អភិបាលរង ខេត្តកណ្តាលបានអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសយុវជនម្នាក់ត្រូវចេះលេងកីឡាយ៉ាងតិចមួយប្រភេទ ដើម្បីជួយលើកស្ទួយវិស័យកីឡាក្នុងខេត្តកណ្ដាល ឱ្យមានការរីកចម្រើន

ខេត្តកណ្តាល៖ ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល បានអញ្ជើញសម្ពោធទីលាន និងសាលាតម្រង់ទិសកីឡាបាល់ទាត់ នៅវិទ្យាល័យ ទេពប្រណម្យ ក្នុងស្រុកពញាឮ ខេត្តកណ្ដាល នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ ដោយមានការចូលរួមពីអាជ្ញាធរស្រុកពញាឮ លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្សជាច្រើននាក់។

ឯកឧត្តម តាំង ម៉េងលាន បានអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសយុវជនម្នាក់ត្រូវចេះលេងកីឡាយ៉ាងតិចមួយប្រភេទ ដើម្បីជួយលើកស្ទួយវិស័យកីឡាក្នុងខេត្តកណ្ដាល ឱ្យមានការរីកចម្រើន ជៀសឱ្យឆ្ងាយពីការប្រើប្រាស់គ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ។

ឯកឧត្ដម បានបញ្ជាក់ថា ថ្ងៃនេះ ជាថ្ងៃដែលក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រារព្ធពិធីសម្ពោធទីលាន និងសាលាតម្រង់ទិសកីឡាបាល់ទាត់ នៅគ្រប់រាជធានី-ខេត្តទាំ២៥ ព្រមៗគ្នាក្នុងថ្ងៃតែមួយ ហើយសម្រាប់ពិធីសម្ពោធទីលាន និងសាលាតម្រង់ទិសកីឡាបាល់ទាត់ នៅស្រុកពញាឮ នាពេលនេះ គឺជាសមិទ្ធផលថ្មីមួយទៀត សម្រាប់ជួយលើកស្ទួយវិស័យកីឡាបាល់ទាត់កម្ពុជា ឱ្យមានការរីកចម្រើនដូចបណ្ដាប្រទេសក្នុងតំបន់ និងលើសកលលោក ។

ឯកឧត្ដម បានបញ្ជាក់បន្តថា កីឡាបាល់ទាត់ ត្រូវបានប្រជាជនលើពិភពលោកចូលចិត្ត និងពេញនិយមជាងគេ ក្នុងនោះ វិស័យបាល់ទាត់កម្ពុជា ក៏បានចូលប្រឡូកក្នុងតំបន់ធ្វើឱ្យបណ្ដាប្រទេសភាគច្រើនចាប់អារម្មណ៍ និងកោតសរសើរផងដែរ ព្រោះក្នុងរយៈពេលដ៏ខ្លី កម្ពុជាអាចបណ្ដុះបណ្ដាលបាននូវធនធានកីឡាករ កីឡាការិនី បាល់ទាត់ល្អៗជាច្រើន។

លោក ចេង សំអុល ប្រធានមន្ទីរ អប់រំយុវជន និងកីឡាខេត្តកណ្ដាល បានមានប្រសាសន៍ថា ខេត្តកណ្ដាល ត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានកំណត់យកទីតាំងហ្វឹកហាត់ចំនួន ២កន្លែងគឺ៖ ទី១-មានទីតាំងនៅក្នុងក្រុងតាខ្មៅ និងទី២ នៅក្នុងវិទ្យាល័យទីប្រណម្យ។

លោក បានបន្តថា ក្រុមកីឡាបាល់ទាត់ខេត្តកណ្ដាល គ្រប់កម្រិតបានចូលរួមប្រកួតជម្រើសជើងឯកថ្នាក់ជាតិ ដែលរៀបចំដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ជារៀងរាល់ឆ្នាំ ដែលជាលទ្ធផល កាលពីឆ្នាំ២០១៨ ផ្នែកយុវជនបាល់ទាត់អាយុក្រោម ១៨ឆ្នាំ ទទួលបានចំណាត់ថ្នាក់លេខ២ ទូទាំងប្រទេស ហើយក្រុមបាល់ទាត់ស្ត្រី ក៏ទទួលបានចំណាត់ថ្នាក់លេខ២ ទូទាំងប្រទេសផងដែរ ៕ ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner