កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និង ផែនការឆ្នាំ២០២៣ របស់គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត

សៀមរាប៖ នារសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣នេះ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលសកម្មភាពការងារឆ្នាំ២០២២ និងលើកផែនការឆ្នាំ២០២៣ ក្រោមការដឹកនាំកិច្ចប្រជុំរបស់ ឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និង ឯកឧត្តមអ្នកឧកញ៉ាបណ្ឌិត សៀង ណាំ ប្រធានកិត្តិយសាខា ។

កិច្ចប្រជុំនេះ បានផ្ដោតសំខាន់លើរបៀបវរៈមួយចំនួន ក្នុងការឆ្លង និង អនុម័តរបាយការណ៍សរុបលទ្ធផលសកម្មភាពសាខាឆ្នាំ២០២២ និងទិសដៅឆ្នាំ២០២៣ និង ការអនុម័តរបាយការណ៍ថវិកាឆ្នាំ២០២២ និងផែនការថវិកាឆ្នាំ២០២៣ ព្រមទាំងត្រៀមប្រារព្ធខួបលើកទី១៦០ ទិវាកាកបាទក្រហម អឌ្ឍចន្ទក្រហម នៅខេត្តសៀមរាប ។

ឯកឧត្តមអ្នកឧកញ៉ាបណ្ឌិត សៀង ណាំ បានវាយតម្លៃខ្ពស់ ទៅលើលទ្ធផលសកម្មភាពការងារប្រចាំឆ្នាំ២០២២ និង ការដាក់ទិសដៅអនុវត្តបន្តឆ្នាំ២០២៣ របស់គណៈកម្មាធិការសាខា ព្រមទាំងបានផ្តល់អនុសាសន៍ល្អៗមួយចំនួន ដើមី្បក្នុងការគៀងគរមូលនិធិពីសប្បុរសជន ក្នុងការទ្រទ្រង់ចលនា មនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា។

ក្រោយពីអនុម័ត និងពិភាក្សាទៅតាមរបៀបវរៈដែលបានគ្រោងទុករួចមក ឯកឧត្តម ទៀ សីហា បានថ្លែងថា ក្នុងតួនាទីជាជំនួយការឲ្យអាជ្ញាធរសាធារណៈ ជាស្ថាប័ននាំមុខគេក្នុងវិស័យមនុស្សធម៌ ត្រូវបន្តខិតខំពង្រឹក ពង្រីកសម្មភាពនៃចលនាកាកបាទក្រហម សំដៅជួយសង្គ្រោះជនរងគ្រោះ និង ងាយរងគ្រោះបំផុត ។ ឯកឧត្តម បានលើកឡើងផងដែរ ពីផែនការសកម្មភាព និងផែនការថវិកា ត្រូវគិតគូរឲ្យបានហ្មត់ចត់ ដោយផ្អែកលើការអនុវត្តតាមបណ្ដាឆ្នាំកន្លងមក និងត្រូវគិតពីស្ថានភាព ក៏ដូចជាភូមិសាស្ត្រខេត្តផងដែរ។ ម៉្យាងទៀត រាល់ថវិកាដែលទទួលបានពីសប្បុរជននានា ក៏ត្រូវយកទៅធ្វើឲ្យចំគោលដៅនៃចលនាមនុស្សធម៌ និងទាន់ពេលវេលា ដើមី្បឲ្យម្ចាស់សប្បុរសជន មានទឹកចិត្តចូលរួមក្នុងការឧបត្ថម្ភ ដល់ចលនាកាកបាទក្រហមកម្ពុជា នៅខេត្តសៀមរាប ។

ឯកឧត្តម បានជម្រុញដល់សាខា ក៏ដូចអនុសាខា ក្រុង ស្រុក ធ្វើសកម្មភាពផ្សព្វផ្សាយបន្តដល់មូលដ្ឋាន ដើម្បីជម្រុញប្រជាពលរដ្ឋឲ្យទៅចាក់វ៉ាក់សាំងនូវដូស បន្តបន្ទាប់ ព្រមទាំងបន្ត អនុវត្តនូវវិធានការរបស់រាជរដ្ឋាភិបាល ៣កុំ ៣ការពារ ឲ្យបានជាប្រចាំ ទោះបីបងប្អូនចាក់វ៉ាក់សាំងគ្រប់ដូសហើយក្តី និង បន្តផ្សព្វផ្សាយពីច្បាប់ចរាចរណ៍ជើងគោក នៅគ្រប់គ្រឹះស្ថានសិក្សា តាមរយៈយុវជនកាកបាទក្រហមកម្ពុជា ក៏ដូចជានៅតាម មូលដ្ឋានផងដែរ ។

សូមបញ្ជាក់ថា កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានលើកផែនការ គឺបានយកយុទ្ធសាស្ត្រ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា ជាគោលដោយផ្ដោតលើវិស័យអាទិភាពចំនួន៤គឺ ទី១. វិស័យអាទិភាពការគ្រប់គ្រងគ្រោះមហន្តរាយ វិបត្តិភ័យ និងការប្រែប្រួលអាកាសធាតុ ,ទី២. វិស័យអាទិភាពសុខភាព និងការថែទាំសុខភាពក្នុងសហគមន៍ ,ទី៣. វិស័យអាទិភាពលើកកម្ពស់គោលការណ៍គ្រឹះ និង តម្លៃមនុស្សធម៌ និងទី៤. វិស័យអាទិភាពអភិវឌ្ឍស្ថាប័ន និងធនធាន៕ ដោយ ស៊ាន សុផាត

ads banner