ប្រជាពលរដ្ឋខ្មែរកាត់ចិន បាននាំគ្នាសម្រុកមកទិញគ្រឿងរណ្ដាប់សែន ទុកសម្រាប់ពិធីបុណ្យចូលឆ្នាំចិន ខណៈខិតជិតមកដល់ខាងមុខនេះ
ភ្នំពេញ ៖ បងប្អូនប្រជាពលរដ្ឋខ្មែរកាត់ចិន បាននាំគ្នាសម្រុកមកទិញគ្រឿងរណ្ដាប់សែន ទុកសម្រាប់ពិធីបុណ្យចូលឆ្នាំចិន នៅថ្ងៃទី២១ ខិតជិតមកដល់នាពេលខាងមុខនេះ ដើម្បីត្រៀមជាលក្ខណៈឱ្យបានរួចរាល់ជាមុនកុំមានការខ្វះខាត សម្រាប់រយៈពេលប៉ុន្មានថ្ងៃនេះ នៅតាមផ្សារនានា ក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្ត គឺមានសកម្មភាពមមាញឹកទាំងអ្នកលក់ និងអ្នកទិញ ដែលភាគច្រើនផ្ដោតលើការទិញគ្រឿងដង្វាយផ្សេងៗសម្រាប់ការសែនព្រេន ជាពិសេស ការតុបតែងផ្ទះសំបែង នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិចិន ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២១ និង២២-២៣-២៤ ខែមករា ឆ្នាំ២០២៣ ខណៈនៅថ្ងៃសៅរ៍ ទី២១ គឺជាថ្ងៃសែន។
បងប្រុសម្នាក់ ដែលជាអាជីវករលក់ដូរ ក្នុងផ្សារអូឬស្សី បានប្រាប់ក្រុមការងារ (AMS) នៅព្រឹកថ្ងៃទី១៩ ខែមរា ឆ្នាំ២០២៣នេះ ឱ្យដឹងថា ឱ្យតែមានពិធីពិធីបុណ្យសាសនាផ្សេងៗ បងប្អូនប្រជាពលរដ្ឋជាច្រើន បាននាំគ្នាមកទិញគ្រឿងរណ្តាប់ប្រើប្រាសចំបាច់ទុកមុនយ៉ាងហោចណាស់ប្រាំថ្ងៃមុន ជាមួយគ្នានេះ ខណៈដែលបុណ្យចូលឆ្នាំចិន បានខិតជិតមកដល់ឃើញថា បងប្អូនប្រជាពលរដ្ឋខ្មែរកាត់ចិន ជនជាតិចិន និងវៀតណាម បាននាំគ្នាមកទិញទំនិញយ៉ាងច្រើនកុះករ ដែលធ្វើឱ្យផ្សារទាំងមូលមានមនុស្សច្រើនកោះករខុសពីថ្ងៃធម្មតា។
សូមបញ្ជាក់ផងដែរថា ពិធីបុណ្យចូលឆ្នាំចិន គឺជាជំនឿរបស់បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលជាប់ជាខ្សែស្រឡាយចិន គោរពប្រតិបត្តិនូវជំនឿផ្សេងៗជាច្រើន ដោយក្នុងនោះ រួមមាន៖ បិទយ័ន្តមុខផ្ទះ លោតម៉ុងសាយ ការសែនព្រេនមានម្ហូបអាហារ នុំចំណី ផ្លែឈើតាមចំណងចំណូលចិត្ត ដុតក្រដាស អុជធូបនៅព្រះវិហារ យកអំពៅខ្មៅ ស្លឹកមានយកចូលផ្ទះ និងដាក់តាំងដើមអង្គាសីលនៅក្នុងផ្ទះ ជាពិសេសនោះ គឺមានដំណមជាច្រើន ក្នុងរយៈពេលបីថ្ងៃ មិនត្រូវធ្វើឱ្យមានការល្អក់កករ នាំឱ្យប៉ះពាល់ដល់មង្គល និងសិរីសួរស្តីឆ្នាំថ្មីនោះឡើយ៕
ដោយ៖ ឆៃហួត