តុលាការផ្តន្ទាទោស គឹម សុខ ដាក់ពន្ធនាគារ១៨ខែ

ភ្នំពេញ៖ តុលាការបានប្រកាសសាលក្រមកំបាំងមុខផ្តន្ទាទោសលោកគឹម សុខ ដាក់ពន្ធនាគារកំណត់រយៈពេល១៨ខែ និងពិន័យជាប្រាក់ចំនួន៨លានរៀល សម្រាប់ដាក់ចូល ក្នុងថវិកាជាតិ។ ការរកាសសាលក្រមនេះ នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣នេះ។

ជាមួយគ្នានេះ លោកចៅក្រម សេង សុជាតិ ជាចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ ក៏បានបង្គាប់ឱ្យជនជាប់ចោទ ឈ្មោះ គឹម សុខ ត្រូវសងថ្លៃជម្ងឺចិត្តចំនួន៥០លានរៀល ដល់លោកមេធាវី គី តិច ជាអ្នកតំណាងឱ្យសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។

ចៅក្រមក៏បានចេញដីកាបង្គាប់ឱ្យស្វែងរកតាមចាប់ខ្លួនជនជាប់ចោទឈ្មោះ គឹម សុខ ដើម្បីនាំខ្លួនគាត់ មកឃុំខ្លួននៅក្នុងពន្ធនាគារព្រៃស (មណ្ឌលកែប្រែម១) (ម១) នៅក្នុងរាជធានីភ្នំពេញ តាមសាលក្រមរបស់តុលាការ។

គួរបញ្ជាក់ថា នៅក្នុងក្នុងសំណុំរឿងក្តីព្រហ្មទណ្ឌនេះ ជនជាប់ចោទឈ្មោះ គឹម សុខ ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីចំនួន២បទ ល្មើស គឺ១.បទអំពីញុះញង់ឱ្យប្រព្រឹត្តអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និង២.បទបរិហាកេរ្ត៏សាធារណៈ តាមបញ្ញត្តិមាត្រា ៤៩៤ ៤៩៥ និងមាត្រា ៣០៥ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។

ជនជាប់ចោទឈ្មោះ គឹម សុខ ត្រូវបានប្តឹងដោយលោកមេធាវី គី តិច ជាអ្នកតំណាងឱ្យ សម្តេចតេជោ ហ៊ុនសែន ដែលជាភាគីរដ្ឋប្បវេណី ជាប់ពាក់ព័ន្ធនឹងការធ្វើបទសម្ភាសន៍របស់ឈ្មោះ គឹម សុខ ជាមួយនឹងវិទ្យុអាស៊ីសេរី ដែលការនិយាយរបស់ជនជាប់ចោទចោទនោះ គឺ ជាព័ត៌មានមិនពិត មានចារឹកញុះញង់ ឬបំផុសកំហឹងមហាជនឱ្យយល់ច្រឡំស្អប់ខ្ពើម ខឹង និងរើសអើង ចំពោះប្រមុខថ្នាក់ដឹកនាំជាតិ និងបានទម្លាក់កំហុសលើថ្នាក់ដឹកនាំ នៃរាជរដ្ឋាភិបាលកម្ពុជា ប្រព្រឹត្តនៅក្នុងរាជធានីភ្នំពេញ កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០១៧៕
ដោយ៖ពលជ័យ

ads banner