តំណាង ឯកឧត្តម ជា សុផារ៉ា អញ្ជើញចូលរួមប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីររៀបចំដែនដី នគរូបណីយកម្ម សំណង់ និងសុរិយោដីខេត្តស្វាយរៀង
(ស្វាយរៀង)៖ ឯកឧត្តម ថេង ច័ន្ទសង្វារ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣នេះ បានអញ្ជើញប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីររៀបចំដែនដី នគរូបណីយកម្ម សំណង់ និងសុរិយោដីខេត្តស្វាយរៀង។
យោងសេចក្តីសម្រេច លោក គឹម ពិសិដ្ឋ ប្រធានមន្ទីររៀបចំដែនដី នគរូបណីយកម្ម សំណង់ និងសុរិយោដីខេត្តស្វាយរៀង ទៅជាប្រធានមន្ទីរប្រធានមន្ទីររៀបចំដែនដី នគរូបណីយកម្ម សំណង់ និងសុរិយោដី ខេត្តស្ទឹងត្រែង។ លោក ម៉ិញ ស៊ីចាយ ពីប្រធានមន្ទីររៀបចំដែនដី នគរូបណីយកម្ម សំណង់ និងសុរិយោដីខេត្តស្ទឹងត្រែងទៅជាប្រធានមន្ទីរប្រធានមន្ទីររៀបចំដែនដី នគរូបណីយកម្ម សំណង់ និងសុរិយោដី ខេត្តស្វាយរៀង។
ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានថ្លែងថា ក្នុងនាមរដ្ឋបាលខេត្តសូមសម្ដែងនូវការកោតសរសើរ និងថ្លែងនូវការអរគុណ ចំពោះលោក គឹម ពិសិដ្ឋ ដែលក្នុងរយៈពេល ២៨ឆ្នាំ បម្រើការងារជាមន្រ្តីសុរិយោដីក្នុងមូលដ្ឋានខេត្តស្វាយរៀង និងក្នុងនាមជាប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត រយៈពេល ១០ឆ្នាំកន្លងមកនេះ បានសហការ និងមានទំនាក់ទំនងយ៉ាងល្អប្រសើរជាមួយរដ្ឋបាលខេត្ត អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ សមត្ថកិច្ច និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ។
ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា មន្ទីរសូរិយោដី ក៏បានកសាងផែនការប្រើប្រាស់ដីធ្លី ការសម្របសម្រួលក្នុងកិច្ចការសម្បទានដីសង្គមកិច្ច ការសាងសង់ផ្ទះជូនគ្រួសារអតីតយុទ្ធជន ជាពិសេសលើការងារសម្របសម្រួលដោះស្រាយទំនាស់ដីធ្លី កន្លងមក គឺពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល ក្រសួង និងរដ្ឋបាលខេត្ត ក្នុងការលើកកម្ពស់សុវត្ថិភាពក្នុងការកាន់កាប់ដីធ្លី ដែលជាបច្ច័យជួយជំរុញនូវកំណើនសេដ្ឋកិច្ច សង្គម ប្រកបដោយនិរន្តរ៍ភាព និងសុខដុមនីយកម្ម។
ឯកឧត្តម ថេង ចន្ទ័សង្វារ បានថ្លែងថា ខេត្តចំនួន ៤ក្នុងនោះមានខេត្តស្វាយរៀងមួយដែរ ដែលរាជរដ្ឋាភិបាលបានចាត់ទុកជាខេត្តប៉ូលសេដ្ឋកិច្ច ហើយការចុះបញ្ជីដីធ្លីជាលក្ខណៈជាប្រពន្ធ័បានច្រើន អាចកាត់បន្ថយជម្លោះក៏បានច្រើនដែរ សម្រាប់ខេត្តស្វាយរៀងការចុះបញ្ជីជាលក្ខណៈជាប្រព័ន្ធទើបតែអនុវត្តបានចំនួន ៣៤២ភូមិស្មើ៤៨ឃុំសង្កាត់ ក្នុងចំណោម ៨០ ឃុំសង្កាត់ ដូច្នេះនៅសល់ឃុំសង្កាត់មួយចំនួនទៀតដែលត្រូវចុះបញ្ជីលក្ខណៈជាប្រព័ន្ធ សូមមន្ត្រីដែលពាក់ព័ន្ធទាំងអស់ត្រូវចូលរួមសហការគ្នាដើម្បីធ្វើកិច្ចការងារនេះឲ្យបានរលូនផងដែរ។
ឯកឧត្តម ថេង ច័ន្ទសង្វារ បានថ្លែងផ្តាំផ្ញើដល់លោកប្រធានមន្ទីរដែលទើបតែងតាំងថ្មីនិងមន្ត្រីសូរិយោដីទាំងអស់ ត្រូវពង្រឹងស្មារតីសាមគ្គីភាព និងឯកភាពផ្ទៃក្នុងជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់ថ្នាក់ក្នុងមន្ទីរឲ្យបានល្អ ពោលគឺសំដៅលុបបំបាត់ភាពអសកម្មទាំងឡាយ និងបង្កើនស្មារតីគោរពក្រមសីលធម៌វិជ្ជាជីវៈ បង្កើនប្រសិទ្ធភាពការងារ លើការផ្ដល់សេវា ជូនប្រជាពលរដ្ឋដែលមករកសេវាពីមន្ទីរ ជាមួយគ្នានោះត្រូវរៀបចំនីតិវិធី ក្នុងការចេញវិញ្ញាបនបត្រសំគាល់ម្ចាស់អចលនៈវត្ថុ ជាលក្ខណៈប្រព័ន្ធជូនប្រជាពលរដ្ឋឲ្យសម្រេចតាមផែនការ។
ឯកឧត្តមក៏បានណែនាំដល់មន្ត្រីសូរិយោដីត្រូវចុះពិនិត្យគុណភាពសំណង់ ជំរុញដល់បងប្អូនប្រជាពលរដ្ឋស្នើសុំច្បាប់អនុញ្ញាត មុនពេលសាងសង់ ធ្វើកិច្ចសហការជាមួយមន្ទីរអង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ដើម្បីឲ្យការងារមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ក្នុងគោលដៅបម្រើផលប្រយោជន៍ជូនរាជរដ្ឋាភិបាល ក៏ដូចក្រសួង និងរដ្ឋបាលខេត្ត ព្រមទាំងប្រជាពលរដ្ឋប្រកប ដោយឆន្ទៈម្ចាស់ការ ភក្ដីភាព មនសិកាវិជ្ជាជីវៈ និងវប្បធម៌សាធារណៈផងដែរ៕ នុត នាង