សម្តេចតេជោ ហ៊ុន សែន៖ ត្រីខកំប៉ុងរបស់ម៉ាល់ឌីវ នឹងក្លាយជា គោលដៅនាំចេញមកកម្ពុជា
ម៉ាល់ឌីវ៖សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា កម្ពុជា មានតម្រូវការក្នុងស្រុកខ្ពស់សម្រាប់ត្រីខំកំប៉ុង របស់ម៉ាល់ឌីវ ។ ផលិតផលត្រីខកំប៉ុងរបស់ម៉ាល់ឌីវនឹងក្លាយជា គោលដៅនាំចេញ ទៅកាន់កម្ពុជា។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងដូច្នេះនៅក្នុងសន្និសីទ សារព័ត៌មាន រួមគ្នាជាមួយឯកឧត្តមប្រធានាធិបតី អ៊ីប្រាហ៊ីម ម៉ូហាមេដ សូលី ពីវិមានប្រធានាធិបតីនៃសាធារណរដ្ឋម៉ាល់ឌីវ នៅថ្ងៃចន្ទ ទី១៦ ខែមករា ឆ្នាំ២០២៣ក្នុងដំណើរ ទស្សនកិច្ច ផ្លូវការនៅសាធារណរដ្ឋម៉ាល់ឌីវ រយៈពេលបីថ្ងៃ ។

សម្តេចតេជោនាយករដ្ឋមន្រ្តី បានថ្លែងថា កម្ពុជាជាប្រទេស ដែល មានទាំងត្រីទឹកសាប និងត្រីទឹកសមុទ្រ ក៏ប៉ុន្តែវាមិនគ្រប់នោះទេ។ ដូច្នេះ គោលដៅដំបូង នៃការនាំចេញរបស់ម៉ាល់ឌីវ ទៅកាន់កម្ពុជា គឺត្រីខកំប៉ុង ។
សម្តេចបញ្ជាក់ថា កម្ពុជា បានប្រើប្រាស់ត្រីខកំប៉ុងចំនួនប្រមាណ ១០ម៉ឺនកេសដើម្បីចែកជូនប្រជាពលរដ្ឋដែលរងគ្រោះ ដោយជំនន់ ទឹក ភ្លៀងនាពេលកន្លងទៅថ្មីៗនេះ ហើយត្រីខកំប៉ុង នៅតែជាតម្រូវ ការ បន្តទៀត ។
សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា ផលិតផលត្រីខកំប៉ុង របស់ ម៉ាល់ឌីវ អាចនឹងក្លាយជាគោលដៅនាំចេញទៅកាន់កម្ពុជា ដើម្បី ផ្គត់ផ្គង់ដល់ប្រជាជនកម្ពុជាផង និងអ្នកទេសចរណ៍ដែលមក ទស្សនកិច្ច នៅកម្ពុជាផង ៕ដោយ៖វណ្ណលុក