ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ត្រូវបានទទួលបដិសណ្ឋារកិច្ចខ្ពស់ ពីប្រធានាធិបតីម៉ាល់ឌីវ និងបានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខា លើពិធីសារចំនួន៦
ម៉ាល់ឌីវ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានទទួលបដិសណ្ឋារកិច្ចកម្រិតខ្ពស់បំផុតពីសំណាក់ប្រធានាធិបតីសាធារណៈរដ្ឋម៉ាល់ឌីវ ឯកឧត្តម មហាម៉េត អ៊ីប្រាហ៊ីម សាឡេះ។
ពិធីស្វាគមន៍ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ត្រូវបានធ្វើឡើងយ៉ាងមហោឡារិក។ ក្នុងពិធីបដិសណ្ឋារកិច្ចនៅទីលាន Jumhooree Maidhaan កម្រាលព្រំពណ៌ក្រហមដ៏វែង បានស្វាគមន៍វត្តមានសម្តេចតេជោ ហ៊ុន សែន ជាមួយការសម្តែងសិល្បៈស្វាគមន៍ដោយក្រុមនិស្សិត ព្រមទាំងមានការបាញ់កាំភ្លើងធំចំនួន៧ដើម ដោយកងទ័ពម៉ាល់ឌីវផងដែរ។

បន្ទាប់មក សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចុះហត្ថលេខាលើសៀវភៅក្រាំងមាស បង្ហាញចំណាប់អារម្មណ៍ចំពោះដំណើរទស្សនកិច្ចលើកដំបូងនៅប្រទេសម៉ាល់ឌីវ។ បន្ទាប់ពីនោះ សម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម ប្រធានាធិបតីម៉ាល់ឌីវ បានជួបប្រជុំចង្អៀត មុននឹងអញ្ជើញជួបប្រជុំទ្វេភាគី។ ក្រោយពីប្រជុំចង្អៀត និងប្រជុំទ្វេភាគីប្រកបដោយផ្លែផ្កាខ្ពស់ លើការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយគ្នាហើយនោះ សម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម ប្រធានាធិបតីម៉ាល់ឌីវ បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខា លើពិធីសារចំនួន៦ ។

ពិធីសារដែលចុះហត្ថលេខានាពេលនោះរួមមាន៖
១៖ កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និង រដ្ឋាភិបាលនៃសាធារណរដ្ឋម៉ាល់ឌីវ ស្តីពីការលើកលែងទិដ្ឋាការចំពោះ អ្នកកាន់លិខិតឆ្លងដែនការទូត ផ្លូវការ និងធម្មតា។ (ចុះហត្ថលេខាដោយឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ)។
២៖ កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋម៉ាល់ឌីវ ស្ដីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។ (ចុះហត្ថលេខាដោយឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ)។
៣៖ អនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីកិច្ចពិគ្រោះយោបល់ទ្វេភាគីរវាង ក្រសួងការបរទេស នៃសាធារណរដ្ឋម៉ាល់ឌីវ ជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា។ (ចុះហត្ថ លេខាដោយ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ)។
៤៖ អនុស្សរណៈនៃការយោគយល់គ្នា រវាងរដ្ឋាភិបាល នៃសាធារណរដ្ឋម៉ាល់ឌីវ និងរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ស្ដីពីកិច្ចសហប្រតិបត្តិការក្នុង វិស័យទេសចរណ៍។ (ចុះហត្ថលេខាដោយឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍)។
៥៖ អនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងសុខាភិបាល នៃសាធារណ- រដ្ឋម៉ាល់ឌីវ និងក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ស្តីពី កិច្ចសហប្រតិបត្តិការក្នុងវិស័យសុខាភិបាល។ (ចុះហត្ថលេខាដោយឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល)។
៦៖ អនុស្សរណៈយោគយល់គ្នា រវាងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជ- កម្មជាតិ និងឧស្សាហកម្មម៉ាល់ឌីវ។ (ចុះហត្ថលេខាដោយអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា)។



ក្រោយពីពិធីចុះហត្ថលេខាហើយ សម្តេចតេជោ និង ឯកឧត្តម ប្រធានាធិបតីម៉ាល់ឌីវ បានអញ្ជើញធ្វើសន្និសីទព័ត៌មានរួមគ្នា ៕ ដោយ វណ្ណលុក