ស្លាប់ទារក និងមនុស្ស ៥នាក់ទៀត កំលុងការបាញ់ប្រហារនៅផ្ទះ ក្នុងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក
កាលីហ្វ័រញ៉ា៖ អាជ្ញាធរបាននិយាយថា មនុស្ស ៦ នាក់ រួមទាំង ម្តាយអាយុ ១៧ ឆ្នាំ និងទារកអាយុ ៦ខែ ត្រូវបានសម្លាប់នៅក្នុងការបាញ់ប្រហារ នៅផ្ទះមួយក្នុងទីក្រុង ហ្គូសិន (Goshen) រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ ។
អាជ្ញាធរពណ៌នាការវាយប្រហារថា ជាគម្រោងដែលមានគោលដៅ ហើយបានចាត់ទុកថា ជាការសម្លាប់រង្គាលដ៏គួរឱ្យរន្ធត់។ ជនរងគ្រោះប្រាំមួយនាក់ត្រូវបានគេបាញ់សម្លាប់ នៅប្លុក ៦៨០០ នេះបើតាម លោក ម៉ៃ ប៊ូត្រេអឺស ( Mike Boudreaux) មេនគរបាលប្រចាំតំបន់ ទូលែ (Tulare) បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃចន្ទ។
លោកបានបន្ថែមថា យ៉ាងហោចណាស់មានជនសង្ស័យពីរនាក់ ដែលមិនត្រូវបានចាប់ខ្លួន។ លោកនិយាយទៀតថា “យើងក៏ជឿថានេះមិនមែនជាអំពើបាញ់ប្រហារ ដោយចៃដន្យនោះទេ។ យើងជឿថា នេះគឺជាគ្រួសារគោលដៅ។
បើតាមប្រភព ជឿថា មានក្រុមក្មេងទំនើងដែលពាក់ព័ន្ធនៅក្នុងកន្លែងកើតហេតុ ក៏ដូចជាការស៊ើបអង្កេតគ្រឿងញៀនដែលអាចកើតមាន ខណៈដែល ដីកាស្រាវជ្រាវរកសារធាតុញៀនត្រូវបានធ្វើឡើង ដោយការិយាល័យតម្រួត នៅទីតាំងកើតហេតុ កាលពីសប្តាហ៍មុន៕ ប្រភពពី Reuters ប្រែសម្រួលដោយ៖ សារ៉ាត
