កម្ពុជា-ឥណ្ឌូនេស៊ី វាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង ទ្វេភាគី
ភ្នំពេញ៖លោក Sudirman Haseng ឯកអគ្គរដ្ឋទូតវិសាមញ្ញ និង ពេញសមត្ថភាពនៃសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំកម្ពុជា ដែលនឹង ចប់អាណត្តិការទូត បានធ្វើការវាយតម្លៃជារួម នូវ វឌ្ឍនភាពកម្ពុជាថា ជាប្រទេសដែលមានសុខសន្តិភាព ដែលនេះគឺ ជាកត្តាមូលដ្ឋានគ្រឹះ ដ៏សំខាន់ ក្នុងការអភិវឌ្ឍប្រទេសដើម្បីសម្រេច បាននូវគោលដៅ ដែលរដ្ឋាភិបាលបានដាក់ចេញ។
លោក Sudirman Haseng លើកឡើងបែបនេះ ក្នុងឱកាស ដែល លោកត្រូវបានអនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម និង ជម្រាបលាជាមួយ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃនៅថ្ងៃទី១៩ ខែមករា ឆ្នាំ ២០២៣នេះ។
ប្រភពក្រសួងមហាផ្ទៃបញ្ជាក់ថា ក្នុងជំនួបនោះឯកអគ្គរដ្ឋទូតនៃ សាធារណរដ្ឋឥណ្ឌូនេស៊ីបានវាយតម្លៃខ្ពស់លើកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងឥណ្ឌូនេស៊ី ហើយក៏ថ្លែងអំណរគុណចំពោះការ គាំទ្រ ដល់កិច្ចការងាររបស់សម្ដេចក្រឡាហោម ស ខេង ក្នុង អាណត្តិ ដែល លោកបំពេញការងារនៅកម្ពុជា។លោកក៏ថ្លែងអំណរគុណចំពោះអាជ្ញាធរ កងកម្លាំងនរគបាលជាតិ មន្ត្រីអន្តោរប្រវេសន៍ ដែលបានជួយគាំទ្រដល់ពលរដ្ឋឥណ្ឌូនេស៊ី ដែលជួបប្រទះបញ្ហាផ្សេងៗ នៅក្នុងព្រះរាជាណាចក្រកម្ពុជា នាពេលកន្លងមក។
លោកថ្លែងទៀតថា ៖ «កម្ពុជា ជាប្រទេសដែលមានសុខសន្តិភាព ដែលនេះគឺជាកត្តាមូលដ្ឋានគ្រឹះដ៏សំខាន់ ក្នុងការអភិវឌ្ឍប្រទេស ដើម្បី សម្រេចបាននូវគោលដៅដែលរដ្ឋាភិបាលបានដាក់ចេញ ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងប្រទេសមានចំណូលកម្រិតខ្ពស់ នៅឆ្នាំ២០៥០»។
លោក Sudirman Haseng ក៏បានលើកឡើងដែរថា នៅក្នុង ពេលបំពេញការងារនៅប្រទេសកម្ពុជា លោកទទួលបាន អនុស្សាវរីយ៍ ល្អៗ ជាច្រើន ហើយក៏ទទួលបាននូវកិច្ចសហប្រតិបត្តិ ការ ល្អ ជាច្រើនពីក្រសួង ស្ថាប័នពាក់ព័ន្ធ ដែលនេះគឺជាអ្វីដែល លោកចងចាំ ហើយលោក សង្ឃឹមថា នឹងបានវិលត្រឡប់មកកាន់ កម្ពុជា វិញ នៅក្នុងឱកាសណាមួយ នៅពេលអនាគតខាងមុខ។
នាឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង ក៏បានសម្តែងនូវ សេចក្ដីរីករាយ និងគាំទ្រចំពោះលទ្ធផលផ្លៃផ្កាជាច្រើន នៅក្នុង អាណតិ្តការងាររបស់លោកឯកអគ្គរដ្ឋទូត ដែលបានបំពេញរយៈ ពេលកន្លងទៅ រហូតមកដល់ពេលនេះ។សម្ដេចយល់ឃើញថា តាមរយៈលទ្ធផលទាំងនោះ ពិតជាបានចូលរួមចំណែកដល់ការ ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាង កម្ពុជា-ឥណ្ឌូនេស៊ី ក៏ដូចជា ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការរួមនៅក្នុង តំបន់ អាស៊ាន ទាំងមូលផងដែរ។
សម្ដេចក្រឡាហោម ស ខេង ក៏បានរំលឹកដែរថា តាមរយៈជំនួប ពិភាក្សាការងារកន្លងមករវាងសម្ដេចជាមួយលោកជំទាវ រដ្ឋមន្ដ្រី ក្រសួងការបរទេសឥណ្ឌូនេស៊ី ភាគីទាំងពីរក៏បានឯកភាពជំរុញ ដល់ការពិភាក្សាទៅលើសេចក្ដីព្រាងអនុស្សរណៈ( MoU) ដែលបង្កើតជាក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការចំពោះសន្ដិសុខ ជាពិសេស គឺការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន។
សម្ដេចបានសង្កត់ធ្ងន់ថា ៖ «យើងសង្ឃឹម និងជឿជាក់ថា នាពេល ឆាប់ៗខាងមុខ ក្រុមការងារបច្ចេកទេសនៃភាគីទាំងពីរ នឹងជជែង ពិភាក្សាទៅលើកិច្ចការងារនេះ បន្ទាប់ពីសម្រេចនូវការងារទាំង ស្រុង នាពេលខាងមុខ ហើយអនុស្សរណៈនេះនឹងបម្រើដល់ ផលប្រយោជន៍រួមយ៉ាងច្រើនទៅដល់ប្រទេសទាំងពីរ ជាពិសេស គឺការពារនូវផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ គឺកម្ពុជា និងឥណ្ឌូនេស៊ី»៕
ដោយ៖ឡាយ សាមាន