កិច្ចប្រជុំស្តីការបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅសកម្មភាពឆ្នាំ២០២៣របស់មន្ទីរបរិស្ថានខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣នេះ នៅមន្ទីរបរិស្ថានខេត្តបន្ទាយមានជ័យ មានបើកកិច្ចប្រជុំស្តីពីការបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅសកម្មភាពឆ្នាំ២០២៣ របស់ខ្លួន ។

លោក យឹម លី ប្រធានមន្ទីរបរិស្ថានខេត្តបន្ទាយមានជ័យ មានប្រសាសន៍ថា កិច្ចប្រជុំនេះផ្តោតលើចំណុចសំខាន់ៗមានដូចជារបាយការណ៍បូកសរុបលទ្ធផលការងារដែលបានអនុវត្តក្នុងឆ្នាំ២០២២កន្លងមក ពិភាក្សាលើបញ្ហាប្រឈមនានា និង ពិភាក្សាលើកទិសដៅអនុវត្តការងារសម្រាប់ឆ្នាំ២០២៣បន្ត។

លោក ប្រធានមន្ទីរ បានវាយតម្លៃខ្ពស់ ដល់ បុគ្គលិកបរិស្ថានទាំងអស់ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តការងារ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់រយៈពេល ១ឆ្នាំពេញ និង ធ្វើការបូកសរុប លើការគ្រប់គ្រងសំណល់រឹងរាវ ទីប្រជុំជន ការរៀបចំសកម្មភាពគ្រប់គ្រងគុណភាពទឹក ឲ្យដំណើរការបានរលូន ការពង្រឹងកិច្ចសហការក្នុងការការពារតំបន់ការពារធម្មជាតិ និងការពង្រឹងសាមគ្គីភាពផ្ទៃក្នុងមន្ទីរបរិស្ថានផងដែរ។

ឯកឧត្តម សូ ខន ឬទ្ធីគុណ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកឡើងអំពី កិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការពារអភិរក្សជីវៈចម្រុះ និងការរស់នៅដោយចីរភាព។ ឯកឧត្តម ក៏បានលើកឡើងអំពី ការពិនិត្យនិងបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ ។ ការបង្កើនល្បឿនបច្ចេកវិទ្យានិងការប្រើប្រាស់ធនធានរ៉ែសំខាន់ៗ ដើម្បីបម្រើដល់ផលិតកម្មអន្តរកាលថាមពល និងចូលរួមប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុសកល ។ ការរៀបចំទំនើបកម្មនៃគោលនយោបាយ និងបទប្បញ្ញត្តិរបស់រដ្ឋាភិបាល ។ ការកសាងភាពធន់សម្រាប់ខ្សែសង្វាក់ផលិតកម្មតំបន់ និងការគ្រប់គ្រងឧស្សាហកម្មរ៉ែខ្នាតតូចនិងមធ្យម ការពង្រឹងប្រព័ន្ធកៀរគរចំណូលនិងលើកកម្ពស់ក្នុងវិស័យរ៉ែ និងការពង្រឹងការគ្រប់គ្រង និងស្តារបរិស្ថានឡើងវិញក្រោយបញ្ចប់ការដ្ឋានអាជីវកម្មរ៉ែ ។ ការរៀបចំផែនការនិងទិសដៅបន្តសម្រាប់កិច្ចសហប្រតិបត្តិការទាំងថ្នាក់តំបន់និងទ្វេភាគី។

ឯកឧត្តម សូ ខន ឬទ្ធីគុណ បានអញ្ជើញប្រគល់ប័ណ្ណសរសើរជូនដល់មន្ត្រីមន្ទីរបរិស្ថាន ដែលមានស្នាដៃក្នុងការបំពេញតួនាទីភារកិច្ចនាពេលកន្លងមក និងសម្ភារមួយចំនួនជូនដល់មន្ត្រីឧទ្យានុរក្សផងដែរ ៕ គៀន ច័ន្ទហ៊ីន

ads banner