ្ធសាស្ត្ររួមក្នុង តំបន់របស់ប្រទេសទាំងពីរ។ មេដឹកនាំដដែល បាននិយាយជាមួយ គ្នាទៀតថា កិច្ចព្រមព្រៀងនឹងឆ្លុះបញ្ចាំងពីការវិវត្តនៃបញ្ហាប្រឈម ផ្នែកសន្តិសុខ រួមទាំងការប្រែប្រួលអាកាសធាតុ សន្តិសុខតាម អ៊ីនធឺណិត និងសេដ្ឋកិច្ច។
គួរគូសបញ្ជាក់ផងដែរថា នៅមុនជំនួបជាមួយ លោក Marape លោក អាល់បានីស៊ី បានថ្លែងសុន្ទកថាទៅកាន់ថ្លែងទៅកាន់ សភាប៉ាពួញូហ្គីណេ ហើយអំពាវនាវឱ្យប្រទេសទាំងពីរ ពង្រឹង ទំនាក់ទំនងលើផ្នែកសន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងកីឡា។ លោក អាល់បានីស៊ី បានគូសបញ្ជាក់នាពេលនោះថា៖ «នៅប៉ុន្មានឆ្នាំខាងមុខ អូស្ត្រាលី និងប៉ាពួញូហ្គីណេ មានឱកាស គោរពដល់ប្រវត្តិនៃការបម្រើរួមគ្នារបស់យើងក្នុងបុព្វហេតុសន្តិភាព ដោយពង្រឹងទំនាក់ទំនងផ្នែកការពារជាតិ និងកិច្ចសហប្រតិបត្តិការ សន្តិសុខជាតិរបស់យើង ហើយសម្រេចបាននូវការសន្និដ្ឋាន យ៉ាងឆាប់រហ័សចំពោះការចរចាលើសន្ធិសញ្ញាសន្តិសុខទ្វេភាគី»។
លោកបានបន្តថា អូស្ត្រាលី និងប៉ាពួញូហ្គីណេ គឺជាប្រទេសជិតខាង និងជាមិត្តដ៏ជិតស្និទ្ធបំផុត ហើយ សន្ធិសញ្ញាចុងក្រោយនេះ នឹង ដំណើរការដើម្បីដោះស្រាយតម្រូវការរបស់ប៉ាពួញូហ្គីណេ រួមទាំងការ ពង្រឹងប្រព័ន្ធយុត្តិធម៌ និងការដោះស្រាយបញ្ហាប្រឈមផ្នែកច្បាប់ និងសណ្តាប់ធ្នាប់។ បន្ថែមពីលើនោះ លោក អាល់បានីស៊ី បាន ទទួលស្គាល់ថា ការប្រែប្រួលអាកាសធាតុគឺជាផ្នែកមួយនៃបញ្ហា សន្តិសុខ។
ចំណែកឯលោក Marape វិញ បានថ្លែងមុនជំនួបជាមួយលោក អាល់បានីស៊ី ថា មេដឹកនាំទាំង២នឹងជួបគ្នាដើម្បីសម្រួល ទំនាក់ ទំនងរបស់ខ្លួន រួមទាំងការគាំទ្រវិស័យច្បាប់ និងយុត្តិធម៌ រួមទាំង ប៉ូលិស ការដោះដូរយោធា។
លោក Marape បន្តថា សុវត្ថិភាពអូស្ត្រាលី និងប៉ាពួញូហ្គីណេ មានទំនាក់ទំនងគ្នា ប៉ុន្តែថា អូស្ត្រាលី មិនត្រឹមតែដៃគូទ្វេភាគី ប៉ុណ្ណោះទេ តែក៏ជាអាណាព្យាបាលមួយ ព្រោះ ប៉ាពួញូហ្គីណេ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់អូស្រ្តាលីមុនពេលទទួលបានឯករាជ្យ។
ជាមួយគ្នានេះ លោក Marape បានលើកឡើងផងដែរថា៖ «គ្មាននរណាម្នាក់អាចនិយាយអំពីឥណ្ឌូប៉ាស៊ីហ្វិក ដោយមិន រាប់បញ្ជូល ប៉ាពួញូហ្គីណេ នោះទេ ព្រោះយើងស្ថិតនៅត្រង់បេះដូង និងចំណុចកណ្តាលនៃចំណុចប្រសព្វឥណ្ឌូប៉ាស៊ីហ្វិក»។

លោកបន្តថា៖ «ដើម្បីឱ្យប៉ាពួញូហ្គីណេ ចូលរួមក្នុងតំបន់ ឥណ្ឌូប៉ាស៊ីហ្វិកដែលមានសុវត្ថិភាពជាងមុន ប៉ាពួញូហ្គីណេ ខ្លួនឯងក៏ត្រូវរឹងមាំខាងសេដ្ឋកិច្ច»។

ទាក់ទងនឹងការលើកឡើងនេះ លោក អាល់បានីស៊ី បានថ្លែងថា លោកចង់បង្កើនទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំង២ ហើយធ្វើការជាមួយ ប៉ាពួញូហ្គីណេ លើគម្រោងកសាងប្រទេស រួមទាំងការធ្វើឱ្យប្រសើរឡើងនូវកំពង់ផែ ផ្លូវថ្នល់ និងហេដ្ឋារចនា សម្ព័ន្ធឌីជីថល។
ក្រោយជំនួបរវាងមេដឹកនាំទាំងពីរនៅថ្ងៃព្រហស្បតិ៍ដដែល លោក អាល់បានីស៊ី បានប្រាប់អ្នកសារព័ត៌មានថា ការពិភាក្សាលើសន្ធិសញ្ញា បានផ្តោតលើការបង្កើនកិច្ចសហប្រតិបត្តិការការពារជាតិ និងការ បណ្តុះបណ្តាលយោធារួមគ្នា ក៏ដូចជាប្រតិបត្តិការរួមគ្នា។
ចំណែកឯលោក Marape វិញបានថ្លែងថា កិច្ចពិភាក្សាក្នុងជំនួបសុទ្ធ តែទាក់ទងនឹងទំនាក់ទំនងជាមួយប្រទេសអូស្ត្រាលី។ លោកបន្ថែមថា មិនមានចិនឬប្រទេសណាមួយដែលត្រូវបានលើកឡើងយកមកពិភាក្សានោះទេ។
គួរគត់សម្គាល់ថា បច្ចុប្បន្ននេះ ភាពតានតឹងនៃទំនាក់ទំនងរវាង អូស្ត្រាលី និងចិន ហាក់បានធូរស្រាលបន្តិចម្តងៗ ចាប់តាំងពីរដ្ឋា ភិបាលលោក អាល់បានីស៊ី ឡើងកាន់អំណាចនៅឆ្នាំមុន។ កាលពីខែមុន រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី ផែននី វ៉ុង Penny បានជួបជាមួយសមភាគីចិន លោក វ៉ាង យី នៅទីក្រុងប៉េកាំង សម្រាប់ជុំថ្មីនៃកិច្ចចរចាចិន-អូស្ត្រាលី ដែលបានផ្អាកជាយូរមកលើ បញ្ហាកិច្ចការបរទេស និងយុទ្ធសាស្ត្រ។
ទោះយ៉ាងណាក៏ដោយ គេមើលឃើញថាកិច្ចព្រមព្រៀងជាមួយ ប៉ាពួញូហ្គីណេ ដែលបានគ្រោងទុកនេះ ត្រូវបានប្រកាសឡើងចំពេល ដែលចិនព្យាយាមបន្តបង្កើនឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់ប៉ាស៊ីហ្វិក រួមទាំងផ្នែកសន្តិសុខ ដែលជានិន្នាការមួយធ្វើឱ្យមានការព្រួយបារម្ភ នៅក្នុងរដ្ឋាភិបាលអូស្ត្រាលី។
កាលពីឆ្នាំមុន ចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខ មួយជាមួយកោះសូឡូម៉ុង ដែលបង្កឱ្យមានការព្រួយបារម្ភពីអូស្រ្តាលី ក៏ដូចជាសម្ព័ន្ធមិត្តលោកខាងលិចជាពិសេសសហរដ្ឋអាមេរិក ថាចិន អាចសាងសង់មូលដ្ឋានទ័ពនៅលើកោះ ហើយបង្កការគំរាម កំហែង ដល់សន្ដិសុខរបស់ខ្លួនកាន់តែខ្លាំង។ ដោយសារតែបញ្ហានេះ គេ ឃើញសហរដ្ឋអាមេរិកដែលធ្លាប់មិនសូវអើពើនឹងបណ្ដាកោះក្នុងតំបន់ ចាប់ផ្ដើមងាកមកពង្រឹងកិច្ចសហការឡើងវិញ៕
ដោយ៖ហួន ឌីណា
ប្រភព៖ Australia finalizing new security pact with Pacific neighbor

Australia and Papua New Guinea pledge new security pact saying interests are ‘intertwined’

ads banner