ការប្រកួតបាល់ទាត់ពានរង្វាន់យុវជន អាយុក្រោម ២២ឆ្នាំ អបអរសាទរទិវាជ័យជំនះ៧មករា បង្កើតឡើងដើម្បីរំលឹកដល់យុវជនឲ្យចងចាំថា ថ្ងៃ៧មករា ជាថ្ងៃផ្តល់ជីវិតទី២ ដល់យើងទាំងអស់គ្នា
ខេត្តកណ្តាល៖ ការប្រកួតបាល់ទាត់ដែលប្រសិទ្ធិនាមថា រង្វាន់យុវជនអាយុក្រោម២២ឆ្នាំ ដើម្បីចូលរួមអបអរសាទរដល់ទិវាជ័យជំនះ៧មករា ឆ្នាំដែលរៀបចំដោយរដ្ឋបាលស្រុកល្វាឯម បានបញ្ចប់ការប្រកួតជាផ្លូវការហើយ ដោយក្រុមជើងឯកផ្នែកបុរសបានទៅលើក្រុមបាល់ទាត់យុវជនភូមទឹកឃ្លាំង ខណៈក្រុមបាល់ទាត់ផ្នែកនារីបានទៅលើក្រុមបាល់ទាត់នារីវិទ្យាល័យហ៊ុន សែន ទឹកឃ្លាំង។
លោក កន សុខកាយ អភិបាលនៃគណៈអភិបាលស្រុកល្វាឯម បានថ្លែងថា ការប្រកួតបាល់ទាត់ ដែលរដ្ឋបាលស្រុកល្វាឯមបង្កើតឡើងនេះ គឺរៀបចំក្នុងន័យមួយជាពានរង្វាន់បាល់ទាត់យុវជនក្រោមអាយុ២២ឆ្នាំប្រចាំឆ្នាំសម្រាប់ស្រុកល្វាឯម ហើយក៏ជាការចូលរួមអបអរសាទខួបលើកទី៤៤នៃទិវាជ័យជំនះ៧មករាឆ្នាំ១៩៧៩-៧មករា ឆ្នាំ២០២៣។
លោក អភិបាលស្រុកល្វាឯម អះអាទៀតថា ការបង្កើតពានរង្វាន់បាល់ទាត់នេះ គោលដៅចម្បងរបស់ស្រុក គឺចង់រំលឹកដល់យុវជនក្នុងស្រុកល្វាឯម ក៏ដូជាយុវជននៅទូទាំងប្រទេសកម្ពុជាឲ្យបានចងចាំថា ថ្ងៃ៧មករា ជាថ្ងៃជ័យជំនះ និងជាថ្ងៃផ្តល់ជូននូវអាយុជីវិតទី២ជូនយើងទាំងអស់គ្នា ដែលយើងជាយុវជនត្រូវតែចងចាំ ហើយរួមគ្នាថែរក្សានូវតម្លៃសុខសន្តិភាពមិនអាចកាត់ថ្លៃបានក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។
ការប្រកួតបាល់ទាត់យុវជនក្រោមអាយុ២២ឆ្នាំ មានក្រុមបាល់ទាត់បុរស ១៥ក្រុម និងមានបាល់ទាត់នារី ៤ក្រុម មកពី ១៤ឃុំក្នុងស្រុកល្វាឯម ដោយធ្វើការប្រកួតបែងចែកជា ៤ពូល ប្រកួតតាមរូបមន្តវិលជុំ សន្សំពិន្ទុ ជ្រើសរើសយកណាត់លេខ១និងលេខ២ក្នុងពូលនីមួយៗទៅប្រកួតខ្វែងពូល ដើម្បីជ្រើសរើស៤ក្រុមឡើងទៅប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងប្រកួតវគ្គផ្តាច់ព្រ័ត្រដណ្តើមតំណែងជើងឯក។
សម្រាប់លទ្ធផលនៃការប្រកួតបាល់ទាត់ផ្នែកបុរសក្រុមជើងឯកបានទៅលើក្រុមបាល់ទាត់យុវជនភូមទឹកឃ្លាំង និងក្រុមជើងឯករងបានទៅលើក្រុមយុវជនអធិរាជជ្រោយពិសី។រីឯផ្នែកនារីក្រុមចំណាត់លេខ១បានទៅលើក្រុមបាល់ទាត់នារីវិទ្យាល័យហ៊ុន សែន ទឹកឃ្លាំងនិងក្រុមជើងឯករងបានទៅលើក្រុមបាល់ទាត់វិទ្យា័យហ៊ុនសែនល្វាសរ៕រូបភាព និង អត្ថបទ៖ ជាវ ចន្ធូ


