ប្រមុខការពារជាតិរុស្ស៊ីគូសបញ្ជាក់ ពីការផ្លាស់ប្តូរសំខាន់ៗ ចំពេលមានការបញ្ជូនអាវុធទំនើបៗ ពីលោកខាងលិច ទៅអ៊ុយក្រែន
មេដឹកនាំរុស្ស៊ីបានមើលឃើញការហូរចូលអាវុធទំនើបៗទៅក្នុងប្រទេសអ៊ុយក្រែន ហើយស្របពេលជាមួយគ្នានេះ ពួកគេបានចោទប្រកាន់សម្ព័ន្ធមិត្តរបស់អ៊ុយក្រែន នៅលោកខាងលិចថា បានធ្វើ “សង្រ្គាមប្រូកស៊ី” ប្រឆាំងនឹងរុស្ស៊ី។ ហើយឥឡូវនេះ មេដឹកនាំរុស្ស៊ីនិយាយថា អន្តរាគមន៍នេះបានបង្ខំពួកគេឱ្យធ្វើ “ការផ្លាស់ប្តូរដ៏សំខាន់” ចំពោះកម្លាំងយោធារបស់ខ្លួន។
ជាក់ស្តែង រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក សឺហ្គៃ សយហ្គូ បានប្រាប់ក្រុមមេបញ្ជាការក្នុងថ្ងៃអង្គារសប្តាហ៍នេះថា ពួកគេត្រូវការពង្រឹងកម្លាំងទ័ពជើងទឹក, ជើងអាកាស និងកម្លាំងមីស៊ីលយុទ្ធសាស្ត្រ ជាពិសេសពួកគេនឹងជ្រើសរើសទាហានបន្ថែមទៀតរហូតដល់ឆ្នាំ ២០២៦ ដើម្បីពង្រីកចំនួនកងទ័ពដល់ ១.៥លាននាក់។
លោក សយហ្គូ បានបញ្ជាក់យ៉ាងដូច្នេះថា ចំណាត់ការនេះគឺអាចធ្វើទៅបាន ដើម្បីធានាសន្តិសុខយោធារបស់រដ្ឋ និងដើម្បីការពារអង្គភាពដែនដីថ្មី និងកន្លែងសំខាន់ៗទៀតរបស់សហព័ន្ធរុស្ស៊ី ដោយការពង្រឹងធាតុផ្សំរចនាសម្ព័ន្ធសំខាន់ៗនៃកងកម្លាំងប្រដាប់អាវុធ។
លោក សយហ្គូ ដែលប្រឈមមុខនឹងការរិះគន់នៅក្នុងស្រុក ចំពោះការបរាជ័យរបស់រុស្ស៊ីនៅលើសមរភូមិនៅអ៊ុយក្រែននោះ បានអះអាងថា អាទិភាពចម្បង គឺត្រូវបន្តទៅមុខជាមួយនឹងអ្វីដែលមេដឹកនាំខ្លួនហៅថា “ប្រតិបត្តិការយោធាពិសេស” រហូតដល់វាត្រូវបានបញ្ចប់៕ ប្រភព៖ NHK ប្រែសម្រួលដោយ៖ បុត្រា