សម្តេចតេជោ ហ៊ុន សែន អរគុណបណ្ដាប្រទេសជាមិត្ត ចំពោះជោគជ័យនៃកិច្ចប្រជុំកំពូលអាស៊ានកន្លងទៅ ពិសេស ឥណ្ឌូនេស៊ី គាំទ្រឱ្យទីម័រឡេស្តេ ចូលជាសមាជិកអាស៊ាន ដែលអាចនឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំនេះ

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអរគុណបណ្ដាប្រទេសជាមិត្ត ចំពោះជោគជ័យនៃកិច្ចប្រជុំកំពូលអាស៊ានកន្លងទៅ ពិសេស ឥណ្ឌូនេស៊ី គាំទ្រឱ្យទីម័រឡេស្តេ ចូលជាសមាជិកអាស៊ាន ដែលអាចនឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំនេះ ។ សម្តេចតេជោ ហ៊ុន សែន លើកឡើងដូចនេះ ក្នុងឱកាសអនុញ្ញាតឲ្យឯកឧត្តម ស៊ូឌីម៉ាន់ ហាសេង (Sudirman Haseng) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលចប់អាណត្តិការទូត ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ ។

ឯកឧត្តម អ៊ាង សុផល្លែត ជំនួយផ្ទាល់សម្ដេចតេជោបានឱ្យដឹងថា នៅក្នុងជំនួបនេះ ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី បានបង្ហាញការអបអរសាទរចំពោះសម្តេចតេជោ ហ៊ុន សែន និងរាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជា ដែលទទួលជោគជ័យយ៉ាងត្រចះត្រចង់ នៃកិច្ចប្រជុំកំពូលកំពូលអាស៊ានកន្លងទៅ និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងៗទៀត។

ឯកឧត្តម ស៊ូឌីម៉ាន់ បានបញ្ជាក់ថា ភាពជោគជ័យនេះ បានជំរុញដល់ការលើកទឹកចិត្តដល់ប្រទេសឥណ្ឌូនេស៊ី បន្តវេនជាប្រធានអាស៊ាននៅក្នុងឆ្នាំនេះ ។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានអបអរសាទរ និងជូនពរឱ្យកម្ពុជា រៀបចំការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ នាពេលខាងមុខនេះ ទទួលបានជោគជ័យបន្តទៀត ។

ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ជោគជ័យនៃការរៀបចំកិច្ចប្រជុំកំពូលអាស៊ានកន្លងទៅនេះ មិនអាចកាត់ផ្តាច់ពីការជួយគាំទ្រពីប្រទេសភាគីឥណ្ឌូនេស៊ី និងបណ្ដាប្រទេសជាមិត្ត ជាពិសេស ឥណ្ឌូនេស៊ី បានគាំទ្រឲ្យប្រទេសទីម័រឡេស្តេ ចូលជាសមាជិកអាស៊ាន ដែលអាចនឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំនេះ ។

សម្តេចតេជោ ក៏បានរំឭកផងដែរថា សម្ដេចផ្ទាល់បានគាំទ្រឲ្យទីម័រឡេស្តេ បានចូលជាសមាជិកអាស៊ាន តាំងពីឆ្នាំ២០១១មកម្ល៉េះ ដែលការខិតខំទាំងនេះ បានសម្រេចដោយជោគជ័យ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន នៅរាជធានីភ្នំពេញ កាលពីឆ្នាំ២០២២ កន្លងមកថ្មីៗនេះ ៕

ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner