ហេតុអ្វីជនជាតិចិនមានពិធីសែនដកជើងធូប?

ភ្នំពេញ៖ ពិធីសែន ដក ជើងធូប ឬ ជនជាតិចិន ហៅថា ពិធីជូនទេវតាឡើងឋានសួគ៌ គឺជាពិធីដែលជនជាតិចិនតែងធ្វើឡើងនៅមុនថ្ងៃបុណ្យចូលឆ្នាំថ្មីឈានចូលមកដល់ ។

សម្រាប់ក្នុងឆ្នាំនេះ ថ្ងៃសែនដកជើងធូបនឹងត្រូវធ្វើឡើងនៅថ្ងៃទី១៥ ខែ មករា ឆ្នាំ២០២៣។ យោងតាមឯកសារស្រាវជ្រាវបានបញ្ជាក់ថា ពិធីសែនដកជើងធូបនេះ ត្រូវបានធ្វើឡើងចន្លោះពី៥ថ្ងៃ និង៧ថ្ងៃ មុនថ្ងៃចូលឆ្នាំថ្មីប្រពៃណីចិនឈានមកដល់រៀងរាល់ឆ្នាំ។

បើតាមជំនឿហើយនៅថ្ងៃនេះគេនឹងធ្វើការ ដក ជើងធូប គ្រប់កន្លែងដើម្បីដូរកំប៉ុង ជើងពាន ឬផើង ហើយផ្លាស់ខ្សាច់ឬអង្ករ ក្នុងកំប៉ុងជើងធូបឬជើងពានចេញ រួចប្ងូរថ្មី ដើម្បីទទួលសិរីសួរស្តីឆ្នាំថ្មីនឹងឈានមកដល់។ក្នុងក្បួនដកជើងធូបនេះទៀតសោតគេមានត្រណមមួយគឺនៅពេលដែលដកហើយបើជាជំនាងផ្ទះ ឬ ហៅ ទី ជុយអៀ ត្រូវតែ ទុកធូបចាស់ចំនួន៥សរសៃ ប៉ុន្តែបើជាកុងម៉ាវិញទុកបន្សល់ជើងធូបចាស់អោយបាន៣សរសៃ។

បើតាម អ្នកស្រី លី សុខ អេង រស់នៅរាជធានីភ្នំពេញ ដែលជាប់សែស្រឡាយកូនចៅចិនបានរៀបរាប់ថាក្នុងថ្ងៃសែនជើងធូបនេះគេនឹងធ្វើការសម្អាតទីកន្លែងជំនាងផ្ទះ កុងម៉ាអោយស្អាតបាតព្រោះថាថ្ងៃនេះមិនមានការប្រកែប្រកាន់ពីសំណាក់អ្នកថែរក្សាផ្ទះសម្បែងឬជីដូនជីតាដែលបានចែកឋានទៅនោះឡើយ។ប្រពៃណីសែនដកជើងធូបនេះដែរនឹងធ្វើឡើងក្នុងមួយឆ្នាំម្តង ហើយគេមិនហ៊ានរុះរើតាមនឹកឃើញនោះឡើយ។

អ្នកស្រីបន្តឱ្យដឹងថា៖”សែនដកជើងធូបជាថ្ងៃសំខាន់មួយដែរមុនថ្ងៃចូលឆ្នាំចិនឈានមកដល់។ ការសែនគេធ្វើឡើងតែពេលព្រឹកមិនឱ្យហួសម៉ោង១២ថ្ងៃត្រង់ឡើយ”។

គួរបញ្ជាក់ថាតាមជំនឿជាប្រពៃណីចិន ការសែនដកជើងធូប គឺជាពិធីអរគុណ និងជូនដំណើរកុងម៉ា (ដូនតា) និងទេវតាឆ្នាំចាស់ដែលបានថែរក្សា ការពារឱ្យចម្រុងចម្រើនពួកគេអស់រយៈកាលមួយឆ្នាំកន្លងមកឱ្យត្រឡប់ទៅឋានសួគ៌វិញ ។ បន្ទាប់ពីកុងម៉ា និងទេវតាដែលជាម្ចាស់កំប៉ុងជើងធូបទាំងនោះត្រឡប់ទៅវិញ បានសេចក្តីថា កំប៉ុងជើងធូបនេះនៅទំនេរពុំមានម្ចាស់ឡើយ រហូតកុងម៉ា និងទេវតាឆ្នាំថ្មីចូលមកជំនួស ។ ក្នុងពេលពុំមានម្ចាស់នេះឯង ជាពេលដែលម្ចាស់ផ្ទះដកជើងធូបចេញពីកំប៉ុង និងយកកំប៉ុងជើងធូបទៅលាងសម្អាតសម្រាប់រៀបចំទទួលទេវតាឆ្នាំថ្មី ។

ចំពោះការបម្លាស់ទីរបស់កំប៉ុង ឬជើងពានជើងធូប គឺយើងត្រូវកាន់ ហើយលើកឡើងឱ្យផុតពីទីដែលបានតម្កល់ ប៉ុន្តែកុំអូសកំប៉ុង ឬជើងពាននោះឱ្យសោះ ទើបជាការលើករាសីដល់ម្ចាស់ផ្ទះ ហើយកុងម៉ា ឬទេវតាក៏នឹងមិនខឹងសម្បាផងដែរ ៕ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner