សម្តេចពិជ័យសេនា ទៀ បាញ់ ណែនាំកងកម្លាំងការពារស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ២០២៣ «សុវត្ថិភាពរបស់អ្នក គឺជាកាតព្វកិច្ចរបស់ខ្ញុំ»
នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ នាពហុកីឡដ្ឋានមរតកតេជោ គណៈកម្មាជិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ (CAMSOC) បានរៀបចំពិធីត្រួតពិនិត្យ និងសំណេះសំណាលកងកម្លាំងការពារសន្តិសុខ និងសណ្ដាប់ធ្នាប់សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនារយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាជិការជាតិ CAMSOC ។
ពិធីនេះមានការចូលរួមពីកងកម្លាំង ៤,៧៤៣នាក់ រួមមាននគរបាល, កងរាជអាវុធហត្ថ, បញ្ជាការដ្ឋានអង្គរក្ស, កងទ័ព, ក្រសួងសុខាភិបាល, អគ្គិសនីកម្ពុជា ខណៈមធ្យោបាយ ឧបករណ៍សម្ភារៈគ្រប់ប្រភេទ រួមមានម៉ូតូ សរុបចំនួន ១៦៣គ្រឿង, រថយន្តសរុប ចំនួន ២៤៤គ្រឿង, រថយន្តធុនស្រាលចំនួន ១៧៧គ្រឿង, រថយន្តធុនធ្ងន់ចំនួន ៥៩គ្រឿង, រថយន្តសុវត្ថិភាពចំនួន ៨គ្រឿង។
សម្ដេចពិជ័យសេនា ទៀ បាញ់ មានប្រសាសន៍ថា គណៈកម្មាធិការជាតិ CAMSOC ចង់បង្ហាញ និងផ្សព្វផ្សាយឱ្យមតិសាធារណជាតិ និងអន្តរជាតិបានជ្រាបថា កម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម (SEA Games-ASEAN Para Games) តាមរយៈការត្រៀមកម្លាំង មធ្យោបាយ ឧបករណ៍សម្ភារៈគ្រប់ប្រភេទ សម្រាប់ធានានូវ សុខសុវត្ថិភាព និងភាពកក់ក្ដៅជូនដល់ប្រតិភូកីឡា ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលទាំង ១១ប្រទេស មន្ដ្រី កីឡាអន្តរជាតិមកពីជុំវិញពិភពលោក ថ្នាក់ដឹកនាំចលនាអូឡាំពិកពិភពលោក និងអ្នកគាំទ្រទេសចរណ៍ រាប់ម៉ឺននាក់ មកចូលរួមនៅកម្ពុជា ដែលកំពុងរស់នៅក្រោមម្លប់ដ៏ត្រជាក់នៃសន្តិភាព និងការអភិវឌ្ឍ ប្រទេសជាតិលើគ្រប់វិស័យឥតឈប់ឈរ។
សម្ដេចពិជ័យសេនា ទៀ បាញ់ មានប្រសាសន៍ប្តេជ្ញាចិត្ត និងការណែនាំ ក្នុងនាមថ្នាក់ដឹកនាំ CAMSOC គណៈកម្មការជំនាញពាក់ព័ន្ធ សូមប្តេជ្ញាចិត្តគោរពយ៉ាងម៉ឺងម៉ាត់នូវអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលបានថ្លែងក្នុងពិធីបិទព្រឹត្តិការណ៍ កីឡាជាតិលើកទី៣ និងកីឡាជាតិជនពិការលើកទី១ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ និងពិធីជួបជុំលើកទី៥ ជាមួយអ្នកសារព័ត៌មាន កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាពេលថ្មីៗនេះ។
សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងអំណរគុណ និងកោតសរសើរចំពោះគណៈកម្មការសន្តិសុខសណ្ដាប់ធ្នាប់ នៃគណៈកម្មាធិការជាតិ CAMSOC ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ បញ្ជាការដ្ឋានអង្គរក្ស និងសមត្ថកិច្ចពាក់ព័ន្ធ ដែលបានសហការគ្នាយ៉ាងជិតស្និទ្ធក្នុងការគ្រប់គ្រង ដឹកនាំ បញ្ជាកម្លាំងឈរលើ គោលដៅតែមួយ គឺថែរក្សាការពារសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់ ជូនថ្នាក់ដឹកនាំជាតិ និងថ្នាក់ដឹកនាំ នៃបណ្តាប្រទេសជាមិត្តអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា៕
ចាន់ វិចិត្រ