ក្រសួងសង្គមកិច្ច បញ្ជាក់ថា ថវិកា រដ្ឋដែលអតីតមន្រ្តីកិប កេងជិត ៤០ម៉ឺនដុល្លារ មិនពាក់ព័ន្ធកម្មវិធីជំនួយសង្គមឡើយ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បញ្ជាក់ជូនសាធារណជនថា ថវិការដ្ឋដែលបុគ្គល ឡាយ សំណាង អតីតមន្រ្តីសង្គមកិច្ចផ្នែកហិរញ្ញវត្ថុ បានកិបកេងជិត ៤០ម៉ឺនដុល្លារនោះ គឺមិនពាក់ព័ន្ធជាមួយនឹងកម្មវិធីជំនួយ សង្គមជាសាច់ប្រាក់ដែលរដ្ឋកំពុងផ្តល់ជូនដល់ជនក្រីក្រនោះទេ។

សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ចុះថ្ងៃទី១៣ ខែមករា បានឱ្យដឹងថា ពាក់ព័ន្ធបុគ្គល ឡាយ សំណាង អតីតជា អនុប្រធាននាយកដ្ឋានហិរញ្ញវត្ថុ និងផ្គត់ផ្គង់ នៃក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលត្រូវបាន ឃាត់ខ្លួនដោយអង្គភាពប្រឆាំងអំពើពុករលួយ កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ គឺបានកិបកេងយកថវិការដ្ឋឆ្នាំ២០១៩ និងឆ្នាំ២០២០ ដោយយកទៅប្រើប្រាស់ជាប្រយោជន៍ ផ្ទាល់ខ្លួន។

សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា៖« ថវិការដ្ឋដែល បុគ្គល ឡាយ សំណាង បានកិបកេងយកនេះ មិនមានជាប់ពាក់ព័ន្ធ នឹងកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ ដែលរាជរដ្ឋាភិបាលបាន កំពុងឧបត្ថម្ភផ្ដល់ជូនប្រជាពលរដ្ឋក្រីក្រដូចជា កម្មវិធីឧបត្ថម្ភ សាច់ ប្រាក់ ជូនស្ត្រីមាន ផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រនិងងាយរងគ្រោះអំឡុងកូវីដ១៩ កម្មវិធីជំនួយសង្គមជាសាច់ប្រាក់អំឡុងពេលបិទ ខ្ទប់ក្នុងព្រឹត្តិការណ៍២០កុម្ភៈ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូន គ្រួសារ ងាយរងហានិភ័យក្នុងអំឡុងពេលមានសម្ពាធ អតិផរណា និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារ រងហានិភ័យដែលរងផលប៉ះពាល់ទឹកជំនន់ នោះឡើយ» ។

ប្រភពដដែលបានឱ្យដឹងទៀតថា មុនឈានដល់ការឃាត់ ខ្លួននេះក្រសួងសង្គមកិច្ចបានរៀបចំក្រុមការងារដើម្បីត្រួតពិនិត្យលើភាពមិនប្រក្រតីនេះ និងតម្រូវឱ្យបុគ្គល ឡាយ សំណាង សងប្រាក់មកក្រសួងវិញ ប៉ុន្តែបុគ្គលរូបនេះ ព្យាយាមគេចវេស និងពន្យាពេលដោះស្រាយដោយមិនទទួលខុសត្រូវក្នុងការយកថវិការដ្ឋទាំងអស់នោះមកសងវិញនោះឡើយ។

ពាក់ព័ន្ធករណីនេះ ក្រសួងសង្គមកិច្ច បានចាត់វិធានការ ខាងវិន័យរដ្ឋបាល និងបានស្នើឱ្យមេធាវីប្រចាំ ក្រសួងរៀបចំ កសាងពាក្យបណ្តឹងដាក់ទៅអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។ លោក ឡាយ សំណាង ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ធ្វើការឃាត់ខ្លួនកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ ២០២៣ ពាក់ព័ន្ធ កិបកេងថវិការដ្ឋចំនួន ៣៨ម៉ឺនដុល្លារ និងបានបញ្ជូនទៅកាន់ សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃបន្ទាប់ ដើម្បីបន្តនីតីវិធីតាម ផ្លូវច្បាប់។

ពាក់ព័ន្ធសំណុំរឿងនេះ អ្នកនាំពាក្យអយ្យការអមសាលា ដំបូង រាជ ធានីភ្នំពេញប្រាប់ លោក ប្លង់ សុផល បានឱ្យដឹងថា តំណាង អយ្យការ បានបើកការស៊ើបសួរពីបទ ការកេងយក ផលប្រយោជន៍ដោយខុសច្បាប់ និងបទសម្អាតប្រាក់ ដោយ យោងមាត្រា ៥៩៧ និងមាត្រា ៥៩៨ នៃក្រមព្រហ្មទណ្ឌ មាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងមាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទាន ភេរវកម្ម៕
ដោយ៖ឡាយ សាមាន

ads banner