សម្តេចតេជោ ហ៊ុន សែន៖ ការផ្តល់ឱកាសដល់អ្នកសារព័ត៌មានធ្វើការជាមួយអាជ្ញាធរ ជាការរួមចំណែកអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រាប់ដល់អាជ្ញាធរពាក់ព័ន្ធនានា ត្រូវសហការជាមួយអ្នកសារព័ត៌មាន ក្នុងការស៊ើបអង្កេតនូវបទល្មើស និងបទឧក្រិដ្ឋនានា ខណៈការផ្តល់ឱកាសដល់អ្នកសារព័ត៌មាន ធ្វើការជាមួយអាជ្ញាធរនេះ ជាការរួមចំណែកអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព ។
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងដូចនេះ ក្នុងជំនួបសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយអ្នកសារព័ត៌មានប្រមាណ ៥០០០នាក់ នាល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ ។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា៖ អ្នកសារព័ត៌មានរបស់យើង ត្រូវចូលរួមចំណែកជាមួយអាជ្ញាធរទាំងឡាយ ហើយអាជ្ញាធរទាំងឡាយ ក៏ត្រូវយកអ្នកសារព័ត៌មានធ្វើជាដៃគូរបស់ខ្លួន ក្នុងការស៊ើបអង្កេតនៅបទឧក្រិដ្ឋទាំងឡាយ ដែលវាបំពានទៅលើច្បាប់ ឧទាហរណ៍ល្បែងស៊ីសង ឬក៏បញ្ហាគ្រឿងញៀន ។
សម្តេចតេជោ បានលើកឡើងថា ការផ្តល់ឱកាសដល់អ្នកសារព័ត៌មានធ្វើការជាមួយអាជ្ញាធរក្នុងការស៊ើបអង្កេតបទល្មើសនានា គឺរួមរំលែកក្នុងការរក្សាសន្តិភាពភូមិឃុំសង្កាត់មានសុវត្ថិភាព ។ សម្តេច សង្ឈឹមថា អាជ្ញាធរ និងអ្នកសារព័ត៌មាននឹងសហការរួមគ្នាធ្វើកិច្ចការមួយនេះឲ្យបានល្អប្រសើរ ៕ ដោយ វណ្ណលុក




