កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី បានអនុម័តសេចក្ដីព្រាងច្បាប់ចំនួនពីរ និងសេចក្ដីព្រាងគោលនយោបាយចំនួនពីរ

ភ្នំពេញ៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៣មករា ឆ្នាំ២០២៣ បានអនុម័ត សេចក្ដីព្រាងច្បាប់ចំនួនពីរ និងសេចក្ដីព្រាងគោលនយោបាយចំនួនពីរ ។

សេចក្ដីព្រាងច្បាប់ ដែលត្រូវបានគណៈរដ្ឋមន្ត្រីអនុម័ត រួមមាន៖ ១- សេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ, ២- សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងទឹកស្អាត ។ ចំណែក សេចក្ដីព្រាង គោលនយោបាយ ដែលគណៈរដ្ឋមន្ត្រីបានអនុម័ត រួមមាន៖ ១- សេចក្តីព្រាងគោលនយោបាយ គ្រប់គ្រងនិងប្រើប្រាស់ដីធ្លី ដើម្បីអភិវឌ្ឍ ខេត្តព្រះសីហនុ ទៅជា តំបន់សេដ្ឋកិច្ចពិសេសគំរូ ពហុបំណង ឆ្នាំ២០២២-២០៣៨ និង២- សេចក្តីព្រាង គោលនយោបាយជាតិ ស្តីពីស្វាយចន្ទី ឆ្នាំ ២០២២-២០២៧ ។

សេចក្តីព្រាងច្បាប់ស្តីពី “ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ (ថ្មី)”ត្រូវបានរៀបចំក្នុងគោលបំណងដើម្បីកសាងក្របខណ្ឌគតិយុត្តគោល និងចាំបាច់សម្រាប់ការអនុវត្តប្រព័ន្ធថវិកាព័ត៌មានសមិទ្ធកម្ម ឬហៅកាត់ ថា “ថវិកាសមិទ្ធកម្ម” ដែលជា ម៉ូដែល សមស្របសម្រាប់កម្ពុជា ស្របតាមយុទ្ធសាស្រ្តនៃការកែទម្រង់ប្រព័ន្ធ ថវិកាឆ្នាំ២០១៨-២០២៥ ដែលជាស្នូលនៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

សេចក្តីព្រាងច្បាប់ស្តីពី “ការគ្រប់គ្រងទឹកស្អាត” បានបរិយាយថា វិស័យផ្គត់ផ្គង់ទឹកស្អាត ទាមទារនូវការពង្រឹងការគ្រប់គ្រងប្រកប ដោយប្រសិទ្ធភាពខ្ពស់ ធានាដល់ការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាត ដែលត្រូវអនុលោមទៅតាមលក្ខខណ្ឌគោលបួនយ៉ាង គឺទឹកស្អាតត្រូវមានគុណភាព សុវត្ថិភាព និរន្តរភាពនិងថ្លៃសមរម្យ ដើម្បីបំពេញតម្រូវការប្រើប្រាស់ក្នុងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ការលើកកម្ពស់ សុខុមាលភាពសាធារណៈ និងការឆ្លើយតប ទៅនឹងតម្រូវការខាងផ្នែកផលិតកម្ម អាជីវកម្ម សេវាកម្មលើគ្រប់វិស័យ ក្នុងសង្គមជាតិទាំងមូល។ លើសពីនេះ ការអភិវឌ្ឍ និងគ្រប់គ្រងសេវាផ្គត់ផ្គង់ទឹកស្អាត ក៏ជាកត្តាគន្លឹះមួយ ក្នុងការបង្កើនជំនឿទុកចិត្ត និងទាក់ទាញការវិនយោគពីវិស័យឯកជនជាតិ និងអន្តរជាតិសម្រាប់ការបង្កើតមូលដ្ឋានផលិតកម្ម អាជីវកម្មនៅកម្ពុជា។

ចំណែកសេចក្តីព្រាង “គោលនយោបាយគ្រប់គ្រង និងប្រើប្រាស់ដីធ្លី ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ឆ្នាំ២០២២-២០៣៨” មានគោលបំណង ផ្ដល់ក្របខ័ណ្ឌ និងតម្រង់ទិស ការគ្រប់គ្រង ការប្រើប្រាស់ដីធ្លី ការបែងចែកដីធ្លី ការអភិវឌ្ឍដែនដី និងនគរូបយកម្ម ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេស គំរូពហុបំណង ប្រកដោយចីរភាព ជវភាព សុខភាព និងសុភមង្គល ព្រមទាំងមានភាពទាក់ទាញនិងឧត្តមភាពវានុវត្តន៍ខ្ពស់ សំដៅរួមចំណែក ប្រែក្លាយកម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០២៣ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។

ដោយឡែកសេចក្តីព្រាង “គោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧” មានចក្ខុវិស័យ អភិវឌ្ឍន៍ផលិតកម្ម កែច្នៃ និងទីផ្សារស្វាយចន្ទីឱ្យ មានលក្ខណៈប្រកួតប្រជែងប្រកបដោយបរិយាបន្ន ធានានូវនិរន្តរភាព និងការធ្វើពិពិធកម្មសេដ្ឋកិច្ច។
• គោលនយោបាយជាតិស្តីពីស្វាយចន្ទី មានគោលបំណងប្រែក្លាយកម្ពុជា ឱ្យទៅជាប្រទេសផលិត និងផ្គត់ផ្គង់ ផលិតផល សា្វយចន្ទីដ៏សំខាន់មួយ សម្រាប់បម្រើទីផ្សារក្នុងស្រុក តំបន់ និងពិភពលោក។ ដើម្បីសម្រេចបាន ចក្ខុវិស័យ និងគោលបំណងខាងលើ គោលនយោបាយជាតិស្តីពីស្វាយចន្ទី បានដាក់ចេញនូវ គោលដៅចម្បង ចំនួន ៣ គឺ៖

  • លើកកម្ពស់ទិន្នផលនៃការផលិត និងផលិតកម្ម ប្រកបដោយគុណភាពប្រកួតប្រជែង
  • ជំរុញការធ្វើឧស្សាហូបនីយកម្ម ដើម្បីបង្កើនតម្លៃបន្ថែមលើការប្រមូលផលនិងការកែច្នៃអនុផលស្វាយចន្ទី ឱ្យសម្រេចបាន ២៥% នៅឆ្នាំ២០២៧ និងយ៉ាងតិច៥០% នៅឆ្នាំ២០៣២៖
  • ជំរុញការនាំចេញ តាមរយៈការធ្វើពិពិធកម្មទីផ្សារ ការផ្សារភ្ជាប់អន្តរវិស័យ ក្នុងការនាំចេញ កិច្ចសម្រួលពាណិជ្ជកម្ម ការកាត់បន្ថយថ្លៃដើម និងការលើកកម្ពស់ឧត្តមភាពលើទីផ្សារ ៕ ដោយ វណ្ណលុក
ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner