កម្ពុជា-ថៃ ឯកភាពគ្នាជំរុញកិច្ចសហប្រតិតបត្តិការព្រំដែន និងការបើកច្រកព្រំដែនប្រទេសទាំងពីរ ឱ្យបានកាន់តែច្រើន

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងឯកអគ្គរាជទូតថៃ បានឯកភាពគ្នាថា ជំរុញកិច្ចសហប្រតិតបត្តិការព្រំដែនប្រទេសទាំងពីរ និងការបើកច្រកព្រំដែនប្រទេសទាំងពីរឱ្យបានច្រើន ហើយក៏នឹងជំរុញឱ្យគណៈកម្មការព្រំដែនរួម រៀបចំពិនិត្យបង្គោលព្រំដែន និងបោះបង្គោលព្រំដែនរវាង ប្រទេសទាំងពីរឡើងវិញ ។

ការឯកភាពគ្នានេះ បានធ្វើឡើងក្នុងឱកាសអនុញ្ញាតឱ្យឯកឧត្តម បណ្ឌិត ឆឺតគៀត អាត់ថាកន ឯកអគ្គរដ្ឋរាជទូតថ្មី នៃព្រះរាជាណាចក្រថៃប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួប សំដែង ការគួរសមចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ ។

ឯកឧត្តម ស្រ៊ី ថាមរ៉ុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានឲ្យដឹងនៅក្រោយជំនួបនេះថា ប្រមុខរាជរដ្ឋាភិបាល កម្ពុជា សម្តេចតេជោ ហ៊ុន សែន និងឯកអគ្គរាជទូតថៃថ្មី បានឯកភាពគ្នា ក្នុងការជំរុញឲ្យ គណៈកម្មការព្រំដែនរួម ដើម្បីរៀបចំ ពិនិត្យ បង្គោលព្រំដែន និងបោះបង្គោលព្រំដែនឡើងវិញ ព្រមទាំងការដោះមីនចេញ ពី ព្រំដែន ដើម្បី សុវត្ថិភាព របស់ ប្រជាជន ទាំងសងខាង ក្នុងការចេញចូលរកស៊ី និងត្រួតពិនិត្យព្រំដែន នៅ កន្លែងចាំបាច់ ដើម្បីជំរុញការឆ្លងកាត់របស់ ប្រជាពលរដ្ឋ និងការឆ្លងកាត់ទំនិញ ជាពិសេស ដោយ ចាត់ទុក ការបើកច្រកព្រំដែនស្ទឹងបត់ គឺត្រូវធ្វើឱ្យ លឿន ហើយច្រកផ្សេងៗទៀត ក៏ត្រូវជំរុញបើក ដោយ ពុំរង់ចាំ កាល កំណត់នោះទេ ។

ជាមួយគ្នានោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានឯកភាព និងបានឱ្យក្រសួងយុត្ដិធម៌ ពិនិត្យពិចារណាលើការបញ្ជូនអ្នកទោសដោយស្ម័គ្រចិត្តត្រលប់ទៅប្រទេសរបស់គេវិញដោយមិនចាំបាច់ធ្វើបត្យាប័ននោះទេ គឺថាផ្លាស់ប្ដូរអ្នកទោសទៅវិញទៅមក ដោយយោងទៅលើការស្ម័គ្រចិត្ត ។

សម្ដេចតេជោ នាយករដ្ឋមន្ត្រី ក៏ បាន ថ្លែង អំណរគុណ ចំពោះភាគីថៃ ដែលបានជំរុញការវិនិយោគ ការ បណ្តុះបណ្តាលធនធានមនុស្ស និងអស់ គុណ ដល់ព្រះអង្គម្ចាស់សុរិនថន ដែលបានផ្ដល់ អាហារូបករណ៍ និង ការ ហ្វឹកហ្វឺន ដល់ មជ្ឈមណ្ឌល កំពង់ឈើទាល នៅខេត្តកំពង់ធំ និងខេត្តកំពង់ស្ពឺ ផងដែរ ៕

ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner