អគ្គនាយកនិយ័តករមូលបត្រកម្ពុជា បង្ហាញមោទនភាព ដែលផ្សារមូលបត្រ មានទំហំជួញដូរ និងចំនួនក្រុមហ៊ុន បោះផ្សាយលក់មូលបត្រកម្មសិទ្ឋ និងប័ណ្ណបំណុល បានកើនឡើងកាន់តែច្រើន ក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះ
ភ្នំពេញ៖ អគ្គនាយកនិយ័តករមូលបត្រកម្ពុជា បង្ហាញមោទនភាព ដែលផ្សារមូលបត្រ មានទំហំជួញដូរ និងចំនួនក្រុមហ៊ុន បោះផ្សាយលក់មូលបត្រកម្មសិទ្ធ និងប័ណ្ណបំណុល បានកើនឡើងកាន់តែច្រើន ក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះ។ ការលើកឡើងរបស់ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនិយ័តករមូលបត្រកម្ពុជា ឯកឧត្តម ស៊ូ សុជាតិ ដូចនេះ ក្នុងសិក្ខាសាលាស្តីពីការស្វែងយល់ពីវិស័យមូលបត្រនៅកម្ពុជា និងការត្រៀមខ្លួនវិនិយោគលើមូលបត្រកម្មសិទ្ធ នាថ្ងៃទី១៤ មករា ឆ្នាំ២០២៣ ។

អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បានមានប្រសាសន៍ថា ក្រុមហ៊ុន ម៉េងលី ជេ គួច អេឌ្យូខេសិន បាននិងកំពុងរៀបចំផែនការពង្រីកសាខារបស់ខ្លួន ឱ្យបាន ១៦០នៅទូទាំងប្រទេស និងត្រៀមចូលរួមបោះផ្សាយមូលបត្រកម្មសិទ្ធ នៅក្នុងអំឡុងត្រីមាសទី១ ឆ្នាំនេះ ។ អ្នកឧកញ៉ាបានបន្តថា បច្ចុប្បន្ន វិទ្យាស្ថានភាសា និងវិទ្យាស្ថានអន្តរទ្វីបអាមេរិកកាំង មានសិក្សានុសិស្សចំនួនជាង២០,០០០នាក់ និងមានបុគ្គលិកសរុបចំនួន២២០០នាក់ ជាមួយនឹងផែនការពង្រីកសាខាចំនួន១៦០និងចំនួនសិស្សានុសិស្ស កើនឡើងដល់៥០ម៉ឺន ទៅ៧៥ម៉ឺននាក់នាពេលេអនាគត ។

ឯកឧត្តម ស៊ូ សុជាតិ មានប្រសាសន៍ថា យើងពិតជាមានមោទនភាព ដែលផ្សារមូលបត្ររបស់យើង បានចាប់ផ្តើមក្នុងរយៈពេល ១០ឆ្នាំកន្លងមកនេះ មានភាពរីកចម្រើនច្រើន ដែលបច្ចុប្បន្នទំហំជួញដូរ និងចំនួនក្រុមហ៊ុន បោះផ្សាយលក់មូលបត្រកម្មសិទ្ធ និងប័ណ្ណបំណុលបានកើនឡើងកាន់តែច្រើន ។
អគ្គនាយកនិយ័តករមូលបត្រកម្ពុជា បន្តថា ការដែលក្រុមហ៊ុន ម៉េងលី ជេ គួច អេឌូខេសិន ចូលបោះផ្សាយលក់មូលបត្រ នឹងអាចមានប្រជាប្រិយភាព ដូចគ្នានឹងការបោះផ្សាយលក់មូលបត្ររបស់រដ្ឋាករទឹកស្វ័យ័តជាលើកដំបូង ដែលចំនួនអ្នកវិនិយោគមានច្រើនជាងទំហំភាគហ៊ុន ដែលយើងបានដាក់ជួញដូរ ។

ឯកឧត្តម ស៊ូ សុជាតិ បានបន្តទៀតថា យើងស្វាគមន៍ ប្រសិនជាអ្នកឧកញ៉ា គួច ម៉េងលី បោះផ្សាយលក់មូលបត្រ រួចហើយអាចបោះផ្សាយលក់ប័ណ្ណបំណុល ឬសញ្ញាប័ណ្ណបន្ថែមទៀត ព្រោះស្ទើរតែគ្រប់ក្រុមហ៊ុន ដែលអាចបោះផ្សាយលក់មូលបត្រហើ គឺមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ក្នុងការបោះផ្សាយលក់សញ្ញាប័ណ្ណ៕ ដោយ សួង ពិសិដ្ឋ
