អ្នកជំនាញ៖ ទំហំធំនៃកងទ័ពជើងទឹកចិនអាចឱ្យរដ្ឋកុម្មុយនីស្តមួយនេះយកឈ្នះអាមេរិក បើសិនមានសង្គ្រាមកើតឡើង
ប៉េកាំង៖ចិនឡើងឈរជើងជាប្រទេសដែលមានកងទ័ពជើងទឹក ធំ ជាងគេរបស់ពិភពលោក អ្នកជំនាញរបស់អាមេរិកម្នាក់បានព្រមាន ថា ក្នុងសង្គ្រាមជើងទឹកអ្នកដែលមានកងនាវាធំជាងគេតែង តែ ឈ្នះ។ នេះបើយោងតាមការស្រង់ការគូសបង្ហាញរបស់ បណ្ដាញ សារព័ត៌មាន CNN ក្នុងសប្ដាហ៍នេះ។
សាស្ត្រាចារ្យនៅមហាវិទ្យាល័យអាមេរិក US Naval War College (NWC) លោក សាម ថែងហ្រ្គីឌី (Sam Tangredi)បាន សរសេរក្នុងទស្សនាវដ្តី Proceedings របស់វិទ្យាស្ថានទ័ពជើង ទឹកអាមេរិកសម្រាប់ការចេញផ្សាយនៅខែមករាថា ប្រសិនបើ ប្រវត្តិសាស្ត្រ ជាមេរៀន ភាពធំរបស់ចិនទំនងអាចយកឈ្នះ កងទ័ព ជើងទឹកអាមេរិកក្នុងករណីសង្រ្គាមជាមួយចិន។
លោក ថែងហ្រ្គីឌី ជាប្រធានលើកម្មវិធីសិក្សាអំពីសង្រ្គាម នា អនាគត របស់ NWC និងជាអតីតប្រធានក្រុមកងទ័ពជើង ទឹក សហរដ្ឋ អាមេរិក បានសិក្សាលើសង្រ្គាមកងទ័ពជើងទឹកចំនួន ២៨ រាប់ចាប់ តាំងពីសង្រ្គាមក្រិក-ពែក្ស (៤៩៩-៤៤៩ មុនគ.ស) រហូតដល់ ជម្លោះ ប្រូកស៊ីនៃសង្រ្គាមត្រជាក់ថ្មីៗ និងការអន្តរាគមន៍ ផ្សេងៗ។
សាស្រ្តាចារ្យរូបនេះបានកត់សម្គាល់ថា មានតែសង្រ្គាមបីប៉ុណ្ណោះ ដែលភាពខ្លាំងខាងផ្នែកបច្ចេកវិទ្យា បានយកឈ្នះលើភាពខ្លាំង ខាងបរិមាណទ័ពនិងសព្ធាវុធ។លោកសរសេរបន្តថា៖«គ្រប់សង្រ្គាមទាំងអស់ផ្សេងទៀត អ្នកដែល ឈ្នះមានកងទ័ពធំជាង ហើយក្នុងករណីដែលគូជម្លោះមានកងទ័ព ស្មើគ្នា អ្នកឈ្នះតែងមានយុទ្ធសាស្រ្ត ឬឧត្តមនាវីឯកល្អជាង »។
លោក ថែងហ្រ្គីឌី បានគូសបញ្ជាក់ថា ជាញឹកញាប់ ភាពខ្លាំង ទាំងបី (ការមានកងទ័ពធំ យុទ្ធសាស្រ្ត ឬឧត្តមនាវីឯកល្អ) ត្រូវដើរទៅទន្ទឹមគ្នា ព្រោះប្រតិបត្តិការកងនាវាធំជាទូទៅជួយ សម្រួលដល់ការបណ្តុះបណ្តាលឱ្យកាន់តែគ្រប់ជ្រុងជ្រោយ ហើយជារឿយៗ វាគឺជាការចង្អុលបង្ហាញមួយដែលអ្នកដឹក នាំ មានការព្រួយបារម្ភចំពោះតម្រូវការយុទ្ធសាស្ត្រ។
ជុំវិញភាពខ្លាំងខាងចំនួនកងទ័ពច្រើន លោក ថែងហ្រ្គីឌី បាន លើកយកសង្រ្គាមណាប៉ូឡេអុងនៅដើមទសវត្សរ៍ឆ្នាំ ១.៨០០ ធ្វើជាឧទាហរណ៍ដោយសរសេរថា៖ «នាវាចម្បាំងរបស់បារាំង មានប្រៀបខាងបច្ចេកវិទ្យាលើការរចនា និងការសាងសង់ ប៉ុន្តែ នៅទីបំផុត កងទ័ពជើងទឹកដ៏ច្រើនលើសលុបរបស់ស្ដេចអង់ គ្លេស រារាំងកងទ័ពណាប៉ូឡេអុងមិនឱ្យឆ្លងកាត់ច្រកសមុទ្រ English Channel»។
គួរបញ្ជាក់ថា សាច់ដុំនៃកងទ័ពទឹករបស់ចិនគឺជាការព្រួយបារម្ភ មួយ សម្រាប់អាមេរិក។ កន្លងមក មេដឹកនាំមន្ទីរបញ្ជកោណ បានកំណត់ចិនថាជា «ការគំរាមកំហែងដែលរុលទៅមុខ» របស់ យោធាអាមេរិក។ ប៉ុន្តែទំហំនៃកងនាវារបស់មហា អំណាចទាំងពីរ បង្ហាញថា យោធាអាមេរិកមិនអាចពន្លឿនទៅមុខតាម ឱ្យទាន់ កំណើន ទ័ពជើងទឹករបស់ចិនបាននោះទេ។
យោងតាមរបាយការណ៍ថាមពលយោធាចិនឆ្នាំ ២០២២ របស់ មន្ទីរបញ្ចកោណ ដែលចេញផ្សាយកាលពីខែវិច្ឆិកា កងទ័ពជើង ទឹកនៃកងទ័ពរំដោះប្រជាជន (PLAN) របស់ចិន បានវ៉ាដាច់ កងទ័ពជើងទឹកសហរដ្ឋអាមេរិកលើចំនួនកងនាវាប្រហែលនៅឆ្នាំ ២០២០ ហើយឥឡូវនេះមាននាវាចម្បាំងប្រហែល ៣៤០ គ្រឿង ហើយរំពឹងថានឹងកើនឡើងដល់ ៤០០ គ្រឿងក្នុងរយៈពេលពីរឆ្នាំ ខាងមុខ។
ចំណែកឯអាមេរិកវិញ មាននាវាចម្បាំងត្រឹមតែក្រោម ៣០០ គ្រឿង ប៉ុណ្ណោះ ហើយមន្ទីរបញ្ជកោណមានគោលដៅថាបង្កើនដល់ ៣៥០ គ្រឿងនៅឆ្នាំ ២០៤៥។ នេះបើយោងតាមផែនការ នាវាចរណ៍ របស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក២០២២ ដែល ចេញផ្សាយកាលឆ្នាំមុន ដែលចំនួននេះនៅតែទាបជាង ប្រទេស ចិន។ដូច្នេះដើម្បីប្រកួតប្រជែង មេដឹកនាំយោធាអាមេរិក កំពុងពឹង ផ្អែក លើ បច្ចេកវិទ្យា ខណៈឯកសារមន្ទីរបញ្ជកោណដដែល និយាយ ថា ពិភពលោកកំពុងឈានចូលយុគសម័យសង្រ្គាមថ្មី ដែលការ រួម បញ្ចូលបច្ចេកវិទ្យា គំនិត ដៃគូ និងប្រព័ន្ធ នឹងកំណត់ជ័យជម្នះក្នុង ជម្លោះ មិនមែនការមានកងនាវាច្រើនតែមួយមុខអាច កំណត់នោះ ទេ។
លោក ថែងហ្រ្គីឌី ក៏បានចង្អុលទៅកាន់សង្រ្គាមលោកលើក ទី២ នៅបាស៊ីហ្វិក ដែលជប៉ុនមានបច្ចេកវិទ្យាទំនើបជាង អាមេរិកធ្វើជា ឧទាហរណ៍នៃមូលហេតុដែលថាការសន្និដ្ឋានរបស់មន្ទីរបញ្ចកោណមិនពិតទាំងស្រុងនោះទេ។ លោក ថែហ្រ្គីឌី សរសេរថា៖ «អធិរាជជប៉ុនបានប្រឡូកចូលសង្រ្គាមដោយប្រើបច្ចេកវិទ្យាទំនើបៗមួយចំនួនដូចជា យន្តហោះចម្បាំង Zero គ្រាប់បាញ់នាវា Type 93 (Long-Lance) និងគ្រាប់បាញ់នាវាពីលើអាកាសផ្សេងៗ ដែល អាចវាយប្រហារតាមទឹករាក់ ជាដើម។ យ៉ាងណាមិញ ការរួមគ្នា នៃឧស្សាហកម្ម និងទំហំកងនាវាអាមេរិក (ជាពិសេស នាវាដឹកជញ្ជូន) ដែលយកឈ្នះកងទ័ពជើងទឹកអធិរាជជប៉ុន»។
ស្រដៀងនឹងការយល់ឃើញនេះដែរសាស្ត្រាចារ្យផ្នែកសង្គ្រាម និងយុទ្ធសាស្ត្រនៅមហាវិទ្យាល័យ King’s College ក្នុងទីក្រុង ឡុងដ៍ លោក Alessio Patalano បានសរសើរការស្រាវជ្រាវ របស់លោក ថែងហ្រ្គីឌី ហើយនិយាយថា៖ «កងនាវាធំមាន ទំនោរប្រកួតប្រជែងកាន់តែខ្លាំង ក្នុងការអភិវឌ្ឍបុគ្គលិក និង សមត្ថភាពប្រតិបត្តិការ»។ នេះបើតាមការស្រង់សម្ដី របស់ សារព័ត៌មាន CNN ដដែល។
លោកបានបន្ថែមចំណុចសំខាន់មួយទៀតថា មូលដ្ឋាន ឧស្សាហកម្ម ការពារជាតិធំគឺជាការចាំបាច់ខ្លាំង ជាពិសេស ការអាច សាងសង់អង្គភាពថ្មី បន្ទាប់ពីមានការខូចខាត ឬបាត់បង់នៅ សមរភូមិ ហើយថា៖ «ក្នុងសង្រ្គាមកងទ័ពជើងទឹក ការបំផ្លាញ គឺជារឿងពិត ដូច្នេះសមត្ថភាពជំនួសមានសារៈសំខាន់»។
គួរកត់សម្គាល់ថា ការកសាងកប៉ាល់គឺជាភាពខ្លាំងរបស់ សហរដ្ឋ អាមេរិក នៅពេលដែលប្រទេសនេះវាជាឧស្សាហកម្មយក្ស របស់ ពិភពលោកក្នុងទសវត្សរ៍ឆ្នាំ ១៩៤០។ ប៉ុន្តែតំណែងនេះ បច្ចុប្បន្ន បានធ្លាក់ទៅលើប្រទេសចិន។ លោក ថែងហ្រ្គីឌី បានលើកឡើង នូវ បញ្ហា នៃចំណុចនេះថា៖ «អ្នកវិភាគភាគច្រើនមានមន្ទិល ឧស្សាហ កម្មការពារជាតិរបស់សហរដ្ឋអាមេរិក ដែលបានថយចុះ តាំងពីសង្រ្គាមត្រជាក់ចប់ អាចរីកលូតលាស់យ៉ាងឆាប់រហ័ស គ្រប់គ្រាន់ដើម្បីបំពេញតម្រូវការក្នុងសម័យសង្រ្គាម»។
ឧទាហរណ៍ជាក់ស្ដែងមួយ មានការព្រួយបារម្ភថា ឧស្សាហកម្ម យោធាអាមេរិកមិនអាចបំពេញតាមតម្រូវការនៃការផ្តល់ជំនួយអាវុធដល់អ៊ុយក្រែនដើម្បីប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី នៅពេលអាមេរិកប្រឹងរក្សាស្តុកអាវុធរបស់ខ្លួនឱ្យស្ថិតនៅក្នុងកម្រិតគ្រប់គ្រាន់។
កាលពីសប្ដាហ៍មុន មេបញ្ជាការនៃបញ្ជាការកងនាវាចរអាមេរិក លោក Daryl Caudle បានអំពាវនាវឱ្យឧស្សាហកម្មការពារ ជាតិ បង្កើនការផលិតរបស់ខ្លួន ដោយនិយាយក្នុងសន្និសីទមួយ នៅក្រុង វ៉ាស៊ីនតោនថា៖ «អ្នកមិនផ្តល់អាវុធតាមតម្រូវការ របស់យើង នោះ ទេ។ វាចាំបាច់ណាស់ក្នុងការយកឈ្នះ ប៉ុន្តែខ្ញុំមិនអាចសម្រេច បានដោយគ្មានអាវុធនោះទេ។សហរដ្ឋអាមេរិកកំពុងតែ ប្រឆាំង នឹងគូប្រជែង ដែលជាសត្រូវដ៏ខ្លាំង»។
កាលពីសប្តាហ៍មុនដូចគ្នា អគ្គប្រតិបត្តិការកងទ័ពជើងទឹកអាមេរិក លោក Mike Gilday ដែលជាមេរបស់លោក Caudle បានកត់ សម្គាល់ពីបញ្ហានៃទំហំយោធា ដែលសហរដ្ឋអាមេរិកត្រូវប្រឈម មុខនៅករណីជម្លោះនៅប៉ាស៊ីហ្វិក។ លោកនិយាយថា៖ «កងទ័ព ជើងទឹកសហរដ្ឋអាមេរិក នឹងមិនអាចប្រៀបនឹង PLAN របស់ចិន ដោយប្រើមីស៊ីលទល់នឹងមីស៊ីលនោះទេ»។
ត្រង់ការលើកឡើងបែបនេះ លោក ថែងហ្រ្គីឌី បានដាក់ជា សំណួរ ថា ប្រសិនបើកងទ័ពជើងទឹកអាមេរិកមិនអាចប្រៀបនឹងចិន ដោយ មីស៊ីលទល់នឹងមីស៊ីល នាវាទល់នឹងនាវា ថាតើអាមេរិក នឹងខ្លាំង ជាងមុននៅឯណា។ លោកសរសេរថា មេដឹកនាំអាមេរិក ត្រូវសួរ ខ្លួនឯងលើឆន្ទៈក្នុងការផ្ដោតលើឧត្តមភាពផ្នែកបច្ចេកវិទ្យាក្នុងការប្រយុទ្ធជាជាងចំនួនធនធានយោធា។ សាស្រ្តាចារ្យដដែលបន្តថា «ខ្ញុំមិននិយាយថា ការមានកងនាវាតូចប៉ុន្តែខ្លាំងបច្ចេកវិទ្យា នឹង មិនអាចឈ្នះកងនាវាធំប៉ុន្តែខ្សោយផ្នែកបច្ចេកវិទ្យានោះទេ» ប៉ុន្តែ ក្នុងរយៈពេល ១ ២០០ ឆ្នាំមកនេះ មានតែសង្រ្គាមបីប៉ុណ្ណោះ ដែល លក្ខខណ្ឌបែបនេះអាចទៅរួច៕ ដោយ៖ ហួន ឌីណា