លោក ពូទីន ពិភាក្សាជាមួយមេដឹកនាំតួកគី ស្តីពីកិច្ចសហប្រតិបត្តិការ ក្នុងវិស័យថាមពល និងស្ថានភាពសង្គ្រាម នៅអ៊ុយក្រែន

មូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងសមភាកីតួកគី លោក តាយយីប អឺដូហ្កាន់ បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពល និងស្ថានភាពសង្គ្រាមនៅអ៊ុយក្រែន ក្នុងអំឡុងការសន្ទនាតាមទូរស័ព្ទនៅថ្ងៃចន្ទសប្តាហ៍នេះ។

វិមានក្រឹមឡាំងបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា លោក ពូទីន និងលោក អឺដូហ្កាន់ បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ពួកគេចំពោះការអភិវឌ្ឍន៍ដ៏ទូលំទូលាយ នៃកិច្ចសហប្រតិបត្តិការរវាងរុស្ស៊ី-តួកគី ជាពិសេសក្នុងវិស័យថាមពល។

នៅពេលនិយាយអំពីស្ថានការណ៍នៅអ៊ុយក្រែន មេដឹកនាំទាំងពីរបានពិភាក្សាគ្នាអំពីការផ្លាស់ប្តូរអ្នកទោស និង អ្នករងរបួស ដោយយោងតាមកិច្ចពិភាក្សារវាងស្នងការរុស្ស៊ី និងអ៊ុយក្រែនទទួលបន្ទុកសិទ្ធិមនុស្ស ដែលបានធ្វើឡើងនៅទីក្រុងអង់ការ៉ា កាលពីសប្តាហ៍មុន។

នាឱកាសនោះដែរ លោក ពូទីន និងលោក អឺដូហ្កាន់ ក៏បានធ្វើការពិភាក្សាលើការអនុវត្តកិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិនៅសមុទ្រខ្មៅ ដែលបានចុះហត្ថលេខាក្នុងទីក្រុងអ៊ីស្តង់ប៊ុល របស់ប្រទេសតួកគី ក្នុងខែកក្កដា ឆ្នាំ២០២២ផងដែរ៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner