រុស្ស៊ីច្រានចោលការអំពាវនាវពី អ.ស.ប ឱ្យបញ្ចប់ការឈ្លានពានអ៊ុយក្រែន

សមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានជំរុញឱ្យរុស្ស៊ីបញ្ចប់ការឈ្លានពានរបស់ខ្លួនលើអ៊ុយក្រែន។ ប៉ុន្តែរុស្ស៊ីបានច្រានចោលការអំពាវនាវនេះ ដោយលើកឡើងនូវការគំរាមកំហែងពីអ៊ុយក្រែនវិញ។

Read. ក្រុមប្រឹក្សាសន្តិសុខបានបើកកិច្ចប្រជុំបន្ទាន់លើកដំបូងប្រចាំឆ្នាំ ស្តីពីស្ថានភាពអ៊ុយក្រែន នៅថ្ងៃសៅរ៍សប្តាហ៍នេះ តបតាមសំណើរបស់សហរដ្ឋអាមេរិក និងប្រទេសដទៃទៀត។ ជប៉ុនដែលជាសមាជិកមិនអចិន្ត្រៃយ៍កាន់តំណែងជាប្រធានក្រុមប្រឹក្សាក្នុងខែនេះ។

នាឱកាសនោះដែរ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំអង្គការសហប្រជាជាតិ លោក Ishikane Kimihiro បាននិយាយថា ការបន្តវាយប្រហាររបស់រុស្ស៊ី គឺជាទង្វើមិនអាចទទួលយកបានទាំងស្រុងនោះទេ ដោយលោកបានជំរុញឲ្យរុស្ស៊ីដកទ័ពចេញពីអ៊ុយក្រែនជាបន្ទាន់។

ចំណែកឯកអគ្គរដ្ឋទូតអាមេរិក លោកស្រី Linda Thomas-Greenfield បានរិះគន់កូរ៉េខាងជើង ក៏ដូចជារុស្ស៊ី ដោយចោទប្រកាន់កូរ៉េខាងជើងថា បានប្រគល់អាវុធទៅឱ្យក្រុមហ៊ុនយោធារុស្ស៊ី Wagner Group ដែលកំពុងប្រយុទ្ធនៅអ៊ុយក្រែន។

លោកស្រីថា ពិភពលោកធុញទ្រាន់នឹងសង្រ្គាម ហើយថា ឥឡូវនេះជាពេលសម្រាប់ប្រទេសទាំងអស់ត្រូវក្រោកឈររួមគ្នា ហើយទាមទារឲ្យរុស្ស៊ីបញ្ចប់សង្គ្រាមដែលគ្មានន័យនេះ។

ទោះបីជាយ៉ាងណា ឯកអគ្គរដ្ឋទូតរុស្ស៊ី លោក Vassily Nebenzia បានបង្ហាញពីភាពត្រឹមត្រូវនូវអ្វីដែលប្រទេសរបស់លោកហៅថា ប្រតិបត្តិការយោធាពិសេស ដោយនិយាយថា ឱកាសដើម្បីបញ្ចប់វា នឹងបង្ហាញខ្លួនឯង នៅពេលដែលអ៊ុយក្រែនឈប់គំរាមកំហែងដល់រុស្ស៊ី៕ ប្រភព៖ NHK ប្រែសម្រួលដោយ៖ ទីណា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner