មជ្ឈមណ្ឌលវេជ្ជសាស្ត្រ អិនធើឃែរ បើកសម្ពោធជាផ្លូវការ ដើម្បីផ្តល់សេវាថែទាំសុខភាពដ៏ល្អឥតខ្ចោះនៅកម្ពុជា

ភ្នំពេញ ៖ ជាផ្នែកមួយនៃបេសកកម្មរបស់អិនធើឃែរ ដើម្បីបំរើថែទាំសេវាសុខភាពឈានមុខគេ និងដើម្បីពង្រីកវត្តមានរបស់ខ្លួននៅក្នុងសហគមន៍នោះ មជ្ឈមណ្ឌលវេជ្ជសាស្ត្រ អិនធើឃែរ បានប្រារព្ធពិធីបើកសម្ពោធជាផ្លូវការ នារសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ ២០២៣មានទីតាំងនៅជាប់ផ្សារទំនើបអូឡាំព្យារ រាជធានីភ្នំពេញ។

ថ្លែងក្នុងពិធីនេះ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានមានប្រសាសន៍ថា បច្ចុប្បន្ន ក្រសួងសុខាភិបាលកំពុងតែខិតខំប្រឹងប្រែងធ្វើយ៉ាងណាឲ្យមានជម្រើសច្រើន ពាក់ព័ន្ធនឹងវិស័យសុខាភិបាល ដើម្បីឲ្យប្រជាពលរដ្ឋងាយស្រួល សម្រេចចិត្ដមកប្រើប្រាស់សេវានោះ។

អ្វីដែលជាការគិតគូររបស់ក្រសួងសុខាភិបាល គឺសុំឲ្យមន្ទីរពេទ្យ-គ្លីនិកត្រូវមានតារាងតម្លៃ ដើម្បីជៀសវាងនូវការកើតឡើងបញ្ហាណាមួយ ពេលអ្នកជំងឺបានប្រើប្រាស់សេវារបស់មន្ទីរពេទ្យ-គ្លីនិកនោះរួចហើយ។ ជាមួយគ្នានេះ លោកជំទាវបានផ្ដាំផ្ញើដល់ក្រុមគ្រូពេទ្យទាំងអស់ ទោះបីជាទទួលបានការបណ្ដុះបណ្ដាលនៅក្នុងប្រទេស ឬនៅក្រៅប្រទេសយ៉ាងណាក្ដី ត្រូវតែប្រកាន់ភ្ជាប់នូវក្រមសីលធម៌ វិជ្ជាជីវៈសុខាភិបាល ហើយគិតអាយុជីវិតមនុស្សជាធំ។

ហើយលោកជំទាវសង្ឃឹមថា នឹងឃើញមជ្ឈមណ្ឌលអិនធើឃែរ នឹងដឹកនាំការថែទាំសុខភាពតាមគុណភាពអន្តរជាតិ និងទេសចរណ៍វេជ្ជសាស្រ្ដនៅប្រទេសកម្ពុជា។ លោកវេជ្ជបណ្ឌិត Elias Engelking គ្រូពេទ្យវះកាត់ទូទៅនៃមជ្ឈមណ្ឌលវេជ្ជសាស្ត្រ អិនធើឃែរ មានប្រសាសន៍ថា អិនធើឃែរ បានសហការជាមួយភាគីពាក់ព័ន្ធជាតិ និងអន្តរជាតិឆ្នើមផ្សេងទៀត។វិធីសាស្រ្តនៃការព្យាបាលរួមបញ្ចូលគ្នាទាំងនេះរួមមានផ្នែកនៃការវះកាត់ទូទៅ ការវះកាត់ឆ្អឹង សុខភាពស្ត្រី ការវះកាត់កុមារ និងច្រើនទៀត។

ចំណែកលោកស្រីវេជ្ជបណ្ឌិត Caroline Zabiegaj-Zwick គ្រូពេទ្យវះកាត់កុមារនៃមជ្ឈមណ្ឌលវេជ្ជសាស្ត្រ អិនធើឃែរ បានបញ្ជាក់ថា នៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រ អិនធើឃែរ យើងមានសំណាងដែលមានក្រុមពិសេសនៃបុគ្គលដែលមានសមត្ថភាពខ្ពស់ទាំងនៅកម្ពុជា និងក្រៅប្រទេស។ យើងរួមគ្នាធ្វើការដើម្បីផ្តល់ការយកចិត្តទុកដាក់តាមគោលការណ៍ណែនាំជាតិ ក៏ដូចជាការប្រកាន់ខ្ជាប់នូវស្តង់ដារគុណភាពអន្តរជាតិ។

សូមបញ្ជាក់ថា អិនធើឃែរ គឺជាមជ្ឈមណ្ឌលរួមបញ្ចូលគ្នា្នផ្នែកវេជ្ជសាស្រ្តដ៏ទំនើប ជាមួយនឹងបទពិសោធន៍យ៉ាងទូលំទូលាយ ក្នុងការថែទាំសុខភាពនៅកម្ពុជា។ បេសកកម្មរបស់អិនធើឃែរ គឺក្លាយជាកន្លែងព្យាបាលឈានមុខគេ ដែលធានានូវស្តង់ដារនៃការថែទាំសុខភាពដ៏ល្អឥតខ្ចោះសម្រាប់អ្នកជំងឺ និងសហគមន៍។ អិនធើឃែរបានបង្ហាញពីការរីកចម្រើនយ៉ាងខ្លាំងក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ក្នុងការពង្រីកសេវាវេជ្ជសាស្រ្តរបស់ខ្លួន។ ជាក់ស្តែងនៅថ្ងៃទី១៩ ខែមករា ឆ្នាំ ២០២៣ មន្ទីរពេទ្យបានបើកសេវាថែទាំថ្មីរួមមាន សម្ភព, ជំងឺមហារីក ICU, ជំងឺបេះដូង និងសេវាវះកាត់ ជាមួយនឹង ៥៥គ្រែសម្រាប់អ្នកជំងឺ៕ ដោយ៖ ទីណា

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner