វៀតណាមដាក់គោលដៅស្រូបទាញចំណូល ៥៤ពាន់លានដុល្លារពីការនាំចេញកសិកម្មក្នុងឆ្នាំ ២០២៣នេះ

ហាណូយ ៖ ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម បានបញ្ជាក់នៅថ្ងៃសុក្រសប្តាហ៍នេះថា វិស័យកសិកម្មរបស់ប្រទេសវៀតណាមបានកំណត់គោលដៅឈានដល់កំណើន ៣ភាគរយ ហើយការនាំចេញឈានដល់ទឹកប្រាក់ ៥៤ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២៣នេះ។

ដើម្បីសម្រេចបាននូវគោលដៅខាងលើនេះ វៀតណាមនឹងពន្លឿនការរៀបចំរចនាសម្ព័ន្ធឡើងវិញ នៃវិស័យកសិកម្មរបស់ខ្លួន, គ្រប់គ្រង ឬកាត់បន្ថយផលប៉ះពាល់ពីជំងឺរាតត្បាត និងការប្រែប្រួលនៃទីផ្សារពិភពលោក ដើម្បីជំរុញការនាំចេញ ក៏ដូចជាស្រូបទាញយកផលប្រយោជន៍ ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។

ថ្លែងនៅក្នុងសន្និសីទដែលរៀបចំឡើងដោយក្រសួងកសិកម្ម ដើម្បីពិនិត្យការងារកសិកម្មឆ្នាំ ២០២២ នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជិញ បាននិយាយថា ទោះបីជាមានបញ្ហាប្រឈមជាច្រើន ដែលរំពឹងទុកសម្រាប់ឆ្នាំនេះក៏ដោយ ក៏វិស័យកសិកម្មគួរតែខិតខំឱ្យមានអត្រាកំណើន ៣.៥ភាគរយ និងការនាំចេញមានទឹកប្រាក់ ៥៥ពាន់លានដុល្លារ ដែលខ្ពស់ជាងតួលេខកាលពីឆ្នាំមុន។

នាយករដ្ឋមន្ត្រីវៀតណាមរូបនេះបន្ថែមថា វិស័យកសិកម្មចាំបាច់ត្រូវផ្តោតលើម៉ាកផលិតផល, ជំរុញការផ្លាស់ប្តូរឌីជីថល និងសម្របសម្រួលការផ្លាស់ប្តូរបៃតង ខណៈពេលដែលធ្វើពិពិធកម្មផលិតផល, ទីផ្សារ និងខ្សែសង្វាក់ផ្គត់ផ្គង់៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner