លោក ហ្សេលេនស្គី ទាត់ចោលការអះអាងរបស់រុស្ស៊ី ដែលថា បានកាន់កាប់លើទីក្រុង Soledar នៅភាគខាងកើតអ៊ុយក្រែនទាំងស្រុង

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានច្រានចោលការអះអាងរបស់រុស្ស៊ី ដែលថា កងទ័ពរបស់ពួកគេបានដណ្តើមយកទីក្រុង Soledar នៅភាគខាងកើតអ៊ុយក្រែន ដោយនិយាយថា ការប្រយុទ្ធគ្នានៅក្នុងតំបន់នេះនៅតែបន្ត។

Read. លោក ហ្សេលេនស្គី បាននិយាយនៅក្នុងវីដេអូមួយដែលបានចេញផ្សាយនៅថ្ងៃសៅរ៍សប្តាហ៍នេះថា ការប្រយុទ្ធដណ្តើមយកទីក្រុង Bakhmut និង Soledar ក៏ដូចជាទីក្រុង និងភូមិផ្សេងទៀតនៅភាគខាងកើតអ៊ុយក្រែនកំពុងបន្ត ហើយថា កងកម្លាំងអ៊ុយក្រែនកំពុងការពារតំបន់នោះ។

ជាមួយគ្នានេះ ក្រុមអ្នកសង្កេតការណ៍ក៏បាននិយាយដែរថា ការប្រកាសរបស់រុស្ស៊ីជុំវិញការកាន់កាប់ទាំងស្រុងលើទីក្រុង Soledar កើតឡើងចំពេលមានការរិះគន់កាន់តែខ្លាំងឡើងនៅរុស្ស៊ី ខណៈដែលការវាយលុករបស់អ៊ុយក្រែនកាន់តែខ្លាំងក្លា។

ទន្ទឹមនឹងនេះ រដ្ឋាភិបាលអង់គ្លេសក៏កំពុងពិចារណាផ្តល់រថក្រោះប្រយុទ្ធដល់អ៊ុយក្រែន។ ជាក់ស្តែង នាយករដ្ឋមន្ត្រីអង់គ្លេស លោក រីស៊ី ស៊ូណាក់ តាមសេចក្តីរាយការណ៍បានស្នើឱ្យរដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក Ben Wallace ធ្វើការជាមួយដៃគូក្នុងប៉ុន្មានសប្តាហ៍ខាងមុខ ដើម្បីពិភាក្សាអំពីរបៀបពន្លឿន និងបង្កើនការគាំទ្រសម្រាប់អ៊ុយក្រែន រួមទាំងការផ្តល់រថក្រោះផងដែរ៕ ប្រភព៖ NHK ប្រែសម្រួលដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner