ឧត្តមសេនីយ៍ឯក ស ថេត បានអនុញ្ញាតឱ្យទីប្រឹក្សាទំនាក់ទំនង កិច្ចការងារនគរបាលនៃស្ថានទូតចិនចូលជួបពិភាក្សាការងារ
ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ បានអនុញ្ញាតឲ្យលោក លី ស៊ាងមិញ ( Mr. LI XIANG MING ) ទីប្រឹក្សា ទំនាក់ទំនងកិច្ចការនគរបាលនៃស្ថាន ទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណៈប្រតិភូចូល ជួបពិភាក្សាការងារ ដើម្បីពង្រឹងកិច្ចសហការប្រតិបត្តិការទំនាក់ ទំនងការងារជាមួយស្ថានទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាកិច្ចសហការប្រតិបត្តិការជាមួយស្នងការដ្ឋានសន្តិសុខសាធារណ: នគរបាលទីក្រុងប៉េកាំង។
អង្គភាពទាំងពីរត្រូវបានឯកភាពរវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈនៃសាធារណៈរដ្ឋប្រជាមានិតចិនបានចុះហត្ថលេខាកំណត់ហេតុកិច្ចប្រជុំស្តីពី(កិច្ចសហប្រតិបត្តិការ រឹតចំណងមេត្រីភាព)រវាងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនិងស្នងការដ្ឋាននគរបាលសន្តិសុខសាធារណៈទីក្រុងប៉េកាំងដែលបានធ្វើឡើងកាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅនេះ។
កិច្ចពិភាក្សាការងារ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេតក៏បានលើកឡើងស្វាគមន៍ចំពោះប្រតិភូដឹកនាំដោយលោក លី ស៊ាងមិញ ( Mr. LI XIANG MING ) ទីប្រឹក្សា ទំនាក់ទំនងកិច្ចការនគរបាលនៃស្ថានទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលបានអញ្ជើញមកបំពេញភារកិច្ចនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីជួបពិភាក្សាការងារ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ក៏បានលើកឡើងទៀតថា៖កន្លងមកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានមានទំនាក់កិច្ចសហប្រតិបត្តិការល្អជាមួយស្ថានទូតចិនក៏ដូចជាស្នងការដ្ឋាននគរបាលសន្តិសុខសាធារណៈទីក្រុងប៉េកាំងលើការងារសន្តិសុខ និងកិច្ចការងារមួយចំនួនទៀត ក្នុងការចូលរួមថែរក្សាការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់សុវត្ថិភាពសង្គមនិងកិច្ចសហការបង្ការទប់ស្កាត់បង្រ្កាបបទល្មើសទទួលបានលទ្ធល្អ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត បានលើកឡើងទៀតថា៖កម្ពុជាបច្ចុប្បន្នគឺមានសុខសន្តិភាព ស្ថិរភាព ប្រទេសជាតិមានការអភិវឌ្ឍន៍រីកចម្រើន ចំណែកការងារសន្តិសុខ សណ្តាប់ធ្នាប់សង្គមមានសុខសុវត្ថិភាពល្អ ជាពិសេសកម្ពុជាទើបតែបញ្ចប់ដោយជោគជ័យក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំពាក់ព័ន្ធ ធានាបានសុខសុវត្ថិភាពដល់ប្រតិភូប្រមុខរដ្ឋនានា។
លោក លី ស៊ាងមិញ ( Mr. LI XIANG MING ) ទីប្រឹក្សា ទំនាក់ទំនងកិច្ចការនគរបាលនៃស្ថានទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជាក៏បានលើកឡើងនិងវាយតម្លៃខ្ពស់ពីការរីកចម្រើនរបស់ប្រទេសកម្ពុជា តាមរយៈកត្តាសុខសន្តិភាពនិងស្ថិរភាពល្អ។
លោកលី ស៊ាងមិញ ( Mr. LI XIANG MING ) អរគុណដល់កម្លាំងនគរបាលរាជធានីភ្នំពេញកន្លងមកមានកិច្ច សហប្រតិបត្តិការល្អជាមួយស្ថានទូតចិនក៏ដូចជាសមត្ថកិច្ចចិនលើការងារសន្តិសុខនិងជាពិសេសបានការពាររក្សាសុវត្ថិភាពជនជាតិចិនដែលមកវិនិយោគនិងមកទេសចរ នៅរាជធានីភ្នំពេញទទួលបានភាពកក់ក្តៅ។ជាងនេះក៏បានលើកឡើងនូវការបន្តកិច្ចសហប្រតិបត្តិការការងាររវាងគ្នានិងគ្នាឱ្យកាន់តែរឹងមាំនិងប្រសើរឡើងថែមទៀតដើម្បីលើកកម្ពស់ការងារថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សុវត្ថិភាពសង្គមជាទូទៅ។
សូមបញ្ជាក់ថា៖ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងស្នងការដ្ឋាននគរបាលសន្តិសុខសាធារណៈទីក្រុងប៉េកាំងគឺបានចងចំណងមេត្រីភាពនៃកិច្ចសហប្រតិបត្តិការ ហើយកាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១កន្លងទៅនេះ ថ្នាក់ដឹកនាំនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងថ្នាក់ដឹកនាំនៃស្នងការដ្ឋាននគរាលសន្តិសុខសាធារណៈទីក្រុងប៉េកាំង ក៏បានបើកកិច្ចប្រជុំទ្វេភាគីតាម(ហ្ស៊ូមអនឡាញ) ក្នុងកិច្ចប្រជុំភាគីទាំងពីរក៏បានលើកឡើងនៃការជម្រុញពង្រឹងចំណងសាមគ្គឺភាពរវាងកម្ពុជា-ចិន ឱ្យកាន់តែរឹងមាំនិង គ្រប់ជ្រុងជ្រោយពិសេសការលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបតិការក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឧក្រិដ្ឋឆ្លងដែនគ្រប់ប្រភេទផងដែរ៕ ដោយ / គ្រី សម្បត្តិ