ហ្វីលីពីនបញ្ចេញថវិកាជាង ៣២២លានដុល្លារ ដើម្បីស្ថាបនាផ្លូវទៅកាន់តំបន់ទេសចរណ៍

សមាជិកសភាមួយរូបបាននិយាយនៅថ្ងៃអាទិត្យសប្តាហ៍មុនថា ប្រទេសហ្វីលីពីនបានកំណត់ថវិកាចំនួន ១៧.៧ពាន់លានប៉េសូ ឬប្រហែល ៣២២លានដុល្លារអាមេរិក ដើម្បីផ្តល់មូលនិធិដល់ការសាងសង់ និងកែលម្អផ្លូវថ្នល់ ដើម្បីធ្វើឱ្យកន្លែងទេសចរណ៍ផ្សេងៗកាន់តែងាយស្រួលសម្រាប់ភ្ញៀវទេសចរ។

សមាជិកសភាតំណាងរាស្រ្តហ្វីលីពីន លោក អាវីន រីលឡូ បាននិយាយថា មូលនិធិនេះនឹងត្រូវប្រើប្រាស់សម្រាប់កម្មវិធីហេដ្ឋារចនាសម្ព័ន្ធផ្លូវទេសចរណ៍របស់រដ្ឋាភិបាលនៅឆ្នាំ ២០២៣នេះ។ លោក រីលឡូ បន្តថា ប្រទេសត្រូវអភិវឌ្ឍផ្លូវ និងស្ពានបន្ថែមទៀត ដើម្បីបើកគោលដៅទេសចរណ៍ដល់ភ្ញៀវទេសចរនៅទូទាំងប្រជុំកោះ ហើយថា មន្ទីរទេសចរណ៍ និងសាធារណការ និងផ្លូវហាយវេបានកំណត់រួមគ្នានូវគម្រោងដែលនឹងទទួលបានមូលនិធិ ក្រោមកម្មវិធីហេដ្ឋារចនាសម្ព័ន្ធផ្លូវទេសចរណ៍របស់រដ្ឋាភិបាល។

តាមនាយកដ្ឋានទេសចរណ៍ហ្វីលីពីន អ្នកដំណើរអន្តរជាតិចំនួន ២.៦៥លាននាក់បានទៅទស្សនាប្រទេសហ្វីលីពីនក្នុងឆ្នាំ ២០២២ ដោយទទួលបានប្រាក់ចំណូលប្រមាណ២០៨.៩៦ពាន់លានប៉េសូ ឬប្រហែល ៣.៨ពាន់លានដុល្លារអាមេរិក។ សម្រាប់ឆ្នាំ ២០២៣នេះ នាយកដ្ឋានទេសចរណ៍ហ្វីលីពីនបានកំណត់ការមកដល់របស់ភ្ញៀវអន្តរជាតិថា នឹងកើនឡើងនៅចន្លោះពី ២.៦លានទៅ ៦.៤លាននាក់៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner