វិចិត្រករ បង្ហាញក្ដីរំពឹងខ្ពស់ថាគំនូរស្រមោលនឹង ក្លាយជាទី ពេញនិយម របស់បណ្ដាមហាជនជាតិ និងអន្តរជាតិនាអនាគត

អត្ថបទដោយ៖
CPA

ភ្នំពេញ៖គំនូរស្រមោលគឺជាប្រភេទគំនូរដែលប្រើប្រាស់ស្រមោល អំពូលភ្លើងជះទៅលើបន្ទះលោហៈ ដើម្បីបង្កើតបានជាស្រមោល ដែលអាចឱ្យយើងមើលឃើញជារូបរាងណាមួយ។គំនូរប្រភេទនេះ មានលក្ខណៈស្មុគស្មាញ ដែលទាមទារឱ្យមានការច្នៃប្រឌិត ខ្ពស់ បូករួមជាមួយនឹងការអត់ធ្មត់ ផ្ចិតផ្ចង់ធ្វើយ៉ាងលំអិត។

លោក អ៊ួ ដារិទ្ធ ជាសិល្បករមួយរូបដែលផលិតនូវគំនូរពន្លឺនិង ស្រមោល ចាប់តាំងពីឆ្នាំ ២០១៩មក ហើយដែលបច្ចុប្បន្នស្នាដៃ របស់លោកកំពុងទទួលបានការចាប់អារម្មណ៍គួរឱ្យកត់សម្គាល់ពីសំណាក់ប្រជាជនទាំងក្នុងស្រុក និងក្រៅស្រុក។

យុវជនដែលមានស្រុកកំណើតនៅខេត្តកំពង់ចាមរូបនេះបានឱ្យដឹងថា ស្នាដៃប្រភេទគំនូរស្រមោលដែលខ្លួនកំពុងធ្វើ គឺមិនទាន់មាន នរណាម្នាក់នៅក្នុងស្រុកធ្វើវានៅឡើយទេ។ កន្លងមកលោកធ្លាប់តែបានប្រទះឃើញស្នាដៃនេះនៅក្រៅស្រុក ប៉ុន្តែជាទម្រង់ផ្សេងពីអ្វីដែលលោកកំពុងធ្វើបច្ចុប្បន្ន។

ម្យ៉ាងទៀត លោកបានគំនិតនៃការធ្វើគំនូរស្រមោលនេះចេញ ពីស្រមោលចម្រឹងប្រាសាទ ដែលជះចេញពីពន្លឺថ្ងៃ បង្កើតបានជា កំពូលប្រាសាទអង្គរវត្ត។ ដូច្នេះ លោកក៏នឹកផ្នកចង់បង្កើតស្នាដៃ សិល្បៈមួយដែលមានរូបរាងឡើងនៅពេលមានពន្លឺជះចូល។

លោកបញ្ជាក់ថា គំនូរមួយផ្ទាំងដែលមិនមានរូបរាងអ្វីសោះ មានត្រឹមតែបន្ទះលោហៈស្ដើងៗតម្រៀបទៅតាមទីតាំងពាសពេញផ្ទៃពណ៌សនោះ ក៏ប្រែទៅជារូបគំនូរយ៉ាងពេញលេញដ៏អស្ចារ្យ ដោយគ្រាន់តែបើកអំពូលភ្លើងដែលនៅពីលើផ្ទាំងគំនូរស្រាប់។
លោកបន្តថា ក្នុងការបង្កើតគំនូរមួយផ្ទាំងៗ លោកត្រូវចំណាយ ពេលពី ១០ ទៅ១៥ថ្ងៃឯណោះ ដោយត្រូវចំណាយពេលវេលាយូរ លើការកាត់បន្ទះលោហៈទៅតាមរូបរាងដែលលោកចង់បាន ហើយ បន្ទះលោហៈទាំងនោះ នឹងត្រូវយកទៅផ្គុំគ្នា ធ្វើយ៉ាងណាឱ្យចេញ ជារូបរាងតាមការកំណត់នៅពេលបាញ់ពន្លឺចូល។

លោក អ៊ួ ដារិទ្ធ បានរៀបរាប់ថា៖ «កន្លងមកខ្ញុំមានភាពពិបាកក្នុង ដំណើរ ការធ្វើ គឺវាទាមទារឲ្យមានភាពកោសល្យ ហើយនិងការ អត់ធ្មត់កម្រិតខ្ពស់ ដើម្បីធ្វើឱ្យលេចចេញជារូបរាងបាន។»

លោកបន្ថែមថា៖ « រីឯភាពពិបាកក្នុងទីផ្សារវិញសម្រាប់ខ្ញុំគំនូរពន្លឺ និងស្រមោលជារបស់ដែលថ្មីសន្លាងតែម្តង ដែលវាពិបាកក្នុងការ ធ្វើទីផ្សាដើម្បីអោយមនុស្សច្រើនបានដឹងយល់ និងស្គាល់ ម្យ៉ាង ទៀតយើងក៏ត្រូវការចំណេះជំនាញ និងសកម្មភាពបន្ថែមទៀត ដើម្បីពន្លឿនទៅលើការងារនេះ»។

ក្នុងរយៈពេលបីឆ្នាំមកនេះស្នាដៃរបស់លោកកាន់តែមានការទទួលស្គាល់ជាបន្តបន្ទាប់ ដែលសូម្បីតែប្រជាជនខ្មែរដែលមិនសូវ មាន ទំនោរគាំទ្រសិល្បៈក៏ចាប់ផ្ដើមមានការយល់ដឹង និងចាប់អារម្មណ៍ លើស្នាដៃលោកផងដែរ។

លោកបញ្ជាក់ដែរថា៖ «បច្ចុប្បន្នគំនូរពន្លឺ និងស្រមោលបានជ្រៀត ចូល ដើម្បីបម្រើតម្រូវការក្នុងស្រុកជាបន្តបន្ទាប់ ហើយផ្ទាំងមួយ ចំនួន ទៀតបានចេញទៅ ម៉ាឡេស៊ី សហរដ្ឋអាមេរិក ហើយក៏ ត្រៀម ចេញទៅ អ៊ីតាលីផងដែរ។»

សម្រាប់តម្លៃវិញ លោករៀបរាប់ថា ស្នាដៃដែលបានធ្វើហើយដូចជា រូបប្រាង្គប្រាសាទអង្គរវត្ត និង ព្រះពុទ្ធក្នុងស្លឹកពោធិ៍ (ជាស្នាដៃ ក្នុងឆ្នាំ២០២០ និង ២០២១) បច្ចុប្បន្នគឺនៅក្នុងតម្លៃចាប់ពី ២៩៩ ទៅ ៣៩៩ដុល្លា ក្នុងមួយផ្ទាំងហើយសម្រាប់រូបផ្សេងៗទៅ តាមការ ចង់បានរបស់អតិថិជន គឺមានតម្លៃចាប់ពី ៤៩៩ដុល្លាឡើងទៅ។

សម្រាប់ផែនការថ្ងៃខាងមុន ម្ចាស់ស្នាដៃរូបនេះចង់បញ្ជ្រាប សិល្បៈ ប្រភេទនេះឱ្យកាន់តែទូលំទូលាយ និងគិតគូរយ៉ាងល្អិតល្អន់ ពីគុណតម្លៃនៃស្នាដៃបន្តបន្ទាប់ទៀត ដើម្បីបម្រើឱ្យតម្រូវការ អតិថិជន ជាតិនិងអន្តរជាតិយ៉ាងពិតប្រាកដ៕ ដោយ៖ កែវ បុស្បា

ads banner