អគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំរៀបចំកែសម្រួលសមាសភាពថ្នាក់ដឹកនាំ សមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ

ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំស្តីពី ការរៀបចំកែសម្រួលសមាសភាពថ្នាក់ដឹកនាំ សមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ ដែលរៀបចំដោយ អគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ខណៈចូលកាន់ភារកិច្ចថ្មី ក្នុងវិស័យបាល់ទាត់ ឯកឧត្តម នាយឧត្តមសេនីយ៍ ឈន សារ៉ាណេ អគ្គនាយករង នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ បានប្តេជ្ញាចិត្តអភិវឌ្ឍវិស័យកីឡារបស់កងកម្លាំងនគរបាលជាតិ ឱ្យទទួលបានជោគជ័យ និងរីកចម្រើនបន្ថែមទៀត ។

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើង ដើម្បីកែសម្រួល និងផ្លាស់ប្តូរសមាសភាពថ្នាក់ដឹកនាំ ដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ឈន សារ៉ាណេ អគ្គនាយករង នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុក្រសួងមហាផ្ទៃ ត្រូវបន្តដឹកនាំក្លិបបាល់ទាត់អគ្គស្នងការដ្ឋាននគរបាលជាតិ ជំនួសលោកឧត្តមសេនីយ៍ទោ ជួន ណារិន ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដែលបច្ចុប្បន្នមានភារកិច្ចមមាញឹក ពុំអាចបន្តដឹកនាំក្លិបបាន។

ឯកឧត្តម សរ សិទ្ធិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក៏បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនានា ដែលក្លិបអគ្គស្នងការនគរបាលជាតិ សម្រេចបានជាង ១១ឆ្នាំកន្លងមកនេះ ក្រោមការដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ជួន ណារិន។ សមិទ្ធផលទាំងអស់នេះហើយ គឺពិតជាបង្ហាញឱ្យឃើញពីការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំក្លិបកន្លងមក ក្រោមការចង្អុលបង្ហាញ ណែនាំ និងយកចិត្តទុកដាក់ ដ៏ខ្ពង់ខ្ពស់ ពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

ឯកឧត្តម អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក៏បានណែនាំផងដែរដល់គ្រូបង្វឹក កីឡាករបាល់ទាត់ក្លិបអគ្គស្នងការនគរបាលជាតិទាំងអស់ ត្រូវបន្តស្មារតីរួបរួមសាមគ្គីជាធ្លុងមួយ ជាពិសេស ត្រូវប្រកាន់ខ្ជាប់នូវវិន័យ សីលធម៌ វិជ្ជាជីវៈរបស់ខ្លួន និងត្រូវបន្តពង្រឹងសមត្ថភាពបច្ចេកទេស និងបង្កើនការហ្វឹកហាត់ឱ្យកាន់តែខ្លាំងក្លាថែមទៀត៕

ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner