ហ្វីលីពីន៖ អ្នកកាសែតដ៏ល្បីឈ្មោះ ម៉ារីយ៉ា រ៉េសសា រួចទោស ពីសំណុំរឿងដែលគេចោទគាត់ថាគេចពន្ធ

ម៉ានីល៖ ម្ចាស់ជ័យលាភីណូបែលហ្វីលីពីន លោកស្រី ម៉ារីយ៉ា រ៉េសសា (Maria Ressa) ដែលជាអ្នកកាសែតដ៏ល្បីឈ្មោះ មួយ រូបនិងស្ថាប័នសារព័ត៌មានអនឡាញ Rappler របស់លោកស្រី ត្រូវបានរួចទោសពីបទគេចពន្ធ។

សេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍នៅថ្ងៃពុធនេះ បានផ្តល់ ជ័យ ជម្នះដល់លោកស្រី រ៉េសសា ក្នុងសំណុំរឿងដែលលោកស្រី បានពិពណ៌នាថាជាទម្រង់នៃការយាយី។ ប្រសិនបើមានទោស លោកស្រីនឹងត្រូវប្រឈមមុខជាប់ពន្ធនាគាររហូតដល់ ៣៤ ឆ្នាំ។
លោកស្រី រ៉េសសា(Ressa) ដែលឈ្នះរង្វាន់ណូបែលសន្តិភាព រួមជាមួយអ្នកកាសែតរុស្ស៊ី លោក Dmitry Muratov ក្នុងឆ្នាំ ២០២១ គឺជាប្រធានស្ថាប័នព័ត៌មាន Rappler ដែលល្បីខាង ការរាយការណ៍ស៊ីជម្រៅ និងឃ្លាំមើលយ៉ាងតឹងរ៉ឹងលើអតីត ប្រធានា ធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌុយទែរតេ។

ក្រោយសេចក្ដីសម្រេចនៅថ្ងៃពុធនេះ លោកស្រី រ៉េសសា បាន ថ្លែងយ៉ាងរំជើបរំជួលប្រាប់អ្នកសារព័ត៌មានថា៖ «ថ្ងៃនេះ តថភាពពិតជាឈ្នះ។ ការពិតឈ្នះ។ យុត្តិធម៌ឈ្នះ។ …ដូច ដែល អ្នកបានដឹងហើយថា ការចោទប្រកាន់ទាំងអស់នេះ ធ្វើឡើង ក្រោមហេតុផលនយោបាយ ជាការរំលោភអំណាចដ៏ គ្មានភាពខ្មាសអៀន ហើយមានបំណងចង់បញ្ឈប់អ្នកកាសែត ពីការបំពេញការងាររបស់ពួកគេ»។

លោកស្រី រ៉េសសា និយាយទៀតថា៖ «ករណីទាំងនេះ គឺជា កន្លែង ដែលទីផ្សារមូលធន នីតិរដ្ឋ និងសេរីភាពសារព័ត៌មាន ត្រូវតទល់មុខគ្នា។ ដូច្នេះការលើកលែងទោសនេះ មិនមែន សម្រាប់តែ Rappler ទេវាសម្រាប់ប្រជាជនហ្វីលីពីនគ្រប់រូប ដែលធ្លាប់រងការចោទប្រកាន់ដោយអយុត្តិធម៌»។

គួរបញ្ជាក់ថា ករណីគេចពន្ធរបស់លោកស្រី រ៉េសសា និង សារព័ត៌មាន Rappler កើតចេញពីការចោទប្រកាន់របស់ គណៈកម្មការមូលបត្រហ្វីលីពីន ដែលថា ស្ថាប័ននេះបាន រំលោភលើបទប្បញ្ញត្តិរដ្ឋធម្មនុញ្ញ ដែលហាមឃាត់កម្មសិទ្ធិ បរទេស និងការគ្រប់គ្រងរបស់ក្រុមហ៊ុនប្រព័ន្ធ ផ្សព្វផ្សាយ ហ្វីលីពីន នៅពេលទទួលបានមូលនិធិពីក្រុមហ៊ុន វិនិយោគ បរទេស Omidyar Network និង North Base Media តាមរយៈឯកសារហិរញ្ញវត្ថុដែលគេហៅថា ឯកសារប្រាក់ បញ្ញើហ្វីលីពីន( PDRs)។ ក្រោយមក ករណីនេះបានក្លាយជា មូលដ្ឋានដែលគណៈកម្មការមូលបត្រហ្វីលីពីនបានបញ្ជាឱ្យបិទ Rappler ខណៈស្ថាប័ននេះ បានបដិសេធ និងប្តឹងទៅឧទ្ធរណ៍ ដោយនិយាយថា វាជាក្រុមហ៊ុនសារព័ត៌មានទាំងស្រុង ហើយ គ្រប់គ្រងដោយប្រជាជនហ្វីលីពីន។

ក្នុងសេចក្ដីសម្រេចនៅថ្ងៃពុធនេះ សាលាឧទ្ធរណ៍បាន លើក ឡើងថា រដ្ឋអាជ្ញាបានបរាជ័យក្នុងការបង្ហាញ ថា លោកស្រី រ៉េសសា និង Rappler បានគេចវេសពីការបង់ពន្ធ ហើយ បន្តថា៖ «ការលើកលែងទោសជនជាប់ចោទ គឺផ្អែកលើការ រកឃើញរបស់តុលាការ ដែលចុងចោទមិនបានប្រព្រឹត្ត បទ ល្មើស នោះទេ»។ តុលាការសម្រេចថា PDRs ដែលចេញដោយ Rappler មិនជាប់ពន្ធបានទេ ហើយលុបចោលការចោទ ប្រកាន់ គេចពន្ធ ដែលដាក់ដោយរដ្ឋអាជ្ញាក្រសួងយុត្តិធម៌ ក្រោមការដឹកនាំរបស់លោក ឌុយទែរតេ។
ទោះយ៉ាងណាក៏ដោយ លោកស្រី រ៉េសសា ដែលមានវ័យ ៥៩ ឆ្នាំ នៅតែប្រឈមមុខនឹងករណីព្រហ្មទណ្ឌចំនួនបីផ្សេងទៀត រួមទាំងការចោទប្រកាន់ពីបទបរិហារកេរ្តិ៍តាមអ៊ិនធឺណិត ដែល បច្ចុប្បន្នកំពុងស្ថិតក្នុងបណ្តឹងឧទ្ធរណ៍ ដែលលោកស្រីអាច ប្រឈមមុខនឹងការជាប់ពន្ធនាគារជិតប្រាំពីរឆ្នាំ ប្រសិនបើ មានទោស។
កាលពីខែកញ្ញា ប្រធានាធិបតីហ្វីលីពីនលោក ហ្វឺឌីណាន់ ម៉ាកូស ជូនៀ បានថ្លែងថា លោកនឹងមិនជ្រៀតជ្រែកក្នុងសំណុំ រឿងរបស់លោកស្រី រ៉េសសា នោះទេ ដោយលើកឡើងពីការ បែង ចែកអំណាចរវាងផ្នែកនីតិប្រតិបត្តិ និងផ្នែកតុលាការ។

ហ្វីលីពីនមានឈ្មោះថាជាប្រទេសដ៏គ្រោះថ្នាក់មួយនៅអាស៊ីសម្រាប់អ្នកសារព័ត៌មាន។ ប្រទេសនេះចាប់ចំណាត់ថ្នាក់ទី ១៤៧ ក្នុងចំណោម ១៨០ ប្រទេស នៅក្នុងសន្ទស្សន៍សេរីភាព សារព័ត៌មាន ពិភពលោកឆ្នាំ ២០២២ ខណៈគណៈកម្មាធិការ ការពារអ្នកសារព័ត៌មាន បានដាក់ចំណាត់ថ្នាក់ហ្វីលីពីនលេខ ៧ លើពិភពលោក នៅក្នុងសន្ទស្សន៍និទណ្ឌភាពឆ្នាំ ២០២១៕
ដោយ៖ហួន ឌីណា
ប្រភព៖ Philippines’s Maria Ressa acquitted of tax evasion

ads banner