លោក ហ្វុក គឺជាប្រធានរដ្ឋវៀតណាមដំបូងគេដែលចូលនិវត្តន៍ ពីតំណែងពាក់កណ្តាលអាណត្តិ ក្នុងរយៈពេលជិត៥០ឆ្នាំ
ហាណូយ៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាមបានចេញផ្សាយថា រដ្ឋសភាបានអនុម័ត ឲ្យប្រធានរដ្ឋវៀតណាម ង្វៀន សួនហ្វុក (Nguyen Xuan Phuc) ចេញពីតំណែងតាមការស្នើសុំរបស់លោកហើយ ដូច្នេះ លោកគឺជាប្រធានាធិបតីវៀតណាមដំបូងគេ ដែលចូលនិវត្តន៍ ពីតំណែងពាក់កណ្តាលអាណត្តិ ចាប់តាំងពីឆ្នាំ១៩៧៦ ឬស្មើនឹងរយៈពេល៤៧ឆ្នាំ មកនេះ។
ទីភ្នាក់ងារ VNexpress បានចេញផ្សាយថា ការអនុម័តនេះបានធ្វើឡើង ក្នុងសម័យប្រជុំបន្ទាន់មួយ កាលពីថ្ងៃពុធ ហើយថា លោកហ្វុក
បានចាកចេញពីកៅអីជាប្រធានាធិបតី នៅអាយុ ៦៩ ឆ្នាំ បន្ទាប់ពីកាន់តំណែងនេះ អស់រយៈពេលជិត ២ឆ្នាំ។
ប្រភពថា «លោក គឺជាប្រធានាធិបតីដំបូងគេដែលចូលនិវត្តន៍ពីតំណែងពាក់កណ្តាលអាណត្តិចាប់តាំងពីឆ្នាំ ១៩៧៦»
ការអនុម័តនេះ ធ្វើឡើង បន្ទាប់ពីគណៈកម្មាធិការមជ្ឈិមបក្សកម្មុយនីស្តវៀតណាមបានយល់ព្រមអនុញ្ញាតឱ្យលោក ង្វៀន សួនហ្វុក ( Nguyen Xuan Phuc ) ឈប់ធ្វើជាសមាជិកការិយាល័យនយោបាយ និងសមាជិកគណៈកម្មាធិការមជ្ឈិមបក្ស, ឈប់ពីតំណែងជាប្រធានាធិបតីវៀតណាម និងពីតំណែងជាប្រធានក្រុមប្រឹក្សាការពារជាតិ និងសន្តិសុខជាតិវៀតណាម អាណត្តិ ២០២១-២០២៦ តាមសំណើរបស់លោក។
លោក ហ្វុក ត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធានាធិបតីវៀតណាម កាលពីខែមេសា ឆ្នាំ ២០២១៕
ប្រភព ៖ VNexpress ប្រែសម្រួលដោយ៖ សារ៉ាត