កម្ពុជាបានត្រៀមខ្លួនយ៉ាងល្អលើការងារសន្តិសុខ និងសណ្តាប់ធ្នាប់សម្រាប់ទទួលប្រតិភូជាង ១ម៉ឺននាក់មកចូលរួមស៊ីហ្គេមឆ្នាំ២០២៣
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈលេខាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានអះអាងថា កម្ពុជាបានត្រៀមខ្លួនយ៉ាងល្អលើការងារសន្តិសុខ និងសណ្តាប់ធ្នាប់សម្រាប់ទទួលប្រតិភូជាង១ម៉ឺននាក់មកចូលរួមស៊ីហ្គេមនៅកម្ពុជា។

ថ្លែងក្រោយបញ្ចប់ពិធីត្រួតពិនិត្យ និងសំណេះសំណាលដល់កងកម្លាំងការពារសន្តិសុខ និង សណ្តាប់ធ្នាប់ សម្រាប់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ នាថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានមរតកតេជោ ក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ CAMSOC ។

គួរបញ្ជាក់ថា ពិធីសំណេះសំណាលនេះ គណៈកម្មាធិការជាតិ CAMSOC ចង់បង្ហាញ និងផ្សព្វផ្សាយឱ្យមតិសាធារណជនជាតិ និងអន្តរជាតិបាន ជ្រាបថា កម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតកីឡា ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម តាមរយៈការត្រៀមកងកម្លាំង មធ្យោបាយ ឧបករណ៍សម្ភារគ្រប់ប្រភេទ សម្រាប់ធានានូវ សុខសុវត្ថិភាព និងភាពកក់ក្ដៅជូនដល់ប្រតិភូកីឡា ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលទាំង១១ប្រទេស មន្ដ្រីកីឡាអន្តរជាតិមកពីជុំវិញពិភពលោក ថ្នាក់ដឹកនាំចលនាអូឡាំពិកពិភពលោក និងអ្នកគាំទ្រទេសចរណ៍ រាប់ម៉ឺននាក់ មកចូលរួមនៅកម្ពុជាដែលកំពុងរស់នៅក្រោមម្លប់ដ៏ត្រជាក់នៃសន្តិភាព និងការអភិវឌ្ឍ ប្រទេសជាតិលើគ្រប់វិស័យឥតឈប់ឈរ ៕





រូបភាព និងអត្ថបទ៖ ជាវ ចន្ធូ