សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យមើលវឌ្ឍនភាព នៃការសាងសង់មន្ទីរពេទ្យជាតិ តេជោសន្ដិភាព
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់ «មន្ទីរពេទ្យជាតិតេជោសន្ដិភាព» ដែលមានទីតាំងស្ថិតនៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ព្រមទាំងសំណេះសំណាលជាមួយ កម្មករសំណង់នៅក្នុងការដ្ឋានមន្ទីរពេទ្យនេះប្រមាណ ១,២០០ នាក់ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ ។
មុននឹងអញ្ជើញជួបសំណេះសំណាលជាមួយកម្មករកម្មការិនី បុគ្គលិកសាងសង់មន្ទីរពេទ្យនេះ សម្ដេចតេជោ បានអញ្ជើញធ្វើដំណើរ ពិនិត្យមើលពីដំណើរការនៃការសាងសង់មន្ទីរពេទ្យនេះជាពិសេសអញ្ជើញពិនិត្យទៅតាមបន្ទប់នីមួយៗដែលមានបំពាក់នៅគ្រែអ្នកជំងឺនិងបរិក្ខារវេជ្ជសាស្ត្រមួយចំនួន។
តាមការឲ្យដឹងពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអោយដឹងថា អគារ «មន្ទីរពេទ្យជាតិតេជោសន្ដិភាព» មានចំនួន១១ អគារ ដែលមានអគារព្យាបាល និងសង្គ្រោះបន្ទាន់(E)មានទំហំ ៧,៤៨០ ម៉ែត្រការ៉េ, អគារព្យាបាលកម្រិតធ្ងន់(H1និង H2) មានគ្រែសរុបចំនួន ៥២៧គ្រែ, អគារព្យាបាលកម្រិតស្រាល (H3,H4,H5,H6និងH7) មានគ្រែ សរុប៨,៩៦៩ គ្រែ, គ្រែបុគ្គលិកពេទ្យប្រចាំការមានចំនួន៤៦គ្រែ និងគ្រែបុគ្គលិក ស្នាក់នៅចំនួន ២០៦ គ្រែ, អគារបច្ចេកទេស(T1), អគារបច្ចេកទេស (T2), អគារផ្គត់ផ្គង់និងព័ត៌មាន(A)មានទំហំ២,៨៣៥ ម៉ែត្រការ៉េ, អគារស្នាក់នៅសម្រាប់បុគ្គលិក (S) មានគ្រែសរុបចំនួន ២៣៤ គ្រែ។ ចំណតរថយន្តមានផ្ទៃក្រឡា ៧,០២៦ ម៉ែត្រការ៉េ ដែលអាចចត រថយន្តបានចំនួន ២១០ គ្រឿង មានសួនច្បារព័ណ៌បៃតងទំហំ ៤,៤៩០ ម៉ែត្រការ៉េ ។ មន្ទីរពេទ្យជាតិតេជោសន្ដិភាពនេះ ស្ថាបនាដោយក្រុមហ៊ុន ស៊ីជេអ៊ីស៊ី CJEC .co,Ltd សហការជាមួយសាលារាជធានីភ្នំពេញ ។
មន្ទីរពេទ្យជាតិតេជោសន្ដិភាពនេះ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ បើកការដ្ឋានសាងសង់កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ ។ មន្ទីរពេទ្យជាតិដ៏ធំមួយនេះ គ្រោងនឹងបញ្ចប់ការសាងសង់ រួចជាស្ថាពរ និងដាក់ឲ្យដំណើរការជាផ្លូវការនៅខែមិថុនាឆ្នាំ២០២៣។
សម្ដេចតេជោ ហ៊ុន សែន ពិតជារីករាយដែលបានឃើញពីវឌ្ឍនៈភាព នៃការសាងសង់មន្ទីរពេទ្យនេះ ដោយសាងសង់បានលឿនឆាប់រហ័ស និងប្រកបដោយគុណភាព។ សម្តេចតេជោ បានមានប្រសាសន៍កោតសរសើរ រដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងសុខាភិបាល ក៏ដូចជាក្រុមហ៊ុនសាងសង់ និង កម្មករ កម្មការិនីទាំងអស់ ដែលបានរួមគ្នាប្រឹងប្រែងសាងសង់មន្ទីរពេទ្យជាតិ «តេជោសន្តិភាព» ឱ្យសម្រេចបានប្រមាណ ៨០ភាគរយនាពេលនេះ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ផ្តើមចេញពីបទពិសោធន៍ដ៏ឈឺចាប់ នៃជំងឺឆ្លងកូវីដ-១៩ កាលពីឆ្នាំ២០២០ និង២០២១ ទើបជំរុញឱ្យរាជរដ្ឋាភិបាលសម្រេចចិត្តសាងសង់មន្ទីរពេទ្យ «តេជោសន្តិភាព»នេះឡើង។សម្តេចតថា សុខុមាលភាពរបស់ប្រជាពលរដ្ឋ ជាគោលដៅចម្បងមួយ ក្នុងចំណោមគោលដៅអាទិភាពទាំងឡាយ របស់រាជរដ្ឋាភិបាល។
សម្តេចតេជោបានមានប្រសាសន៍ទៀតថា មន្ទីរពេទ្យជាតិ «តេជោសន្តិភាព» មានសមត្ថភាពទទួលអ្នកជំងឺបានរហូតដល់ជិត១ម៉ឺននាក់។ សម្ដេច ក៏បានកោតសរសើរអ្នករចនាប្លង់អគារមន្ទីរពេទ្យជាតិ «តេជោសន្តិភាព» ដោយមានពន្លឺ និងខ្យល់ចេញចូលគ្រប់គ្រាន់ ដែលផ្ដល់នូវផាសុខភាព សម្រាប់អ្នកជំងឺ។
សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យមន្ទីរពេទ្យជាតិ «តេជោសន្តិភាព» មានអនុប្រធានចំនួន៥រូប និងសម្រេចឱ្យជ្រើសរើសពេទ្យចំនួន២០០នាក់ បន្ថែមទៀត សម្រាប់បម្រើការងារនៅមន្ទីរពេទ្យ «តេជោសន្តិភាព»។ ជាមួយគ្នានោះ សម្តេចតេជោ ក៏បានអនុញ្ញាតផ្តល់បុគ្គលិកជាប់កិច្ចសន្យា ចំនួន៣០០នាក់ សម្រាប់មន្ទីរពេទ្យជាតិនេះផងដែរ។
ពាក់ព័ន្ធទៅនឹងឱកាសនៃពិធីបុណ្យចូលឆ្នាំប្រពៃណីចិនខាងមុខនេះ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋមានការព្រមប្រយ័ត្នអំពីគ្រោះថ្នាក់ចរាចរណ៍ រាល់ការធ្វើដំណើរត្រូវគោរពច្បាប់ចរាចរណ៍ ចៀសវាងការគ្រោះថ្នាក់ដោយយថាហេតុណាមួយ។
ជាមួយគ្នានោះ ក្នុងឱកាសដែលមានវិធីសែនព្រេនផ្សេងៗត្រូវប្រយ័ត្នភ្លើងធូប ភ្លើងទៀត ចៀសវាងការឆាបឆេះដោយអគ្គីភ័យ ក្នុងអំឡុងពេលពិធីបុណ្យចូលឆ្នាំចិនខាងមុខនេះ។
ពាក់ព័ន្ធនឹងបញ្ហានយោបាយ សម្តេចតេជោបានមានប្រសាសន៍រំលឹកថា សូមកុំចាត់ទុកគ្រប់រឿងរបស់អ្នកនយោបាយ ជារឿងនយោបាយ។ សម្តេច បានប្រកាសជាថ្មីព្រមានចាត់វិធានការច្បាប់ រាល់សម្តីប៉ះពាល់ដល់កិត្តិយសបក្សប្រជាជនកម្ពុជា។សម្តេចតេជោ បានបញ្ជាក់ទៀតថា សំណុំរឿងលោក ថាច់ សេដ្ឋា មិនជាប់ពាក់ព័ន្ធនឹងនយោបាយទេ។
សម្តេចតេជោបានមានប្រសាសន៍ទៀតថា ចាប់ពីពេលនេះតទៅគណបក្សប្រជាជនកម្ពុជា នឹងប្រើប្រាស់វិធានការច្បាប់ ដើម្បីការពារភាពស្អាតស្អំ។ សម្តេចក៏បានណែនាំអោយមេធាវីរាជរដ្ឋាភិបាល ពិនិត្យសេចក្តីថ្លែងការណ៍របស់គណបក្សភ្លើងទៀន ដែលចោទថា គណបក្សប្រជាជនកម្ពុជាគំរាមកំហែងបក្សខ្លួន ដែលចេញផ្សាយការពីម្សិលមិញនេះ។
សម្តេចតេជោ ក៏បានហាមជនបរទេស កុំអោយលូកដៃក្នុងបទល្មើសរបស់ អ្នកនយោបាយនៅកម្ពុជា ព្រោះប្រទេសកម្ពុជា ជាប្រទេសឯករាជ្យ មិនចំណុះឱ្យប្រទេសណាមួយនោះទេ៕ ដោយ វណ្ណលុក