ប្រទេសប៉ាស៊ីហ្វិក ជំរុញឱ្យជប៉ុនពន្យារពេលបញ្ចេញកាក សំណល់ នុយក្លេអ៊ែរហ្វូគូស៊ីម៉ា

ជប៉ុន៖វេទិកាកោះប៉ាស៊ីហ្វិក (PIF) បាននិយាយនៅថ្ងៃពុធ ទី១៨ ខែមករាថា ប្រទេសកោះប៉ាស៊ីហ្វិកកំពុងជំរុញឱ្យប្រទេសជប៉ុន ពន្យារពេលការបញ្ចេញកាកសំណល់នុយក្លេអ៊ែរហ្វូគូស៊ីម៉ា ដោយ សារតែការភ័យខ្លាចថានឹងបង្កការបំពុលដល់ជលផលសមុទ្រ។

ការជំរុញនេះធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលជប៉ុនបានប្រកាសកាលពីសប្ដាហ៍មុនថា កាកសំណល់ទឹកពីរោងចក្រថាមពលនុយក្លេអ៊ែរ ហ្វូគូស៊ីម៉ា ដែលរងការបំផ្លាញដោយសារគ្រោះរញ្ជួយដីឆ្នាំ ២០១១ ជាង ១ លានតោន អាចបញ្ចេញទៅក្នុងសមុទ្រនៅរដូវផ្ការីក ឬរដូវក្តៅ ខាងមុខនេះ ក្រោយដំណើរការដកយកសារធាតុវិទ្យុសកម្មចេញ ចាប់ ផ្ដើមតាំងពីខែមេសាឆ្នាំ ២០២១។

ការប្រកាសរបស់ជប៉ុន បានបង្កើនការព្រួយបារម្ភពីបណ្តា ប្រទេស កោះនៅប៉ាស៊ីហ្វិក ដែលនៅតែជាប់គាំងពីផលប៉ះពាល់នៃ ការធ្វើ តេស្តនុយក្លេអ៊ែរក្នុងមហាសមុទ្រកាលពីទសវត្សរ៍មុននៅឡើយ។ PIF ដែលជាប្លុកក្នុងតំបន់នៃប្រទេសកោះចំនួន ១៧ បានអះអាងថា ការបញ្ចេញទឹកអាចជះឥទ្ធិពលយ៉ាងអាក្រក់ទៅលើកន្លែងនេសាទ ដែលសេដ្ឋកិច្ចកោះពឹងផ្អែកលើ និងជាទីជម្រកត្រីធូណារបស់ពិភព លោករហូតដល់ពាក់កណ្ដាល។
អគ្គលេខាធិការ PIF លោក Henry Puna បាននិយាយក្នុងកិច្ចប្រជុំ សាធារណៈនៅទីក្រុងសូវ៉ាប្រទេសហ្វីជីថា៖ «តំបន់របស់យើងប្រកាន់ ខ្ជាប់ថា នឹងមិនមានការបង្ហូរចេញ(កាកសំណល់នុយក្លេអ៊ែរ)ទេ រហូតដល់គ្រប់ភាគីទាំងអស់ផ្ទៀងផ្ទាត់ថាមានសុវត្ថិភាពហើយ»។ លោកបន្ថែមថា៖ «យើងត្រូវតែទប់ស្កាត់សកម្មភាពដែលនឹងនាំ ឬបំភាន់យើងឆ្ពោះទៅរកគ្រោះមហន្តរាយនៃការបំពុលនុយក្លេអ៊ែរដ៏ធំមួយផ្សេងទៀតនៅក្នុងដៃរបស់អ្នកដទៃ»។ លោកគូសបញ្ជាក់ថា ប្រជាជននៃកោះប៉ាស៊ីហ្វិក បានបន្តប្រឈមមុខនឹងផលប៉ះពាល់ដែល បន្សល់ទុកពីការធ្វើតេស្តនុយក្លេអ៊ែរជារៀងរាល់ថ្ងៃ»។

គួររំឭកថា សហរដ្ឋអាមេរិកបានធ្វើការសាកល្បងនុយក្លេអ៊ែរនៅ លើកោះប៉ាស៊ីហ្វិកក្នុងទសវត្សរ៍ឆ្នាំ ១៩៤០ និង ១៩៥០ ហើយ ប្រទេស Marshall Islands នៅតែបន្តយុទ្ធនាការទាមទារសំណង បន្ថែមទៀតពីទីក្រុងវ៉ាស៊ីនតោន ជុំវិញផលប៉ះពាល់សុខភាព និង បរិស្ថានយូរអង្វែង។

ជាមួយគ្នានោះ បារាំងក៏បានធ្វើការសាកល្បងបរមាណូរវាងឆ្នាំ ១៩៦៦ និង ១៩៩៦ នៅកោះ Mururoa Atoll ក្នុងទឹកដីប៉ាស៊ីហ្វិក របស់បារាំង។

គួរបញ្ជាក់ថា ការបញ្ចេញកាកសំណល់ទឹកពីរោងចក្រ នុយក្លេអ៊ែរ ហ្វូគូស៊ីម៉ា គឺជារឿងដ៏ចម្រូងចម្រាស់មួយរបស់ជប៉ុន ដែលធ្វើឱ្យ ប្រទេសផ្សេងទៀតក្នុងតំបន់ក្រៅពីបណ្ដាកោះប៉ាស៊ីហ្វិក រួមមានចិន និងកូរ៉េខាងត្បូង បង្ហាញការព្រួយបារម្ភ។
អ្នកវិទ្យាសាស្ត្រនៅវិទ្យាស្ថាន Woods Hole Oceanographic លោក Ken Buesseler បានប្រាប់វេទិកានៅថ្ងៃពុធថា ក្រុមអ្នក ជំនាញ វិទ្យាសាស្ត្រ PIF កំពុងជំរុញឱ្យប្រទេសជប៉ុនពិចារណា ឡើងវិញ នូវការបញ្ចេញកាកសំណល់ ព្រោះវាមិនមានទិន្នន័យ ច្បាស់លាស ហើយត្រូវការព័ត៌មានបន្ថែម។ លោកបន្តថា វិទ្យុសកម្មធ្វើចលនាឆ្លងកាត់មហាសមុទ្រជាមួយនឹងចរន្តទឹក និងជំនោរ ហើយហានិភ័យខ្ពស់គឺការបំពុលត្រី។

ជុំវិញបញ្ហានេះផងដែរ ក្រសួងការបរទេសជប៉ុនធ្លាប់បាន និយាយ កាលពីមុនថា និយតករជប៉ុនចាត់ទុកថាវាមានសុវត្ថិភាពក្នុងការ បញ្ចេញកាកសំណល់ទឹក តាមរយៈការត្រងយកអ៊ីសូតូបភាគច្រើន ប៉ុន្តែនឹងនៅតែមានទ្រីទីយ៉ូម ដែលជាអ៊ីសូតូបរបស់អ៊ីដ្រូសែនពិបាក បំបែក ចេញពីទឹក៕
ដោយ៖ហួន ឌីណា

ads banner