ឃាត់ខ្លួនជនសង្ស័យ ៧នាក់ក្លែងជាសង្ឃ និងអ្នកបើកបររថយន្តម្នាក់
ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ បានឃាត់ខ្លួនសង្ឃក្លែងក្លាយចំនួន ៧នាក់ និងអ្នកបើកបររថយន្តម្នាក់ ក្រោយពីនាំគ្នាគ្រងស្បង់ចីវរដើរបិណ្ឌបាត ក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ នៅតាមផ្លូវតាកន ក្នុងភូមិព្រៃទា២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ក្នុងប្រតិបត្តិការខាងលើ សមត្ថកិច្ចដកហូតបានរថយន្តមួយគ្រឿងម៉ាកឡិចសុីស ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ 2J-9003 , ស្បង់ចីវរ បាតលោក ឆត្រ ចំនួន ៧ឈុត និងសម្ភារមួយចំនួនទៀត ។

តាមសមត្ថកិច្ចបានឱ្យដឹងថា បន្ទាប់ពីប្រទះឃើញជនសង្ស័យមួយក្រុម ធ្វើដំណើរតាមរថយន្តមួយគ្រឿងខាងលើ ហើយគ្រាដែលកំពុងនៅក្នុងរថយន្តបើកបណ្តើរ នាំគ្នាផ្លាស់ប្តូរខោអាវ ស្បង់ចីវរបណ្តើរ ខ្លះស្លៀកខោក្នុង តែមានគ្រងចីវរ ទើបកម្លាំងសមត្ថកិច្ចមានការសង្ស័យក៏ដេញតាមឃាត់ ពិនិត្យជាក់ស្តែង សាកសួរទើបបែកធ្លាយជាសង្ឃក្លែងក្លាយ បន្លំដើរបិណ្ឌបាតរកលុយកាក់ សម្ភារដើម្បីប្រយោជន៍របស់ខ្លួន ។

បន្ទាប់ពីឃាត់ខ្លួនបានជនសង្ស័យបន្លំធ្វើជាព្រះសង្ឃ បំភ័ន្តភ្នែកពុទ្ធបរិស័ទ ដើររៃអង្គាសសុំបច្ច័យតាមផ្ទះពលរដ្ឋ តាមផ្សារ តាមផ្លូវសាធារណៈ រួចមក ជនទាំងនោះត្រូវបាននាំទៅសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ និងសហការជាមួយមន្ទីរធម្មការ និងសាសនាដើម្បីអនុវត្តបន្តតាមនីតិវិធី ។

ជនសង្ស័យទាំង ៨នាក់បានសារភាពនៅចំពោះមុខសមត្ថកិច្ចថា ពួកគាត់ទិញស្បង់ចីវរ បាត កោរសក់ បន្លំធ្វើជាព្រះសង្ឃដើម្បីដើររកលុយកាក់ ៕ ដោយ៖ ជីម ភារ៉ា