អាជ្ញាធរជាតិអប្សរា សហការជាមួយសាកលវិទ្យាល័យហាវ៉ៃ បានបើករណ្ដៅកំណាយចំនួន២០រណ្ដៅ នៅបរិវេណប្រាសាទអង្គរវត្ត
សៀមរាប: អាជ្ញាធរជាតិអប្សរា សហការជាមួយសាកលវិទ្យាល័យហាវ៉ៃ បានបើករណ្ដៅកំណាយស្រាវជ្រាវចំនួន២០រណ្តៅនៅបរិវេណផ្នែកខាងលិចប្រាសាទអង្គរវត្ត ដោយរកឃើញមានខឿនវិហារនៃព្រះពុទ្ធសាសនា និងថេរវាទធ្វើពីថ្មបាយក្រៀម ដើម្បីស្វែងយល់ពីការប្រែប្រួលនៃរចនាសម្ព័ន្ធក្នុងតំបន់អង្គរ។
យោងតាម អាជ្ញាធរជាតិអប្សរា បាន ឱ្យ ដឹងថា ការស្រាវជ្រាវនេះ បានចាប់ផ្តើមតាំងពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ហើយនឹងបញ្ចប់នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ខាងមុខនេះ ដើម្បីធ្វើកំណាយស្រាវជ្រាវពីការវិវត្ត ស្តីពី «ការគោរពពុទ្ធសាសនាថេរវាទ»។
ការ ស្រាវជ្រាវនេះ ដោយផ្តោតលើ ការវិវត្តរបស់សហគមន៍មនុស្សក្នុងតំបន់នេះ តាំងពីសម័យមុនអង្គរ រហូតមកដល់សម័យកណ្តាល ថាមានការផ្លាស់ប្តូរដូចម្តេចខ្លះ នាពេលដែល «វត្ត» មកជំនួសប្រាសាទ សម័យអង្គរ ដោយបានក្លាយជាស្នូលរប ស់ សហគមន៍។
អនុប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយនៃអាជ្ញាធរជាតិអប្សរា លោក ទិន ទីណា បានលើកឡើង ដែរថា អា ជ្ញាធរជាតិអប្សរាបានសហការជាមួយសាកលវិទ្យាល័យហាវ៉ៃ ធ្វើកំណាយស្រាវជ្រាវនេះ ក្នុងគោលបំណងដើម្បីស្វែងយល់ពីមូលហេតុនៃការប្រែប្រួលរចនាសម្ព័ន្ធទីក្រុង និងប្រជាសាស្ត្រក្នុងតំបន់អង្គរពីសតវត្សរ៍ទី១៣រៀងមក។
លោកថា ដូច្នេះ ដើម្បីឆ្លើយតបទៅនឹងគោលបំណងខាងលើនេះ បានជាក្រុមការងារស្រាវជ្រាវបានបើករណ្តៅកំណាយចំនួន២០រណ្តៅ ទំហំ ១x២ម នៅតាមទួល និងត្រពាំងក្នុងបរិវេណប្រាសាទអង្គរវត្ត។
លោក ទិន ទីណា បានបញ្ជាក់ថា ៖ «ទិន្នន័យដែលទទួលបានពីការធ្វើកំណាយនេះអាចឲ្យយើងយល់ពីសហគមន៍ មនុស្សរស់នៅក្នុងរាជធានីអង្គរ ដែលអាចឆ្លើយតបនឹងកត្តាប្រវត្តិសាស្ត្រធំៗមួយចំនួនដូចជា ការផ្លាស់ប្តូរមកកាន់ពុទ្ធសានាថេវាទវិ ញ ការធ្លាក់ចុះអំណាចកណ្តាលរបស់អង្គរ ការធ្លាស់ប្តូររាជធានីទៅភាគខាងត្បូង (ជុំវិញភ្នំពេញ) និងការវិលត្រឡប់នៃអំ ណា ចកណ្តាលមួយរយៈខ្លីនៅសតវត្សរ៍ទី១៦ នៃព្រះមហាក្សត្រសម័យលង្វែក»។
លោកបានបន្ថែមថា នៅឆ្នាំ២០១៩-២០២០ ក្រុមស្រាវជ្រាវទាំងពីរស្ថាប័នក៏បានធ្វើកំណាយស្រាវជ្រាវនៅគោកដូនប៉ុក គោ កបាក់ និងគោកគង់ នៅតំបន់វត្តអធ្វា នៅគោករកា និងគោកព្រៃអំពិលកើត នៅតំបន់វត្តចេតិយ និងនៅគោកព្រៃអំពិលលិចនៅតំបន់វត្តព្រៃផ្តៅ ហើយគោលបំណងធ្វើកំណាយស្រាវជ្រាវនេះ គឺដើម្បីប្រមូលទិន្នន័យពីសហគមន៍មនុស្សរស់នៅក្នុ ងតំបន់ជនបទរាជធានីអង្គរ។
ការធ្វើកំណាយស្រាវជ្រាវនេះ ធ្វើឡើងក្នុងគោលបំណងរកមើលពីការផ្លាស់ប្តូររចនាសម្ព័ន្ធទីក្រុង ការផ្លាស់ប្ដូរវិទ្យាសាស្ត្រ មានន័យថា គឺជាការស្វែងរកទីតាំងដែលមនុស្សធ្លាប់រស់នៅទូទៅ។ នេះបើតាម លោក ហេង ពិភាល់ បណ្ឌិតបុរាណវិទ្យានៃសាកលវិទ្យាល័យហាវ៉ៃ និងជាប្រធានគម្រោងស្រាវជ្រាវ។
លោក ហេង ពិភាល់ បានពន្យល់ថា ការផ្លាស់ប្ដូរវិទ្យាសាស្ត្រនេះ ទាក់ទងទៅ និងទេសភាព (ស្ថានដីទូទៅ) ថាតើសណ្ឋា ន ដីដែលមនុស្សធ្លា ប់រស់នៅមានការផ្លាស់ប្ដូរយ៉ាងណាខ្លះ ដែលទាក់ទងទៅនឹងប្រវត្តិសាស្ត្រធំៗមានដូចជា ការផ្លាស់ប្ដូរជំនឿសាសនាពីព្រហ្មញ្ញមកគោរពពុទ្ធសាសនាមហាយាន និងពុទ្ធសាសនាថេរវាទវិញនៅសតវត្សរ៍ទី១៣ តើបានជះឥទ្ធិពលអីខ្លះដល់ភូមិមនុស្សដែលធ្លាប់រស់នៅកណ្ដាលទីក្រុងអង្គរ និងតំបន់ជនបទជុំវិញអង្គរ…។
មួយវិញទៀត លោកថា ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលប្រជាពលរដ្ឋធ្លាប់ដឹងតៗគ្នា គឺការផ្លាស់ប្តូររាជធានីអង្គរ ថាតើវាពិតជាការបោះបង់ចោលទីក្រុងអង្គរមែនឬយ៉ាងណា?។
សូបញ្ជាក់ថា ចាប់តាំងតែពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ រហូតមកដល់ត្រឹមថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣នេះ ក្រុមអ្នកស្រាវជ្រាវ នៃអាជ្ញាធរជាតិអប្សរានិងអ្នកជំនាញមកពីសកលវិទ្យាល័យHawai នៃសហរដ្ឋអាមេរិក បានធ្វើកំណាយស្រា វជ្រាវបុរាណវិទ្យាចំនួន២០រណ្តៅ។
បើតាមអាជ្ញាធរជាតិអប្សរា នៅតាមរណ្តៅកំណាយទាំងនោះគេបានរកឃើញខឿនវិហារនៃព្រះពុទ្ធសាសនា ថេរវាទធ្វើពីថ្មបាយក្រៀម ដែលមានបង្គោលសីម៉ាធ្វើពីថ្មភក់នៅព័ទ្ធជុំវិញជា៨ទិស ព្រមទាំងរកឃើញបំណែកកុលាលភាជន៍ និងកំទេច ធ្យូង ដែលមនុស្សបុរាណបានប្រើប្រាស់ ដែលអាចយកសំណាកទាំងនោះទៅធ្វើការពិសោធន៍ រកចម្លើយទិន្នន័យបាននៅពេលខាងមុខ។
ចាប់តាំងពីអំឡុងឆ្នាំ២០១៣មក ក្រុមការងារស្រាវជ្រាវ ធ្លាប់បានធ្វើកំណាយនៅបរិវេណទួលខាងកើតនៃប្រាសាទអង្គរវត្ត ដោយគេបានរកឃើញសំបកក្រូចថ្លុង គ្រាប់ស្រូវ និងគ្រាប់កប្បាសដែលបន្សល់ទុកពីសម័យបុរាណប្រើប្រាស់៕
ដោយ: ជា សុខនី