ទូតឥណ្ឌូនេស៊ីចប់អាណត្តិ ចាត់ទុកការដាក់ឈ្មោះផ្លូវពីរខ្សែរបស់កម្ពុជា តាមឈ្មោះអតីតថ្នាក់ដឹកនាំឥណ្ឌូនេស៊ី ជាភស្តុតាងគ្រប់គ្រាន់សម្រាប់អ្នកជំនាន់ក្រោយ រៀនសូត្រពីទំនាក់ទំនងដ៏ស្អិតរមួតរវាងកម្ពុជា និងឥណ្ឌូនេស៊ី

ភ្នំពេញ៖ ទូតឥណ្ឌូនេស៊ីចប់អាណត្តិ ចាត់ទុកការដាក់ឈ្មោះផ្លូវពីរខ្សែរបស់កម្ពុជា តាមឈ្មោះអតីតថ្នាក់ដឹកនាំឥណ្ឌូនេស៊ី ជាភស្តុតាងគ្រប់គ្រាន់សម្រាប់អ្នកជំនាន់ក្រោយ រៀនសូត្រពីទំនាក់ទំនងដ៏ស្អិតរមួតរវាងកម្ពុជា និងឥណ្ឌូនេស៊ី ។ ឯកឧត្តម ស៊ូឌីម៉ាន់ ហាសេង (Sudirman Haseng) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលចប់អាណត្តិ បានបញ្ជាក់ដូច្នេះ ក្នុងឱកាសចូលជួបសម្ដែងការគួរសម និងជម្រាបលាចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ ។

ឯកឧត្តម អ៊ាង សុផល្លែត ជំនួយផ្ទាល់សម្ដេចតេជោបានឱ្យដឹងថា នៅក្នុងជំនួបនេះ ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី បានអរគុណចំពោះការចូលរួមឧបត្ថម្ភនានា ដែលរាជរដ្ឋាភិបាលកម្ពុជា បានជួយប្រជាជនឥណ្ឌូនេស៊ី ដែលកំពុងរស់នៅ និងបំពេញការងារនៅប្រទេសកម្ពុជា បានទទួលចាក់វ៉ាក់សាំងកូវីដ១៩ និងសម្រួលការរស់នៅប្រកបដោយក្ដីសុខ។ ឯកឧត្តម បានជម្រាបសម្តេចថា រយៈពេលបួនឆ្នាំ ដែលបានបំពេញបេសកកម្មការទូតនៅកម្ពុជា ឯកឧត្តម បានមើលឃើញអំពីការរីកចម្រើនជាលំដាប់របស់ប្រទេសកម្ពុជា ជាពិសេស លើសុខសន្ដិភាព ស្ថិរភាព និងការរីកចម្រើនយ៉ាងលឿន ។

ឯកឧត្តម ក៏បានអបអរសាទរចំពោះជោគជ័យដែលកម្ពុជា មានកំណើនសេដ្ឋកិច្ច ងើបពីវិបត្តិជំងឺកូវីដ១៩ ហើយក៏បានអបអរសាទររដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលមានការរីកចម្រើនទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរ ទោះបីជាមានបញ្ហាជំងឺកូវីដ១៩ យ៉ាងណាក៏ដោយ ។ ឯកឧត្តម សង្ឃឹមថា ក្រោយពីការបើកព្រំដែនឡើងវិញ ការហោះហើរត្រង់នឹងចាប់ផ្តើមនៅក្នុងពេលឆាប់ឆាប់ខាងមុខធ្វើឲ្យប្រជាជនមានទំនាក់ទំនងទៅវិញទៅមកសម្រួលដល់ការធ្វើដឹកជញ្ជូន ទេសចរណ៍ ពាណិជ្ជកម្ម រួមទាំងវិស័យផ្សេងផ្សេងទៀត ។

ឯកឧត្តម ក៏បានអបអរសាទរ និងកោតសរសើរ ព្រមទាំងអរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ជាពិសេស សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានសម្រេចដាក់ឈ្មោះផ្លូវពីរ ដោយយកឈ្មោះអតីតថ្នាក់ដឹកនាំឥណ្ឌូនេស៊ី ដែលបង្ហាញពីការយកចិត្តទុកដាក់ក្នុងទំនាក់ទំនងមិត្តភាពជិតស្និទ្ធរវាងប្រទេសទាំងពីរ ។ ឯកឧត្តម ថា នេះអាចជាភស្តុតាងគ្រប់គ្រាន់សម្រាប់អ្នកជំនាន់ក្រោយបានរៀនសូត្រអំពីទំនាក់ទំនងដ៏ស្អិតរមួតរវាងកម្ពុជា និងឥណ្ឌូនេស៊ី ដែលធ្វើឲ្យទំនាក់ទំនងទ្វេភាគីកាន់តែរឹងមាំ។

សម្ដេចតេជោ ហ៊ុន សែន បានអរគុណចំពោះការវាយតម្លៃខ្ពស់ប្រកបដោយវិជ្ជមានដល់ការរីកចម្រើនប្រទេសកម្ពុជា ។
សម្តេច ក៏បានអរគុណដល់ឯកឧត្តម ឯកអគ្គរដ្ឋទូត និងសហការី ដែលបានជួយសម្រួលដល់ការលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ ជាពិសេសឥណ្ឌូនេស៊ីបានជួយហ្វឹកហ្វឺនកងទ័ពកម្ពុជា។

ជាមួយគ្នានេះ សម្តេចតេជោ ក៏បានលើកឡើងដែរថា ឥណ្ឌូនេស៊ី បានចាប់ផ្ដើមកសាងទំនាក់ទំនងជាមួយនឹងអតីត ព្រះមហាក្សត្រ ព្រះបរមរតនកោដ្ឋ ហើយបន្តបន្ទាប់មក គឺទំនាក់ទំនងនេះ បានពូនជ្រុំ ជាពិសេស ឥណ្ឌូនេស៊ី ក៏បានចូលរួមចំណែកស្វែងរកសន្តិភាពជូនកម្ពុជា តាមរយៈកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលនាំឲ្យកម្ពុជា មានសន្តិភាពផងដែរ ៕ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner