ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបទទួលបានការអនុញ្ញាតឱ្យសាងសង់អាកាសយានដ្ឋានអន្តរជាតិនៅកោះរ៉ុង

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបទទួលសិទ្ធិសាងសង់អាកាសយាន ដ្ឋាន អន្តរជាតិតម្លៃ៣០០លានដុល្លារនៅកោះរ៉ុង។នៅថ្ងៃទី១៨ខែមករា រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បាន ចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចព្រមព្រៀង និងទទួលស្គាល់ ផែនការមេ (Acceptance of Master Plan) លើគម្រោង សាង សង់ អាកាសយានដ្ឋានអន្តរជាតិអេកូទេសចរណ៍កោះរ៉ុង នៅលើ តំបន់ អភិវឌ្ឍន៍កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ដែល គម្រោងនេះ ចំណាយថវិកាសាងសង់សរុប៣០០លានដុល្លារ និងត្រូវបញ្ចប់ ក្នុងរយៈពេល៥ឆ្នាំ។

ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីប្រតិភូទទួលបន្ទុករដ្ឋលេខាធិការ ដ្ឋានអាកាសចរស៊ីវិល បានថ្លែងថា គម្រោងអភិវឌ្ឍនេះស្ថិតនៅក្នុង ក្របខ័ណ្ឌនៃការវិនិយោគពហុបំណងរួមសម្រាប់ក្រុងកោះរ៉ុងទាំងមូល ដែលជាការវិនិយោគរបស់វិស័យឯកជន ហើយមានលក្ខណៈស្រដៀង គ្នានឹងការវិនិយោគរបស់ក្រុមហ៊ុនយ៉ូញៀន (UDG) នៅតំបន់ តារាសាគរ ដែរ។ មានន័យថាជាការវិនិយោគរបស់ ឯកជន១០០ ភាគ រយ ។ឯកឧត្តមបានបន្ថែមថា គម្រោងនេះក៏មានសង្គតិភាពជាមួយ នឹងចក្ខុវិស័យផែនការគោលនយោបាយ និងទិសដៅយុទ្ធសាស្រ្ត អភិវឌ្ឍរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។

ឯកឧត្តមបានបញ្ជាក់ថា៖«ការចូលរួមក្នុងភាពជាដៃគូ ពីក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បានបង្ហាញពីសញ្ញាណវិជ្ជមានមួយ សម្រាប់ជំរុញ ឱ្យមានកំណើននិងការទ្រទ្រង់ចីរភាពនៃកំណើនសេដ្ឋកិច្ចកម្ពុជា សម្រាប់រយៈពេលវែង ជាពិសេសបង្កើនសមត្ថភាពប្រកួតប្រជែង ក្នុងការដឹកជញ្ជូនអ្នកដំណើរ និងទំនិញ ក្នុងនិងក្រៅស្រុកតាមផ្លូវ អាកាសរបស់កម្ពុជា ក្នុងបរិការណ៍នៃសមាហរណកម្មសេដ្ឋកិច្ចតំបន់ និងពិភពលោក»។

ឯកឧត្តមបានបន្តថា វិស័យឯកជននាំមកនូវបច្ចេកវិទ្យាទំនើប នវានុវត្តភាព ប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាពស្របតាម ឧត្តមានុវត្តជាអន្តរជាតិ ក្នុងការរួមចំណែកលើកកម្ពស់ ការផ្តល់សេវា សាធារណៈ និងការគ្រប់គ្រងហានិភ័យ ព្រមទាំងកាត់បន្ថយបន្ទុក ចំណាយ របស់រដ្ឋ។

អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុន Royal Group Development Company បានឱ្យដឹងថា ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ខូអិលធីឌី បានចុះហត្ថលេខាជួលកោះរ៉ុង ជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍ កម្ពុជា ដែលជាភាគីតំណាងឱ្យរាជរដ្ឋាភិបាលកម្ពុជា ដើម្បីអភិវឌ្ឍជា តំបន់អភិវឌ្ឍន៍ពាណិជ្ជកម្ម រមណីយដ្ឋានទេសចរធម្មជាតិ រួមទាំង ហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋានផងដែរកាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០០៨។
អ្នកឧកញ៉ាបានបញ្ជាក់ថា៖« ក្រោយមកការអភិវឌ្ឍនៅ ក្នុងតំបន់ កោះរ៉ុងនោះ ត្រូវបានធ្វើឡើងជាបន្តបន្ទាប់រួមមាន ចាក់ផ្លូវក្រួស ក្រហម នៅក្នុងឆ្នាំ២០០៩, សាងសង់សណ្ឋាគារលំដាប់ផ្កាយ៣ តម្លៃ១៥លានដុល្លារនៅឆ្នាំ២០១៣ ,សណ្ឋាគារលំដាប់ផ្កាយ៣ តម្លៃ៤០លានដុល្លារ នៅឆ្នាំ២០១៥,ចាក់ផ្លូវបេតុង តម្លៃ៣៥លាន ដុល្លារ នៅក្នុងឆ្នាំ២០២០,តខ្សែកាបអគ្គិសនីក្រោមបាត សមុទ្រ នៅឆ្នាំ២០២២និងចុងក្រោយនេះអាកាសយានដ្ឋានអន្តរជាតិអេកូទេសចរណ៍កោះរ៉ុងតម្លៃ៣០០លានដុល្លារ(លំដាប់ 4C) ។

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានប្រាប់ថា អាជ្ញាធរ ខេត្តព្រះសីហនុ មានការសាទរយ៉ាងខ្លាំងចំពោះការអភិវឌ្ឍ គម្រោង ហេដ្ឋារចនាសម្ព័ន្ធធំបែបនេះ ដែលវាចូលរួមចំណែកក្នុងការអភិវឌ្ឍ សេដ្ឋកិច្ចជាតិ ដោយនេះជាការបង្ហាញពីទំនុកចិត្តរបស់អ្នកវិនិយោគ ចំពោះរាជរដ្ឋាភិបាលកម្ពុជា។

លោកបានបញ្ជាក់បន្ថែមថា៖« យើងសូមគាំទ្រចំពោះគម្រោងបែប នេះ ដែលវានឹងជួយសេដ្ឋកិច្ចជាតិ កាត់បន្ថយភាពក្រីក្រ ។ជា ពិសេសបម្រើឱ្យសេវាកម្មទេសចរណ៍។ដូចដែលយើងដឹងស្រាប់ថា អាកាសយានដ្ឋាននេះ ជាអាកាសយានដែលវិនិយោគដោយ ទុនរបស់ ឯកជនសុទ្ធសាធ ប៉ុន្តែត្រូវមានការត្រួតពិនិត្យយ៉ាងត្រឹមត្រូវទៅតាម ស្តង់ដារបច្ចេកទេសរបស់អាកាសចរស៊ីវិលរបស់យើង និងការសម្រប សម្រួលពីសំណាក់អាជ្ញាធរដែនដី»។
លោកបានបន្ថែមថា ប្រជុំកោះរ៉ុង សុទ្ធតែជាតំបន់ដែលមានប្រជុំ ប្រព័ន្ធអេកូទេសចរណ៍ ជីវៈចម្រុះគ្រប់ប្រភេទ។ ដូច្នេះការសាងសង់ អាកាសយានដ្ឋាននេះ គឺបង្ហាញពីភាពសម្បូរបែបទៅលើហេដ្ឋា រចនា សម្ព័ន្ធ ដែលគាំទ្រដល់វិស័យទេសចរណ៍ក្នុងខេត្តព្រះសីហនផ្ទាល់។
បើតាមរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល អាកាសយានដ្ឋាន អន្តរជាតិ អេកូទេសចរណ៍កោះរ៉ុងនេះ គឺជាអាកាសយានដ្ឋាន អន្តរជាតិថ្មីទី៤ ដែលបានធ្វើការវិនិយោគដោយមានការចូលរួម ពីវិស័យឯកជន បន្ទាប់ពីអាកាសយានដ្ឋានអន្តរជាតិតារាសាគរ, អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ, និងអាកាសយានដ្ឋាន អន្តរជាតិតេជោ៕
ដោយ៖វណ្ណ សុជាតា

ads banner