ប្រមុខការពារជាតិអាមេរិក និងអាល្លឺម៉ង់ ពិភាក្សាលើការផ្តល់ជំនួយ សម្រាប់អ៊ុយក្រែន

ប៊ែរឡាំង៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ល្លយដ៍ អូស្ទីន បានជួបជាមួយសមភាគីអាល្លឺម៉ង់ថ្មី លោក បូរីស ភីស្តូរៀស៍ នៅទីក្រុងប៊ែរឡាំង ខណៈជជែកគ្នានេះធ្វើឡើងនៅពេលដែលអ៊ុយក្រែនដាក់សម្ពាធដល់អាល្លឺម៉ង់ ឱ្យផ្គត់ផ្គង់ទីក្រុងកៀវជាមួយនឹងរថក្រោះប្រយុទ្ធរបស់ខ្លួន។

លោក អូស្ទីន បានបញ្ជាក់យ៉ាងដូច្នេះថា យើងនឹងបន្តគាំទ្រប្រជាជនអ៊ុយក្រែន នៅពេលដែលពួកគេទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ី និងការពារទឹកដីអធិបតេយ្យភាពរបស់ពួកគេ។

ខ្ញុំសូមអរគុណរដ្ឋាភិបាលអាល្លឺម៉ង់សម្រាប់អ្វីៗទាំងអស់ដែលខ្លួនបានធ្វើ ដើម្បីពង្រឹងស្វ័យការពារអ៊ុយក្រែន និងការរួមចំណែកផ្តល់ជំនួយសន្តិសុខរបស់អ្នក និងការហ្វឹកហាត់ដល់កងកម្លាំងការពារអ៊ុយក្រែន គឺមានតម្លៃមិនអាចកាត់ថ្លៃបានឡើយ។

ចំណែកលោក ភីស្តូរៀស៍ វិញ បាននិយាយថា សង្រ្គាមដ៏អាក្រក់របស់លោក ពូទីន នៅអ៊ុយក្រែន បានផ្តល់ឱកាសឱ្យអង្គការណាតូបង្ហាញពីខ្លួនជាអ្វី គឺជាសម្ព័ន្ធមិត្តដែលមានការគាំទ្រ និងមានស្ថេរភាព ដែលបានបង្ហាញឱ្យឃើញពីខ្លួនឯងថា មានប្រតិកម្ម និងអាចធ្វើសកម្មភាព ហើយនឹងបន្តធ្វើដូច្នេះ។

គួរបញ្ជាក់ថា អង់គ្លេសបានសម្រេចចិត្តក្នុងខែនេះ ដើម្បីផ្តល់ឱ្យអ៊ុយក្រែននូវរថក្រោះប្រយុទ្ធរបស់ខ្លួន គឺ Challenger 2។ ទន្ទឹមគ្នា អ៊ុយក្រែនក៏កំពុងអង្វររករថក្រោះ Leopard 2 របស់អាល្លឺម៉ង់ផងដែរ។ ប៉ុន្តែរដ្ឋាភិបាលអាល្លឺម៉ង់បានប្រុងប្រយ័ត្ន ក្នុងការផ្គត់ផ្គង់រថក្រោះប្រភេទនេះ ដោយព្រួយបារម្ភថា វាអាចបង្កើនការប្រយុទ្ធគ្នា៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner