ស្នងការនគរបាលខេត្តតាកែវ និងស្នងការនគរបាលខេត្តអានយ៉ាងចង់បានកិច្ចសហការកាន់តែស្អិតរមួតថែមទៀតដើម្បីភាពសុខសាន្តរបស់ពលរដ្ឋនិងសម្រួលដល់ការរកស៊ីចេញចូលរបស់ប្រទេសទាំងពីរ
តាកែវ៖ ស្នងការនគរបាលខេត្តតាកែវប្រទេសកម្ពុជា និងស្នងការនគរបាលខេត្តអានយ៉ាងប្រទេសវៀតណាម បន្តកិច្ចសហប្រតិ្តការល្អថែមទៀត ដើម្បីភាពសុខសាន្តរបស់ប្រជាពលរដ្ឋ លើការងារបង្ការ និងបង្ក្រាបគ្រប់រាល់បទល្មើស ដែលកើតមាននៅតាមបន្ទាត់ព្រំដែន ជាពិសេសនិងខិតខំរក្សាការពារនូវបង្គោលព្រំដែន ដែលប្រទេសទាំងពីរបានសម្រេចបោះបង្គោលរួចមកហើយ ។

ថ្លែងក្នុងកិច្ចសំណេះសំណាល និងជូនពរនាឱកាសបុណ្យចូលឆ្នាំថ្មីប្រជាជនវៀតណាម នាពេលខាងមុខនេះ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ បានលើកឡើងពីរចំណុចគោលជាច្រើន បង្កើនកិច្ចសហប្រតិបត្តិការណ៍ល្អៗជាមួយគ្នាថែមទៀត រវាងស្នងការនគរបាលខេត្តអានយ៉ាងដែលមានលោកវរសេនីយ៍ឯក ឡាំ ភឿកង្វៀន ស្នងការនគរបាលខេតអានយ៉ាង ដោយផ្តោតសំខាន់គឺចង់ឱ្យប្រជាជនរបស់ប្រទេសទាំងពីរ មានភាពសុខសាន្ត និងមានជិវភាពធូរធារ លើការងាររកស៊ីផ្សេងៗរបស់ពួកគាត់ នៅតាមតំបន់ជាប់ព្រំដែន ។

ជាកិច្ចឆ្លើយតបលោកវរសនីយ៍ឯក ឡាំ ភឿកង្វៀន ស្នងការនគរបាលខេត្តអានយ៉ាងបានមានប្រសាសន៍ថា ពេញមួយឆ្នាំមកនេះ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរទទួលបានលទ្ធផលយ៉ាងល្អប្រសើរ ពិសេសបញ្ហាសន្តិសុខ និងសកម្មភាពរកស៊ីរបស់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។ មួយវិញទៀតភាពវិជ្ជមានជាចម្បង លើការងារការពារសន្តិសុខសណ្តាប់ធ្នាប់តាមខ្សែបណ្តោយបន្ទាត់ព្រំដែន ដោយបង្ការទប់ស្កាត់បាននូវបទល្មើសជាច្រើន ដោយសមត្ថកិច្ចនៃប្រទេសទាំង២ ។

ក្រោយជំនួបនៃការប្រជុំ រវាងស្នងការនគរខេត្តតាកែវ និងស្នងការនគរបាលខេត្តអានយ៉ាង រួចក៏មានការជូនកាដូរជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រជាជនវៀតណាមផងដែរ ៕ តាកែវ

