ទិន្នផលប្រេងរបស់រុស្ស៊ីកើនឡើងពីរភាគរយក្នុងឆ្នាំ ២០២២ បើទោះជាមានការដាក់ទណ្ឌកម្មក៏ដោយ
មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយនៅក្នុងថ្ងៃអង្គារសប្តាហ៍នេះថា ផលិតកម្មប្រេងរបស់ប្រទេសរុស្ស៊ីបានកើនឡើង ២ភាគរយកាលពីឆ្នាំ ២០២២ បើទោះបីជាមានការដាក់ទណ្ឌកម្មពីលោកខាងលិចក៏ដោយ។
នេះបើតាមការលើកឡើងរបស់វិមានក្រឹមឡាំង។

លោក ពូទីន បានបញ្ជាក់យ៉ាងដូច្នេះថា ខ្ញុំចង់និយាយជាពិសេសអំពីវិស័យប្រេង និងឧស្ម័ន។ ទោះបីជាមានសម្ពាធទណ្ឌកម្មដែលបានដាក់ពីមុនក៏ដោយ ក៏ផលិតកម្មប្រេងនៅក្នុងប្រទេសរុស្ស៊ីបានកើនឡើងប្រហែល ២ភាគរយ នៅក្នុងឆ្នាំ ២០២២ ខណៈបរិមាណនៃការផលិតមានចំនួន ៥៣៥ លានតោន។

ប្រធានាធិបតីរុស្ស៊ីរូបនេះបានកត់សម្គាល់ទៀតថា ស្របពេលដែលការផលិតឧស្ម័នធម្មជាតិបានធ្លាក់ចុះ ១១.៨ភាគរយនោះ តម្លៃឧស្ម័នសកលក៏បានកើនឡើងយ៉ាងខ្លាំងផងដែរ ដោយសារតែទណ្ឌកម្មរបស់ប្រទេសលោកខាងលិច។

លោកថា ជាលទ្ធផលនៃដំណើរការទាំងនេះ អ្នកផលិត និងអ្នកនាំចេញឧស្ម័នរបស់រុស្ស៊ី បានរួមចំណែកប្រាក់ចំណូលកាន់តែធំដល់ថវិកាសហព័ន្ធ៕


ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ បុត្រា