ម៉ារី ណុច កីឡាការនីតែម្នាក់គត់ដែលហ៊ានប្រកួតរថយន្ត Off Road នៅទីលាន១២ម៉ូទ័រផាក ខេត្តមណ្ឌលគិរី

(មណ្ឌលគិរី)៖ ក្នុងចំណោមកីឡាករដែលចូលរួមការប្រណាំងរថយន្ត Off Road សន្តិភាព ២០២៣ នៅទីលាន១២ម៉ូទ័រផាក ខេត្តមណ្ឌលគិរីនោះ គេឃើញមានយុវតីស្រស់ស្អាត១រូបក៏បានចូលរួមប្រកួតរថយន្ត Off Road ជាមួយកីឡាករបុរសៗដទៃទៀតដែរ ដោយមិនខ្លាចរអាបន្តិចសោះឡើយ។

យុវតីរូបនោះមានឈ្មោះថា ម៉ារី ណុច បើករថយន្តលេខ៣២៤ ចូលរួមប្រកួតក្នុងក្រុម Overland ឬហៅថា Class C ដែលមានរថយន្តរួមប្រកួតសរុបចំនួន២២គ្រឿង។ កីឡាការនី ម៉ារី ណុច ទើបតែមានអាយុ២២ឆ្នាំប៉ុណ្ណោះ ប៉ុន្តែរូបគេមានភាពក្លាហានណាស់ក្នុងការចូលរួមប្រកួតប្រជែងនៅលើទីលានប្រណាំងរថយន្ត Off Road នេះ។

គួរជម្រាបថា កីឡាប្រណាំងរថយន្តឆ្លងកាត់ឧបសគ្គ Off Road មានចំនួន៣ក្រុម ដែលមានរថយន្តសរុបចំនួន៦៧គ្រឿង ក្នុងនោះក្រុមទី១ Hard Core, ក្រុមទី២ Light Core និងក្រុមទី៣ Overland ក្នុងនោះក៏មានរថយន្តរបស់កីឡាការនី ម៉ារី ណុច ១គ្រឿងផងដែរ។

ថ្លែងប្រាប់អ្នកព័ត៌មាននាថ្ងៃប្រណាំងទី២ កញ្ញា ម៉ារី ណុច បានថ្លែងថា កញ្ញាមិនមានភ័យខ្លាចក្នុងការចូលរួមប្រណាំងរថយន្ត Off Road នេះសោះឡើយ ព្រោះនៅក្នុងក្រុម Overland នេះមិនសូវជាមានឧបសគ្គលំបាកខ្លាំងដូចនៅក្រុម Hard Core និងក្រុម Light Core នោះឡើយ គ្រាន់តែត្រូវបើកឱ្យលឿន និងមានផ្លូវកាច់កោង ឡើងចុះជម្រាលខ្លះៗប៉ុណ្ណោះ។

កីឡាការនី ម៉ារី ណុច ក៏មានឪពុកនិងបងស្រីជាកីឡាករចូលរួមប្រណាំងរថយន្ត Off Road នៅក្នុងក្រុម Hard Core និងក្រុម Light Core ផងដែរ ដូច្នេះហើយទើបកញ្ញាចង់ចូលរួមប្រណាំងដូចពួកគាត់ ហើយក៏បានជ្រើសរើសយកក្រុម Overland នេះតែម្ដង។

ម៉ារី ណុច ថ្លែងយ៉ាងដូច្នេះថា «ខ្ញុំមកចូលរួមប្រកួតនេះគឺចង់ដោយចិត្តខ្ញុំខ្លួនឯង អត់មានអ្នកណាជំរុញទេ ព្រោះខ្ញុំមានប៉ានិងបងខ្ញុំគាត់មកប្រកួតដែរ»។

ក្រោយទទួលបានបទពិសោធន៍ពីការប្រកួតនៅក្នុងក្រុម Overland នេះហើយ ម៉ារី ណុច ក៏ចង់ចូលរួមប្រកួតជាមួយក្រុម Light Core ឬ Class B ដែរ ប្រសិនបើមានការប្រកួតនៅពេលក្រោយៗទៀត។

ថ្វីដ្បិតមិនសូវពូកែនិយាយប្រាប់អ្នកសារព័ត៌មាន ប៉ុន្តែកញ្ញា ម៉ារី ណុច បានផ្ដាំផ្ញើនិងលើកទឹកចិត្តទៅកាន់មិត្តនារីដទៃទៀតឱ្យងាកមកចាប់អារម្មណ៍ជាមួយកីឡាប្រណាំងយានយន្តនេះ ហើយប្រសិនបើមានជំនាញក្នុងការបើកបរស្ទាត់ច្បាស់លាស់ក៏អាចចូលរួមប្រកួតនឹងគេបានដែរ។

គួរជម្រាបថា នៅក្នុងលទ្ធផលផ្លូវការនៃការប្រណាំងជាមួយក្រុម Overland ឬ Class C នោះ ម៉ារី ណុច ទទួលបានចំណាត់ថ្នាក់ទី៨ ដោយទទួលបានពិន្ទុសរុប១៣៩ពិន្ទុ៕ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner