រដ្ឋមន្ត្រីការបរទេសកម្ពុជានឹងដឹកនាំគណៈប្រតិភូអញ្ជើញទៅបំពេញទស្សនកិច្ចការងារផ្លូវការ នៅប្រទេសជប៉ុន ពីថ្ងៃទី២១-២៤ ខែមករា

ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ឯកឧត្ដម ហាយ៉ាហ្ស៊ី យ៉ូហ្ស៊ីម៉ាសា (HAYASHI Yoshimasa) រដ្ឋមន្ត្រីការបរទេសជប៉ុន ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូអញ្ជើញទៅបំពេញទស្សនកិច្ចការងារផ្លូវការ នៅប្រទេសជប៉ុន ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣។

ក្រសួងការបររទេសបានបន្តថា ឯកឧត្តម ប្រាក់ សុខុន នឹងមានជំនួបជាមួយឯកឧត្តម ហាយ៉ាហ្ស៊ី យ៉ូហ្ស៊ីម៉ាសា ដែលក្នុងឱកាសនោះ កិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី ព្រមទាំងបញ្ហាតំបន់ និងអន្តរជាតិ ដែលជាកង្វល់រួមនាពេលបច្ចុប្បន្ន នឹងត្រូវលើកយកមកពិភាក្សា។

ក្នុងឱកាសស្នាក់នៅប្រទេសជប៉ុន ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី នឹងអញ្ជើញមានជំនួបដាច់ដោយឡែកពីគ្នា ជាមួយសម្ព័ន្ធសភាមិត្តភាពជប៉ុន-កម្ពុជា និងសមាគមជប៉ុន-កម្ពុជា។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏នឹងអញ្ជើញចូលរួមជាអធិបតីក្នុងពិធីជប់លៀងរំលឹកខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន ដែលរៀបចំឡើងនៅស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅទីក្រុងតូក្យូ ផងដែរ។

ក្រសួងការបរទេសបានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តម ប្រាក់ សុខុន ទៅកាន់ប្រទេសជប៉ុននាពេលខាងមុខនេះ នឹងបន្តការប្តេជ្ញាចិត្តយ៉ាងមោះមុតរបស់រដ្ឋាភិបាលទាំងពីរ ក្នុងការពង្រឹងនូវទំនាក់ទំនងល្អប្រពៃ ដែលមានស្រាប់ និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលទើបត្រូវបានដំឡើងនាពេលថ្មីៗនេះ សម្រាប់ផលប្រយោជន៍ទៅវិញទៅមក នៃប្រទេសទាំងពីរ៕
ដោយ៖ពលជ័យ

ads banner