វៀតណាមជឿថា ការនាំចេញឈើរបស់ខ្លួននឹងកើនឡើងដល់កំណត់ត្រា ១៨ ពាន់លានដុល្លារ នៅឆ្នាំនេះ
ហាណូយ៖ ចំណូលនៃការនាំចេញឈើ និងផលិតផលឈើត្រូវបានគេរំពឹងថា នឹងកើនឡើងខ្ពស់បំផុតចំនួន ១៨ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៣ ដោយគ្រាប់ឈើ និងបន្ទះឈើត្រូវបានគេព្យាករណ៍ថា នឹងចូលទៅក្នុង ទំហំទឹកប្រាក់ចំនួន១ ពាន់លានដុល្លារ។
ប្រធានសមាគមឈើ និងផលិតផលព្រៃឈើវៀតណាម លោក Do Xuan Lap បាននិយាយថា តួលេខនេះនឹងតំណាងឱ្យអត្រាកំណើនពី ៧-៩%។ ឧស្សាហកម្មនឹងផ្តោតលើការបង្កើនសមត្ថភាពប្រកួតប្រជែងរបស់សហគ្រាសដោយកាត់បន្ថយការប្រើប្រាស់ឈើដែលនាំចូល អនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្នុងការលើកកម្ពស់ផលិតភាពការងារ និងការបង្កើនការផ្លាស់ប្តូរឌីជីថលដើម្បីកាត់បន្ថយថ្លៃដើមផលិតកម្ម។
ជាការពិត នៅក្នុងត្រីមាសទី ៤ ឆ្នាំ ២០២២ ចំនួននៃការបញ្ជាទិញបានថយចុះ ហើយបរិយាកាសអាប់អួរអាចនឹងបន្តរហូតដល់ចុងត្រីមាសទី ១ ឆ្នាំ ២០២៣។ ទោះជាយ៉ាងណាក៏ដោយ អាជីវកម្មភាគច្រើនជឿថា ស្ថានភាពអាចចាប់ផ្តើមភ្លឺពីត្រីមាសទីពីរ។
បច្ចុប្បន្ននេះ វៀតណាមគឺជាប្រទេសនាំចេញគ្រាប់ឈើធំជាងគេទីពីររបស់ពិភពលោក ហើយតម្លៃនៃការនាំចេញផលិតផលនេះត្រូវបានគេព្យាករណ៍ថា នឹងលើសពី ១ ពាន់លានដុល្លារ នៅឆ្នាំនេះ៕
ប្រភពពី VNexpress ប្រែសម្រួលដោយ៖ សារ៉ាត