ព្រះរាជអាជ្ញាជប៉ុនបានចោទប្រកាន់ជនសង្ស័យជាឃាតករបាញ់សម្លាប់លោក អាបេ ប្រឈមនឹងទោសប្រហារជីវិត
តូក្យូ៖ តុលាការជប៉ុនបាននិយាយថា ជនសង្ស័យបាញ់សម្លាប់អតីតនាយករដ្ឋមន្ត្រី Shinzo Abe ត្រូវបានចោទប្រកាន់ នៅថ្ងៃសុក្រ ទី១៣ ខែមករា បន្ទាប់ពីការត្រួតពិនិត្យផ្នែកចិត្តសាស្រ្តដ៏យូរបានរកឃើញថា លោកសមនឹងទទួលបានការកាត់ក្តី ហើយថែមទាំងប្រឈមនឹងទោសប្រហារជីវិត។
ជនជាប់ចោទ តេសូយ៉ា យ៉ាម៉ាហ្គាមី (Tetsuya Yamagami) ត្រូវបានឃុំខ្លួនភ្លាមៗ បន្ទាប់ពីអតីតនាយករដ្ឋមន្ត្រីជប៉ុន អាបេ ត្រូវបានបាញ់សម្លាប់ កាលពីខែកក្កដាឆ្នាំមុន ខណៈពេលកំពុងថ្លែងសុន្ទរកថាយុទ្ធនាការនៅទីក្រុងណារ៉ាភាគខាងលិច។
បុរសអាយុ៤២ ឆ្នាំរូបនេះបានចំណាយពេលជាច្រើនខែដើម្បីឆ្លងកាត់ការវាយតម្លៃផ្នែកវិកលចរិកដែលបានបញ្ចប់កាលពីដើមសប្តាហ៍នេះ ជាមួយនឹងការផ្ទេររបស់គាត់ទៅកាន់ស្ថានីយ៍ប៉ូលីស។
លោក Yamagami ប្រឈមមុខនឹងការចោទប្រកាន់ពីបទមនុស្សឃាត និងការបំពានច្បាប់គ្រប់គ្រងអាវុធ នេះបើតាមអ្នកនាំពាក្យតុលាការស្រុក Nara លោក កេនីឈីរ៉ូ ណូមូរ៉ា (Kenichiro Nomura)។ ដោយបន្ថែមថា លោកអាចប្រឈមមុខនឹងការកាត់ទោសប្រហារជីវិត៕



ប្រភពពី CNA ប្រែសម្រួលដោយ៖ សារ៉ាត