សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញជួបសំណេះសំណាលជាមួយអ្នកសារព័ត៌មាន ប្រមាណ៥ពាន់នាក់ នៅរសៀលនេះ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានឹងអញ្ជើញជួបអ្នកសារព័ត៌មានប្រមាណ៥០០០នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ ដែលនេះជាជំនួបលើកទី៥ បន្ទាប់ពីបានអាក់ខានរយៈពេលពេល ២ឆ្នាំកន្លងមក ដោយសារវិបត្តិជំងឺកូវីដ-១៩ ។

យោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន បានឱ្យដឹងថា បច្ចុប្បន្ន កម្ពុជា មានគេហទំព័រ និងទូរទស្សន៍អនឡាញសរុបរហូតដល់ទៅ៨៧០អង្គភាព, កាសែត ៤៤៦អង្គភាព, ទស្សនាវដ្តី ១៩៣អង្គភាព, ព្រឹត្តបត្រ២២អង្គភាព, ទីភ្នាក់ងារសារព័ត៌មានបរទេស និងការិយាល័យតំណាង២៦អង្គភាព, ស្ថានីយវិទ្យុ FMនៅរាជធានីភ្នំពេញចំនួន ៨៣ស្ថានីយ៍ និងតាមបណ្តាខេត្ត ១៣៧ស្ថានីយ, ទូរទស្សន៍អាណាឡូក ១៩ស្ថានីយ, ទូរទស្សន៍ឌីជីថល ៨ស្ថានីយ៍, ទូរទស្សន៍ខ្សែកាប ២១២ស្ថានីយ៍ ហើយនៅមានតាមប្រព័ន្ធ OTT និងប្រព័ន្ធផ្កាយរណបផ្សេងទៀត, សមាគមអ្នកសារព័ត៌មានសរុបចំនួន៥១អង្គភាព ក្នុងនោះមានអ្នកសារព័ត៌មានដែលចេញប័ណ្ណដោយក្រសួងព័ត៌មានប្រមាណជា ៥០០០នាក់។

ជំនួបលើកទី៥នេះ មិនត្រឹមតែបង្ហាញពីការជួបរវាងប្រមុខរាជរដ្ឋាភិបាល និងអ្នកសារព័ត៌មានទូទាំងប្រទេសនោះទេ តែជំនួបនេះ បានបង្ហាញឲ្យឃើញពីទំនាក់ទំនងដ៏ល្អរវាងថ្នាក់ដឹកនាំប្រទេសជាមួយអ្នកសារព័ត៌មាន ។

សម្តេចតេជោ ហ៊ុន សែន គឺជាមេដឹកនាំប្រទេសតែម្នាក់គត់ ដែលផ្តល់ឱកាសជួបជុំជាមួយអ្នកសារព័ត៌មានជារៀងរាល់ឆ្នាំមានលក្ខណៈទ្រង់ទ្រាយធំ ។ តាមរយៈការជួបជុំជាបន្តបន្ទាប់កន្លងមក សម្តេចតេជោ ហ៊ុន សែន បានផ្តល់ឱកាសឲ្យមានការស្វែងយល់ពីគ្នាទៅវិញទៅមក ហើយក៏ជាឱកាសដ៏កម្រ ដើម្បីបានដឹងពីសុខទុក្ខ ការផ្លាស់ប្តូរមតិយោបល់ និងស្វែងយល់បន្ថែមពីសុខទុក្ខរបស់អ្នកសារព័ត៌មាន រួមទាំងទទួលនូវសំណើ និងសំណូមពរនានា។ សម្រាប់អ្នកសារព័ត៌មាន ក៏មានឱកាសយល់ដឹងបន្ថែមថ្មីៗអំពីទស្សនវិស័យរបស់ថ្នាក់ដឹកនាំចំពោះដំណើរការកសាងនិងអភិវឌ្ឍន៍ជាតិ។

សម្រាប់ឆ្នាំ២០២៣នេះ ជាជំនួបលើកទី៥ រវាងសម្តេចតេជោ ហ៊ុន សែន ជាមួយអ្នកសារព័ត៌មាន, សម្តេចតេជោហ៊ុនសែន ក៏នឹងផ្តល់ឱកាសសម្រាប់អ្នកសារព័ត៌មាន អាចសួរ និងឆ្លើយដោយផ្ទាល់រវាងសម្តេចនាយករដ្ឋមន្ត្រី និងអ្នកសារព័ត៌មាន ក្នុងការឈ្វេងយល់រាក់ជ្រៅជាមួយគ្នាទៀតផង ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner