បក្សកម្មុយនីស្តវៀតណាមយល់ព្រមឲ្យលោកប្រធានាធិបតី ង្វៀន សួនហ្វុក ចុះចេញពីតំណែង
ហាណូយ៖ គណៈកម្មាធិការមជ្ឈិមបក្សកម្មុយនីស្តវៀតណាមបានយល់ព្រមអនុញ្ញាតឱ្យលោក ង្វៀន សួនហ្វុក ( Nguyen Xuan Phuc ) ឈប់ធ្វើជាសមាជិកការិយាល័យនយោបាយ និងសមាជិកគណៈកម្មាធិការមជ្ឈិមបក្ស, ឈប់ពីតំណែងជាប្រធានាធិបតីវៀតណាម និងពីតំណែងជាប្រធានក្រុមប្រឹក្សាការពារជាតិ និងសន្តិសុខជាតិវៀតណាម អាណត្តិ ២០២១-២០២៦ តាមសំណើរបស់លោក។
យោងតាមសេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយ ពីកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការ នាថ្ងៃអង្គារទី១៧ ខែមករា ឆ្នាំ២០២៣នេះ លោក ហ្វុក គឺជាមេដឹកនាំដ៏សំខាន់នៃបក្សកុម្មុយនិស្ត និងរដ្ឋ។ លោកត្រូវបានទុកចិត្តនិងចាត់តាំងឱ្យកាន់តំណែងសំខាន់ៗជាច្រើន ដោយគណៈកម្មាធិការមជ្ឈិម និងការិយាល័យនយោបាយ។
ក្នុងនាមជានាយករដ្ឋមន្ត្រី ក្នុងអំឡុងពេលឆ្នាំ ២០១៦ ដល់ ២០២១ លោក Phuc បានដឹកនាំ និងដំណើរការកិច្ចខិតខំប្រឹងប្រែងក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 ដែលទទួលបានលទ្ធផល សំខាន់ៗ។ ទោះយ៉ាងណាក៏ដោយ ក្នុងនាមជាមេដឹកនាំ លោក Phuc ត្រូវទទួលខុសត្រូវចំពោះការអនុញ្ញាតឱ្យមន្ត្រីមួយចំនួន រួមទាំង ឧបនាយករដ្ឋមន្ត្រីពីររូប និងរដ្ឋមន្ត្រីបីរូប ដែលរងការចោទថា ប្រព្រឹត្តិអំពើរំលោភបំពាន ដែលបណ្តាលឱ្យមានផលវិបាកធ្ងន់ធ្ងរ។ ឧបនាយករដ្ឋមន្ត្រីពីររូបបានលាលែងពីតំណែង ខណៈរដ្ឋមន្ត្រីពីររូប និងមន្ត្រីមួយចំនួនទៀតកំពុងប្រឈមនឹងការចោទប្រកាន់ព្រហ្មទណ្ឌ។
សេចក្តីថ្លែងការណ៍បានឲ្យដឹងថា “ដោយសារលោកដឹងយ៉ាងច្បាស់អំពីទំនួលខុសត្រូវរបស់លោក ចំពោះបក្ស និងប្រជាជននោះ លោក Phuc បានដាក់សំណើសុំលាលែងពីតំណែងរបស់លោក ហើយចូលនិវត្តន៍” ។
រដ្ឋធម្មនុញ្ញឆ្នាំ ២០១៣ របស់វៀតណាមបានចែងថា ប្រធានាធិបតីគឺជាប្រមុខរដ្ឋ តំណាងឱ្យប្រទេសក្នុងកិច្ចការផ្ទៃក្នុង និងខាងក្រៅ។ ប្រធានរដ្ឋត្រូវបានបោះឆ្នោតដោយរដ្ឋសភា ក្នុងចំណោមសមាជិកសភា ដូច្នេះ សភានឹងអនុវត្តនីតិវិធីដើម្បី ដកលោក Phuc ពីតំណែងជាប្រធាន។
លោក ត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធានាធិបតីវៀតណាម កាលពីខែខែមេសា ឆ្នាំ ២០២១៕ ប្រភព៖ VNexpress ប្រែសម្រួលដោយ៖ សារ៉ាត