រដ្ឋមន្រ្តីក្រសួងផែនការ ប្រកាសផ្សព្វផ្សាយរបាយការណ៍ស្តីពីលទ្ធផលបឋមជំរឿនសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០២២
ភ្នំពេញ ៖ ក្រសួងផែនការបានរៀបចំ ពិធីប្រកាសផ្សព្វផ្សាយរបាយការណ៍ស្តីពីលទ្ធផលបឋមជំរឿនសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០២២ ក្រោមវត្តមានឯកឧត្តមកិត្តិសដ្ឋា បណ្ឌិតឆាយ ថន ទេសរដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងផែនការនាព្រឹកថ្ងៃទី១៨ ខែ មករា ឆ្នាំ ២០២៣ នៅណ្ឋាគាភ្នំពេញ។
លោកជំទាវ ហង់ លីណា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកអគ្គនាយក វិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ ថ្លែងថា ការធ្វើជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២ គឺជាប្រតិបត្តិការស្ថិតិដ៏ធំមួយដែលអាចសម្រេចបានដោយ មានការឧបត្ថម្ភគាំទ្រ និង សហការយ៉ាងជិតស្និទ្ធពីគ្រប់អង្គភាពទាំងអស់។ ភាពជោគជ័យមួយទៀតនៃការធ្វើជំរឿនសេដ្ឋកិច្ច គឺបានពីការចូលរួមរបស់ម្ចាស់អង្គភាពសេដ្ឋកិច្ចគ្រប់ប្រភេទទាំងអស់(ខ្នាតមីក្រូ ខ្នាតតូច មធ្យម និងធំ) ដែលបានចំណាយពេលដ៏មមាញឹក និងមានតម្លៃ ដើម្បីផ្តល់ ព័ត៌មាន ទិន្នន័យ អំពីអង្គភាពសេដ្ឋកិច្ច សហគ្រាស អាជីវកម្ម សិប្បកម្ម ពាណិជ្ជកម្ម ជាដើម ជូនដល់មន្រ្តីជំរឿន ដែលបានបញ្ចប់ការងារដោយជោគជ័យ ។
ឯកឧត្តមកិត្តិសដ្ឋា បណ្ឌិត ឆាយ ថន បានមានប្រសាសន៍ថា គោលបំណង និងសារសំខាន់នៃការងារជំរឿនសេដ្ឋកិច្ច គឺជា តម្រូវការចាំបាច់មិនអាចខ្វះបាន ដើម្បីធ្វើបច្ចុប្បន្នភាពនៃខឿនសេដ្ឋកិច្ចកម្ពុជា អំពីមូលដ្ឋានគ្រឹះ នៃអង្គភាពសេដ្ឋកិច្ច សហគ្រាសឧស្សាហកម្ម ពាណិជ្ជកម្ម និងសេវាកម្ម ដែលឆ្លុះបញ្ចាំងអំពី ទិន្នន័យព័ត៌មានអំពីសកម្មភាពផលិតកម្មរបស់អង្គភាពសេដ្ឋកិច្ច ទំហំខ្នាតទាំងអស់ (មីក្រូ ខ្នាត តូច មធ្យម និងធំ) និងប្រភេទលក្ខណៈនៃរចនាសម្ព័ន្ធអង្គភាពសេដ្ឋកិច្ចកម្លាំងពលកម្ម ឬអ្នកចូលរួមការងារ ស្ថានភាពហិរញ្ញវត្ថុ និងសូចនាករផ្សេងៗទៀត របស់អង្គភាពសេដ្ឋកិច្ច ដែលស្ថិត នៅក្នុងវិស័យ អាជីវកម្មរ៉ែ, កម្មន្តសាល, សំណង់, ការផ្គត់ផ្គង់អគ្គិសនី ឧស្ម័ន ហ្គាស, ការផ្គត់ផ្គង់ទឹក, ការងារគ្រប់គ្រងកាកសំណល់, ពាណិជ្ជកម្ម និងសេវាកម្មផ្សេងៗទៀត សម្រាប់ឆ្លើយ តបទៅនឹងតម្រូវការទិន្នន័យចាំបាច់ដែលកើនឡើងជាលំដាប់របស់អ្នកប្រើប្រាស់ ពីបណ្តាក្រសួង ស្ថាប័ននៃរាជរដ្ឋាភិបាលកម្ពុជា មន្ត្រីរាជការថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អង្គការមិនមែនរដ្ឋាភិ បាល ផ្នែកវិស័យឯកជន សហគមន៍ជាតិ និងអន្តរជាតិ ក្រុមអ្នកស្រាវជ្រាវ និងដៃគូអភិវឌ្ឍនានា។
លើសពីនេះ ទិន្នន័យជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២ នឹងរួមចំណែកក្នុងដំណើរការអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ, គោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច បរិស្ថាន សង្គម និងវប្បធម៌ របស់រាជរដ្ឋាភិបាលកម្ពុជា, ការគណនាកំណើនសេដ្ឋកិច្ច ក្នុងការគាំទ្រធ្វើផែនការដោយផ្អែកលើ ស្ថិតិជាមូលដ្ឋាន និងការអភិវឌ្ឍប្រព័ន្ធស្ថិតិជាតិនៃកម្ពុជាផងដែរ។
ឯកឧត្តម រដ្ឋមន្រ្តីក្រសួងផែនការបានបញ្ជាក់ថាការអនុវត្តជំរឿនសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០២២ គឺជាការងារដ៏សំខាន់ លើកទីពីរជាប្រវត្តិសាស្ត្រ ដែលគាំទ្រថវិកាទាំងស្រុងពីរាជរដ្ឋាភិបាលកម្ពុជា បន្ទាប់ពីជំរឿនសេដ្ឋ កិច្ចត្រូវបានធ្វើលើកទី១នៅឆ្នាំ២០១១ ដែលគាំទ្រដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ ន ប្រទេសជប៉ុន(JICA)។ របាយការណ៍លទ្ធផលបឋមនៃជំរឿនសេដ្ឋកិច្ច ឆ្នាំ២០២២ ត្រូវបាន រៀបចំឡើងយ៉ាងយកចិត្តទុកដាក់ដោយផ្អែកលើការប្រមូលទិន្នន័យកំណត់នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ កាលបរិច្ឆេទយោងនៃជំរឿនសេដ្ឋកិច្ច ហើយនិងការធ្វើប្រតិបត្តិការចុះសម្ភាសន៍ ចាប់ពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២។
ឯកឧត្តម ទេសរដ្ឋមន្រ្តី ឆាយ ថន ក៍បានថ្លែងអំណរគុណសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះ រាជាណាចក្រកម្ពុជា ដែលបានជួយគាំទ្រជាបន្តបន្ទាប់ដល់សកម្មភាព ស្ថិតិ និងសូមថ្លែងអំណរគុណចំពោះ ធនាគារពិភពលោក (The World Bank) ទីភ្នាក់ងារ អូស្ត្រាលី សម្រាប់កិច្ចការ អន្តរជាតិនិងពាណិជ្ជកម្ម (Australian Aid) ដែលបានផ្ដល់ការគាំទ្រ តាមរយៈជំនួយបច្ចេកទេស។ ព្រមទាំងបានថ្លែងអំណរគុណ ឯកឧត្តម លោក ជំទាវ លោក លោកស្រី អាជ្ញាធរមូលដ្ឋាន ក្រសួង ស្ថាប័នពាក់ព័ន្ធនានា ដែលបានចូលរួម ក្នុងដំណើរការ និងការប្រព្រឹត្តទៅនៃការធ្វើជំរឿនសេដ្ឋកិច្ចនៅព្រះ រាជាណាចក្រកម្ពុជាឆ្នាំ២០២២ឱ្យសម្រេចបានជោគជ័យនូវលទ្ធផលដ៏ត្រចះត្រចង់ ៕ ដោយ-រ៉ាវុធ